កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិកដែលបានឲ្យដឹងថា ប្រទេសអារ៉ាប់រួមបាន Hack ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលកាតាកាលពីចុងខែឧសភា ដើម្បីបង្ហោះព័ត៌មានបង្ករឿង និងការដកស្រង់សំដីមិនពិតភ្ជាប់ទៅនឹងព្រះចៅកាតាដែលជំរុញឲ្យមានវិបត្តិការទូត។
កាសែតនេះបានរាយការណ៍ថា ព្រះចៅ Sheikh Tamim bin Hamad al-Thani ត្រូវបានដកស្រង់សំដីកាលពីខែឧសភាថាបានសរសើរក្រុមហាម៉ាសហើយបាននិយាយថា ប្រទេសអ៊ីរ៉ង់គឺជា “មហាអំណាចឥស្លាម”។
ប្រទេសកាតា បានឲ្យដឹងនៅចុងខែឧសភា ថា ពួក Hacker បានបញ្ចេញនូវសុន្ទរកថាក្លែងក្លាយរបស់ព្រះចៅដែលជាការពន្យល់មួយត្រូវបានច្រានចោលដោយបណ្តារដ្ឋឈូងសមុទ្រ។
បន្ទាប់ពីរបាយការណ៍នេះបានបង្ហាញតាមអ៊ីនធឺណិត និងនៅលើទូរទស្សន៍ ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន និងអេហ្ស៊ីប បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកាតា។
ក្រោយមក ពួកគេបានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកាតាពីប្រទេសរបស់ពួកគេដោយធ្វើឲ្យមានជម្លោះញាប់ញ័ររវាងប្រទេសទាំងអស់។
កាសែតបានរាយការណ៍ថា មន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក បានដឹងអំពីព័ត៌មានដែលវិភាគថ្មីកាលពីសប្ដាហ៍មុនដែលបង្ហាញថា មន្ត្រីរដ្ឋាភិបាលកំពូលៗរបស់អារ៉ាប់រួមបានពិភាក្សាអំពីការគំរាមកំហែងដែលបានគ្រោងទុកកាលពីថ្ងៃទី២៣ ខែឧសភា ជាថ្ងៃដែលពួកគេបានកើតឡើង។
កាសែតនេះបានចុះផ្សាយថា ក្រុមមន្ត្រីបាននិយាយថា ខ្លួនមិនច្បាស់ទេថាតើអារ៉ាប់រួមបាន Hack គេហទំព័រទាំងនោះឬក៏បង់ប្រាក់សម្រាប់ពួកគេដើម្បីអនុវត្តឬក៏យ៉ាងណា។ ទោះយ៉ាងណាកាសែតមិនបានកំណត់អត្តសញ្ញាណមន្ត្រីស៊ើបការណ៍សម្ងាត់ដែលបាននិយាយចំពោះរបាយការណ៍នោះទេ។
ប្រសិនបើអារ៉ាប់រួមត្រូវបានគេបង្ហាញថានៅពីក្រោយការវាយប្រហារនេះមែននោះ វានឹងបង្ហាញថា ពួកមេដឹកនាំរបស់ពួកគេមានបំណងចង់ធ្វើឲ្យមានជម្លោះឡើងវិញហើយចង់បានលេសដើម្បីកាត់ផ្តាច់ទំនាក់ទំនងជាមួយកាតា។
យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតអារ៉ាប់រួមលោក Yousef al-Otaiba បានបដិសេធរបាយការណ៍នេះដោយនិយាយថាវាមិនពិតទេ។ ចំណែកមន្ត្រីកាតាមិនបានធ្វើអត្ថាធិប្បាយទេចាប់តាំងពីរបាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយ៕ AGENCIES