ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រួសារ​បង្ហាញ​ការចងចាំ​នៅ​ខួប​លើក​ទី​បី​នៃ​ជើងហោះហើរ MH17

​អស់​រយៈពេល​បី​ឆ្នាំ​ហើយ ​បន្ទាប់ពី​ជើងហោះហើរ MH17 ត្រូវ​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​លើ​ប្រទេស​អ៊ុយ​ក្រែ​ន សាច់ញាតិ​ជាង ២,០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃ​ចន្ទ ​ដើម្បី​បង្ហាញ​ពី “​ការចងចាំ​” ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។​

ដើមឈើ​សរុប​ចំនួន ​២៩៨​ដើម​ត្រូវបាន​ដាំ​ជា​រូបរាង​នៃ​ខ្សែបូ​ពណ៌​បៃតង​ដែល​មួយ​ដើម​សម្រាប់​ជនរងគ្រោះ​ម្នាក់​ដែល​បាន​ស្លាប់​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ​ខណៈ​ធ្វើដំណើរ​ពី​ទីក្រុង​ទីក្រុង Amsterdam ទៅ​ទីក្រុង Kuala Lumpur ។​

ស្ដេច​ហូ​ឡង់ Willem -Alexander និង​ព្រះមហា​ក្សត្រិយានី Maxima បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ និង​មន្ត្រី​អន្តរជាតិ​នៅឯ​ពិធី​ដ៏​ឧឡា​រិ​កមួយ ​ដើម្បី​ឧទ្ទិស​នៅក្នុង​ឧទ្យាន Vijfhuizen ស្ថិតនៅ​ជិត​ព្រលានយន្តហោះ Schiphol ក្នុង​ទីក្រុង Amsterdam ដែលជា​កន្លែង​ជើងហោះហើរ​បាន​ចាកចេញ​នៅ​ថ្ងៃទី​១៧ ​ខែកក្កដា ​ឆ្នាំ​២០១៤​។​

ឈ្មោះ​របស់​អ្នកដំណើរ ​និង​បុគ្គលិក​យន្តហោះ​ទាំង​ ២៩៨​នាក់ ​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​គ្រោះមហន្តរាយ​នោះ​នឹងត្រូវ​បាន​អាន​ដោយ​ក្រុមគ្រួសារ​របស់​ពួកគេ​ហើយ​កុមារ​ក្នុងស្រុក​ចំនួន​ ១៧​នាក់​នឹងដាក់​ផ្កា​។​

ខណៈដែល​ជនរងគ្រោះ​ភាគច្រើន​គឺជា​ជនជាតិ​ហូ​ឡង់​នោះ មាន​ជនជាតិ​ចំនួន​ ១៧​ទៀត​នៅលើ​យន្តហោះ​នោះ​រួមទាំង​ជនជាតិ​អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី​ និង​ឥណ្ឌូនេស៊ី​ផងដែរ​។​

សមាគម​គ្រួសារ​ជនរងគ្រោះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ដើមឈើ​មួយ​ដើម​គឺ​តំណាង​ឲ្យ​ក្តីសង្ឃឹម​ និង​អនាគត​នៅក្នុង​វប្បធម៌​ជាច្រើន​។ យើង​មិន​ត្រឹមតែ​ចង់​គោរព​ដល់​ជនរងគ្រោះ​នៃ​ជើងហោះហើរ MH17 ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​ចង់​បង្កើត​កន្លែង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​អាច​រក្សា​ការចងចាំ​របស់​ពួកគេ​នៃ​អ្នកដំណើរ​ ២៩៨​នាក់​ផងដែរ​”​។​

ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ការបរិច្ចាគ គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ Ronald A. Westerhuis និង​ស្ថាបត្យករ​ទេសភាព​លោក Robbert de Koning បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស​ចេញពី​សំណើ​ចំនួន​បី​ដោយ​សាច់ញាតិ​កាលពី​ចុងឆ្នាំ​២០១៥៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684