ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចពិភាក្សា Brexit ថ្មី​ចាប់ផ្តើម​ក្នុង​ទីក្រុង​ប្រ៊ុ​ស​សែ​ល ​ខណៈ​ការដកខ្លួន​នៅសល់​ ២០​ខែ​ទៀត​

​ចក្រភព​អង់គ្លេស ​និង​សហភាព​អឺរ៉ុប​ បានចាប់ផ្តើម​ការចរចា Brexit ដ៏​ចម្រូងចម្រាស​ជុំ​ថ្មី​មួយ​នៅ​ថ្ងៃ​ចន្ទ​ ខណៈ​ទីក្រុង​ប្រ៊ុ​ស​សែ​ល​ បាន​ជំរុញ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោកស្រី Theresa May ឲ្យ​ប្រញាប់​កំណត់​យុទ្ធសាស្ត្រ​ចាកចេញ​របស់លោក​ស្រី។​

រដ្ឋមន្ត្រី Brexit លោក David Davis បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប្រ៊ុ​ស​សែ​ល ​ដើម្បី​ជួប​លោក Michel Barnier ដែលជា​ប្រធាន​ចរចា​របស់​សហភាព​អឺរ៉ុប​សម្រាប់​ជុំ​ទី​២​ នៃ​កិច្ចព្រមព្រៀង​ដ៏​ស្មុគស្មាញ​ស្តីពី​ការដកខ្លួន​ចេញ​របស់​អង់គ្លេស​ពី​ប្លុក​មួយ​នេះ​ដែល​គ្រោង​ធ្វើ​នៅ​ខែមីនា​ ឆ្នាំ​២០១៩​។​

មុនពេល​កិច្ចពិភាក្សា​រយៈពេល​ ៤​ថ្ងៃ​នៅ​សប្តាហ៍​នេះ បុរស​សញ្ជាតិ​បារាំង Barnier បាន​ព្រមាន​ថា “​ការងារ​ដ៏​លំបាក​បានចាប់ផ្តើម​ពី​ពេល​ឥឡូវនេះ​ទៅ​” បន្ទាប់ពី​កិច្ចចរចា​លើកទីមួយ​ក្នុង​ខែមិថុនា​ហើយ​ថា “​ពេលវេលា​ជិត​អស់ហើយ​” ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​មួយ​។​

សហភាព​អឺរ៉ុប​បានបង្ហាញ​ពី​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយ​ចោទប្រកាន់​អង់គ្លេស​អំពី​ការស្ទាក់ស្ទើ​រក្នុង​ចិត្ត​ថា ខ្លួន​ចង់បាន​បែបណា​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​បន្ទាប់ពី​ការធ្វើប្រជាមតិ​ដ៏​ភ្ញាក់ផ្អើល​ដែល​ជំរុញ​ឲ្យ​លោកស្រី May ឡើង​អាច​កាន់អំណាច​។​

លោក Davis បាន​និយាយថា ការយកចិត្តទុកដាក់​នឹង​ក្លាយជា​បញ្ហា​រសើប​នៃ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហើយ​ថា “​ការរីកចម្រើន​ពិតប្រាកដ​” គឺ​សំខាន់​ណាស់​។​

លោក Davis បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​មុន​ការចរចា​ថា “​យើង​បានចាប់ផ្តើម​យ៉ាង​ល្អ​កាលពី​ខែ​មុន​ហើយ​នៅ​សប្តាហ៍​នេះ​យើង​នឹង​ចូលទៅក្នុង​រឿងហេតុ​ពិតប្រាកដ​”​។​

លោក Barnier និង Davis កាលពី​ខែ​មុន​ បាន​យល់ព្រម​លើ​កាលវិភាគ​ដ៏​មាន​សក្តានុពល​សម្រាប់​ការចរចា​ឆ្ពោះទៅរក​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាពេល​អនាគត​ដែល​ប្រទេស​អង់គ្លេស ​ចង់​ចាប់ផ្តើម​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

ការពិភាក្សា​រយៈពេល​បួន​ថ្ងៃនេះ​ក៏ត្រូវ​បាន​គេ​កំណត់​ផងដែរ ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​បន្ថែមទៀត​ដូចជា​អនាគត​របស់​អង់គ្លេស​នៅក្នុង Euratom ដែលជា​ទីភ្នាក់ងារ​សុវត្ថិភាព​នុយក្លេអ៊ែរ​របស់​សហភាព​អឺរ៉ុប ​និង​តួនាទី​នៃ​តុលាការ​យុត្តិធម៌​អឺរ៉ុប​ ដែលជា​តុលាការ​កំពូល​របស់​ស​ហ​ភាព​អឺរ៉ុប​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684