ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ​បញ្ជាក់​ពី​មូលហេតុ​ធ្វើឱ្យបញ្ហាបាតុកម្ម និង​កូដកម្ម​ថយចុះ​

ភ្នំពេញ ៖ លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បានថ្លែង​បញ្ជាក់ប្រាប់​ពី​មូលហេតុ ដែល​ធ្វើឱ្យមាន​ការថយចុះ​បញ្ហា​បាតុកម្ម និង​កូដកម្ម​នានា​តាម​បណ្តា​រោងចក្រ​ក្នុងប្រទេស​កម្ពុជា ដោយសារ​កត្តាគួបផ្សំ​មួយចំនួន​រួមមាន ទី​១-សហជីព​មាន​ភាពចាស់ទុំ និង​ចូលរួមអនុវត្ត​ច្បាប់ ជាពិសេសទំនាក់ទំនង​វិជ្ជា​ជី​វៈ​រវាង​ក្រុម​សហជីពជាមួយនឹង​ថៅកែ ចូលរួម​ដោះស្រាយ​បញ្ហា​ជូនកម្មករ​តាម​នីតិវិធីបានល្អ​ប្រសើរ ​និង​ទាន់ពេលវេលា។ ទី​២-និយោជក គោរព​ច្បាប់កាន់​តែប្រសើរ​ជាង​មុន និងទី​៣ ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ដែលធ្វើឱ្យ​ប្រសើរ​ជាង​មុន។

​ការលើកឡើង​របស់លោក ​សោម អូន បែបនេះ ​ខណៈពេល​ចូលរួមអបអរសាទរ​ថ្នាក់ដឹកនាំ របស់​ក្រុមប្រឹក្សាភិបាល​សហភាព​ស​ហ​ជីពយុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ចុងសប្ដាហ៍​នេះ នៅ​ជាយ​រាជធានី​ភ្នំពេញ។

ជាមួយគ្នានេះដែរ លោក ឡុង សុផាត ប្រធាន​ក្រុមប្រឹក្សាភិបាល​សហភាពស​ហ​ជីព យុវជន​ការពារ​សិទ្ធិ​កម្មករ​កម្ពុជា​ ក៏បាន​ថ្លែង​ប្តេជ្ញាចិត្តបន្ត​ចូលរួម​អនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព ​និង​ចូលរួម​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យកាន់តែទូលំទូលាយ​ និង​កាន់តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត។

លោក ឡុង សុផាត​ បន្តថា ដើម្បី​ចូលរួមចំណែក​បម្រើ​ផលប្រយោជន៍ ​និងសិទ្ធិសេរីភាព ជូន​ទាំងភាគី​និយោជក និងភាគី​ន​យោ​ជិ​ក ដែលកំពុងមាន​វត្តមាន​ការវិនិយោគ​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ​កាន់តែ​ល្អថែមទៀត​ លុះត្រាតែ​មានការ​សហការ​ល្អ​ពី​បណ្ដា​សហជីព​ទាំងអស់ផងដែរ​។

​ទន្ទឹមនឹងនេះ លោក​ក៏​សូម​អំពាវនាវ​ដល់​ក្រុម​សហជីព​មួយចំនួន​តូច ដែលតែង​យកមុខងារ​ជា​សហជីព​ទៅ​បម្រើ​ដល់​នយោបាយ និងផលប្រយោជន៍​បុគ្គល​នោះ សូម​បញ្ឈប់​សកម្មភាពបែបនេះ​ទៅ ហើយងាក​មក​ចូលរួម​អនុវត្ត​ច្បាប់ ​និង​ឈរលើ​គោលការណ៍​បម្រើផលប្រយោជន៍​ជូនកម្មករ​ទាំងអស់គ្នា ព្រោះថាការចូលរួម​នេះ​ពិតជាបាន​ជួយ​ជ្រោមជ្រែង​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ក​ម្មករ និង រក្សា​ឱ្យបាន​អ្នកវិនិយោគ។

ពិត​​ណាស់ បើ​ក្រុម​សហជីព​កៀរគរ​ក្រុមកម្មករ​ឱ្យ​ដើរលើផ្លូវ​ខុស នោះពួកគាត់​នឹង​ជួប​នូវ​ការ​អន្តរាយ​ផ្នែក​សេដ្ឋកិច្ច​ជីវភាព​ប្រចាំថ្ងៃ ក៏​ដូច​ទៅថ្ងៃ​អនាគត​។ ប៉ុន្តែបើ​ក្រុម​សហជីព​នាំ​ពួកគាត់​ដើរ​នៅលើ​ផ្លូវត្រូវ​ នោះប្រាកដ​ណាស់​កម្មករ​ទាំងអស់​ត្រូវ​តែ​ទទួលបាន នូវ​អត្ថប្រយោជន៍​ផ្នែកសេដ្ឋកិច្ច​ពិតៗ ដែល​អាចធ្វើឱ្យពួកគាត់​មានការ​អភិវឌ្ឍ​ជីវភាពកើនឡើង​ពីមួយថ្ងៃ​ទៅមួយ​ទៅ ពីមួយ​ខែ​ទៅ​មួយខែ និង​ពីមួយឆ្នាំទៅ​មួយឆ្នាំ​យ៉ាងពិត​ប្រាកដ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684