ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង​ ស្នើ​ឲ្យ​មាន​កិច្ចចរចា​យោធា ​និង​ការជួបជុំ​គ្រួសារ​ជាមួយ​កូរ៉េខាងជើង​

​នៅ​ថ្ងៃ​ចន្ទ ប្រទេស​កូរ៉េខាងត្បូង​បានស្នើ​ឲ្យ​មាន​កិច្ចចរចា​យោធា​ជាមួយ​កូរ៉េខាងជើង ​នៅ​សប្តាហ៍​នេះ ​ដែលជា​កិច្ចចរចា​ថ្នាក់​រដ្ឋាភិបាល​លើកដំបូង​ចាប់តាំងពី​ចុងឆ្នាំ​២០១៥​មក ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ ដើម្បី​បញ្ឈប់​សកម្មភាព​អមិត្ត​នៅ​ជិត​ព្រំដែន​រួម​របស់ខ្លួន​ និង​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ដោយ​កូរ៉េខាងជើង ​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

សំណើ​នេះ​គឺជា​សំណើ​ផ្លូវការ​លើកដំបូង​ដោយ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​លោក Moon Jae-in ដែល​បាន​ឡើងកាន់​អំណាច​កាលពី​ខែឧសភា ​ដោយ​សន្យាថា​នឹងចូលរួម​ជាមួយ​កូរ៉េខាងជើង​ក្នុង​កិច្ចចរចា​ក៏ដូចជា​ដាក់​សម្ពាធ​ទៅលើ​ក្រុង​ព្យុងយ៉ាង​ ឲ្យ​កាត់បន្ថយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​។​

លោក Suh Choo-suk អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​សូម​ស្នើ​ឲ្យ​មាន​កិច្ចចរចា​យោធា​ជាមួយ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២១ ​ខែកក្កដា​ ក្នុង​មជ្ឈមណ្ឌល​សន្និបាត Tongilgak ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​អមិត្ត​ដែល​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​នៅ​បន្ទាត់​ព្រំដែន​យោធា​”​។​

Tongilgak គឺជា​អាគារ​របស់​កូរ៉េខាងជើង​នៅឯ​ភូមិ​បទ​ឈប់​បាញ់ Panmunjom នៅតាម​ព្រំប្រទល់​ដែល​បាន​ប្រើ​សម្រាប់​ការចរចារ​អន្តរ​កូរ៉េ​លើក​មុនៗ​។ កិច្ចពិភាក្សា​កម្រិត​រដ្ឋា​ភិ​បាល​លើកចុងក្រោយ​បំផុត​ត្រូវបាន​គេ​ធ្វើឡើង​នៅក្នុង​ខែធ្នូ ​ឆ្នាំ​២០១៥​។​

សំណើ​នេះ​បាន​ធ្វើឡើង​ប្រហែល​មួយ​សប្តាហ៍​បន្ទាប់ពី​លោក Moon បាន​និយាយថា តម្រូវការ​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ គឺមាន​ភាពកក់ក្តៅ​ជាង​ពេលណា​ទាំងអស់​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​។​

ទោះបីជា​យ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មិនបាន​ពន្យល់​ពី​អត្ថន័យ​នៃ​សកម្មភាព​យោធា​អមិត្ត​រវាង​កូរ៉េ​ទាំងពីរ​ទេ​។ កូរ៉េខាងត្បូង​តែងតែ​សំដៅ​ទៅលើ​ការផ្សព្វផ្សាយ​សំឡេង​ឮៗ ​និង​ការ​បង្កហេតុ​ផ្សេងៗ​ទៀត​ ខណៈដែល​កូរ៉េខាងជើង ​ចង់​ឲ្យ​មានការ​បញ្ឈប់​នៃ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក ​និង​កូរ៉េខាងត្បូង​។​

ស្របពេល​ជាមួយគ្នា​នោះ កាកបាទក្រហម​កូរ៉េខាងត្បូង​ នៅ​ថ្ងៃ​ចន្ទ ​បានស្នើ​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​អំពី​ការជួបជុំ​គ្រួសារ​ ដែល​បាន​បែក​គ្នា​ក្នុង​កំឡុង​សង្គ្រាម​កូរ៉េ​។ វា​បានស្នើ​ឲ្យ​មាន​កិច្ច​ចរចា​នៅ​ថ្ងៃទី​១ ​ខែសីហា​ ដោយមាន​ការជួប​ជុំគ្នា​ដែល​អាចធ្វើ​ទៅបាន​នៅ ថ្ងៃ​ឈប់សម្រាក Chuseok ។​

ក្រុង​ព្យុងយ៉ាង​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ខ្លួន​សូម​បដិសេធ​ចូលរួម​នៅក្នុង​កិច្ចចរចា​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​លុះត្រាតែ​ទីក្រុង​សេ​អ៊ូ​ល​ប្រគល់​អ្នកបម្រើ​ស្រី​ចំនួន ​១២​នាក់ ​ដែល​បាន​រត់​ចេញទៅ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំមុន​៕ RUETERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684