ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​ឃួ​ង ​ស្រេង ​គ្រោង​នឹង​បិទ​ដេប៉ូ​ខ្សាច់​នៅ​ខណ្ឌឫស្សីកែវ​ បើពិនិត្យឃើញ​ប៉ះពាល់​ធ្ងន់ធ្ងរ

​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ជាច្រើនរស់នៅក្នុង​ក្រុម​០១ ភូមិ​លូ សង្កាត់ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៧ បាន​លើក​រូប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ជា​មួយរូប​សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ​ជួយ​ឈឺឆ្អាល​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​។​ ការលើក​រូបសម្តេច​ទាំង​២​នេះ ក្នុងន័យ​សូមជួយ​អន្តរាគមន៍ ​ដែល​បច្ចុប្បន្ន​ពួកគាត់​ពិបាក​រស់នៅ​ស្ថិតក្នុង​ការភ័យខ្លាច ​អំពី​បញ្ហា​ទីតាំង​ខ្សាច់​ដែល​កៀក​ជាប់​ផ្ទះ​ពួកគាត់​។

បើតាម​ប្រជាពលរដ្ឋ​បាន​បន្តថា អ្វី​ដែលជា​បញ្ហា​ គឺ​ចេញចូល​ដោយ​ពិបាកជាមួយនឹង​គ្រឿងចក្រ ឬ​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំៗដាក់​បញ្ឈរ​ពាំង​ផ្លូវ ជាហេតុ​ធ្វើឱ្យ​ផ្លូវ​សា​ធា​រណៈ​ទៅជា​រួម​តូច។ រីឯ​សុខ​ភាពចុះ​ទ្រុឌទ្រោម ព្រោះ​ពេល​ហូបបាយ ឬ​សម្រាន្ត ពោរ​ពេញ​ទៅដោយ​ខ្សាច់​ប៉ើង​ចូល​ច្រមុះមាត់ ឯ​សំឡេង​បូម​ខ្សាច់​បន្លឺឡើង​ស្ទើរ​២៤​ម៉ោង​ទៅហើយ​។ ជាមួយគ្នា​នោះ ពួកគាត់​ភ័យខ្លាច​កូនចៅ​តូចៗ​របស់​ពួកគាត់​ចូល​ទៅលេងទីតាំង​ខ្សាច់​នោះ ជួប​គ្រោះថ្នាក់​ជាយថាហេតុ ព្រោះ​គ្មានការហ៊ុមព័ទ្ធ​ជា​សំណាញ់​នោះទេ។

ពួកគាត់​បន្តថា ការតវ៉ា​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ប្រជាពលរដ្ឋធ្លាប់បាន​ប្តឹងទៅ​អាជ្ញាធរ​រួចមកហើយ ហើយក៏​ត្រូវបានអាជ្ញាធរ​ខណ្ឌ​ចុះមក​ណែនាំ​ដែរ តែ​ក្រោយពី​ណែនាំ​ហើយបញ្ហានៅតែ​ចោទ​មាន​ឡើង​ដដែល​ជា​ដែល រហូត​ពួកគាត់​សម្រេចចិត្តលើក​រូប​សម្តេច សូម​ឱ្យអន្តរាគមន៍​ដោយ​ក្តី​អនុគ្រោះ​ជា​លើក​ទី​២​។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ទីតាំង​ខ្សាច់​ខាងលើ​នេះដែរ មិនអាច​សុំ​ការបំភ្លឺ​ពីលោក ប្រាជ្ញ​ សីហា​ អភិបាលរងខណ្ឌ​បានទេ។​ ដោយឡែក​លោកឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា បើ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់លោក​ជួប​បញ្ហា​ធ្ងន់ធ្ងរនោះ​ លោក​នឹង​ឱ្យ​បិទ​ទីតាំង​ខ្សាច់​នេះ​តែម្តង ដើម្បីឱ្យ​ពលរដ្ឋរបស់លោក​មិន​មានជួប​បញ្ហា​ជា​ដដែល​នេះ​តទៅទៀត​។ ដូចគ្នានេះដែរ ​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មេ​ត មាស​ភក្តី បានឱ្យ​បណ្តាញ​ព័ត៌មាន​មួយចំនួន​ដឹងថា លោក​បាន​ទំនាក់ទំនង​ទៅ​លោកអភិបាលខណ្ឌ​ឫស្សី​កែវ​ហើយ ដើម្បី​ជួយ​ចុះ​ពិនិត្យមើល​រាល់​កង្វល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

គួររំលឹកថា​​ កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ​ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់ស្វាយប៉ាក ប្រជាពលរដ្ឋ​ជាច្រើនក៏បាន​នាំគ្នា​ផ្ទុះ​ការតវ៉ា ស្នើសុំឱ្យសម្តេចនាយករ​ដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជាអភិបាល​រាជធានី និង​លោក​ ជា ពិសី ដែលជា​អភិបាលខណ្ឌ​ឫស្សីកែវ មេត្តាជួយ​អន្តរា​គម​ន៍​រឿង​ទីតាំង​ស្តុក​ខ្សាច់​មួយកន្លែងបង្ក​ភាពភ័យព្រួយ ជាមួយ​ការ​ផលប៉ះពាល់​បំផ្លាញ​ផ្លូវ​ជា​ប្រ​យោ​ជ​ន៍សា​ធា​រណជន​ផងដែរ​។

គេ​សង្កេតឃើញ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ដេប៉ូ​ខ្សាច់​រាប់សិបទីតាំង ​ហើយ​រថយន្ត​ដឹក​ខ្សាច់ ​និង​រថយន្តដឹកដី​រាប់រយ​គ្រឿង​ចរាចរ​តាមផ្លូវ​ជាតិ​លេខ​៥​ និង​តាម​បណ្តោយ​ផ្លូវ​លេខ៥៩៨ (​ហៅ​ផ្លូវលោក ជា​ សុផារ៉ា​) យ៉ាង​មមាញឹក​ ដែល​ភាគច្រើន​រថយន្ត​នីមួយៗ​មិនត្រូវ​បាន​គេលាង​កង់​ ឬ​គ្រប​ឱ្យ​ជិតៗ​នោះទេ​ ពោល គឺ​ដឹក​ខ្សាច់​ដឹក​ដី​ពេញៗ​ហៀរបង្ក​ឱ្យជ្រុះរប៉ាត់រប៉ាយ​ពេញ​ដងផ្លូវ ហុយ​ទ្រលោម​ប៉ះពាល់​សុខភាពអ្នកធ្វើដំណើរ​យ៉ាងធ្ងន់ធ្ង​រ។ ករណីនេះ​បើ​ទោះ​អាជ្ញាធរ​ខណ្ឌធ្លាប់ធ្វើ​ការណែនាំ​យ៉ាងណា ​ក៏​ថៅកែ​ដេប៉ូ​ខ្សាច់​នីមួយៗ​មិន​អើពើ​ដែរ ជាពិសេស​ដេប៉ូ​ខ្សាច់​របស់លោក លី​ គឹម​ហេង តែម្តង ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684