ព័ត៍មានទាន់​ហេតុការណ៏
Search

ជើងឯក​អាស៊ាន ​៖ U15 កម្ពុជា ប្រកួត​កាត់សេចក្តី​ជាមួយ​ម៉ាឡេស៊ី ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ប្រ៊ុយណេ​

​ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ ​១៥​ឆ្នាំ​របស់​កម្ពុជា (U15) ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុមយុវជន​ក្រោម​អាយុ​ ១៥​ឆ្នាំ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុងជំនួប​ចុងក្រោយ​ក្នុង​ពូ​ល B ប្រចាំ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​តំបន់​អាស៊ាន (AFF U15 Championship 2017) នា​មោង ​៦:៣០​នាទី​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន​Chonburi Campus Stadium ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ​។​

​សរុប​ការប្រកួត​ពូ​ល B ក្នុង​ប្រកួត​លើក​ទី​៤ កន្លងទៅ​ក្រុម​វៀតណាម បាន​យកឈ្នះ​វៀតណាម ១​ទល់ ​០ ហើយ​ក្រុម​ហ្វីលីពីន ឈ្នះ​ក្រុមទី​ម័​រ​ខាងកើត ២ ​ទល់ ​០ និង​ចុងក្រោយ​ក្រុម​កម្ពុជា ចាញ់​ប្រ៊ុយណេ ២​ ទល់ ​០​។ សម្រាប់​ចំណាត់ថ្នាក់​បណ្តោះអាសន្ន ឃើញ​ក្រុម​វៀតណាម ឈរ​លេខ​១​ពូ​ល B នេះ​មាន ​១២​ពិន្ទុ ហើយ​ក្រុម​ម៉ាឡេស៊ី ឈរ​លេខ​២ មាន ​៩​ពិន្ទុ ហើយ​កម្ពុជា ឈរ​លេខ​៣​មាន ​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​៣ ប្រ៊ុយណេ មាន​៤​ពិន្ទុ ក្រុម​ហ្វីលីពីន មាន​៣​ពិន្ទុ និង​ក្រុមទី​ម័​រ​ខាងកើត មាន​១​ពិន្ទុ​។

​ពានរង្វាន់ AFF U15 Championship 2017 នេះ​មាន​ក្រុម​ចំនួន ​១២​ចូលរួម​ដោយ​ពូ​ល A មាន​អូស្ត្រាលី​, ថៃ​, ឡាវ​, មី​យ៉ាន់​ម៉ា​, ឥណ្ឌូណេស៊ី​, សិង្ហ​បុរី ហើយ​ពូ​ល B មាន​វៀតណាម​, កម្ពុជា​, ទី​ម័​រ​ខាងកើត​, ម៉ាឡេស៊ី​, ហ្វីលីពីន និង​ព្រុយ​ណេ​។ ក្រុម​ចំណាត់ថ្នាក់​ល្អ​ចំនួន​២​ក្រុម​មកពី​ពូ​ល​នីមួយៗ មានឈ្មោះ​ឡើងទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្តទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ​ចាប់​ប្រកួត​ពីថ្ងៃ​ទី​៩ ដល់ ​២២ ​ខែកក្កដា ឆ្នាំ​២០១៧ លើ​ទីលាន Chonburi Campus Stadium ក្នុង​ខេត្ត Chonburi ប្រទេស​ថៃ​។​

​ងាក​ទៅ​មើល​បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ (Top Scorers) វិញ ក្នុងចំណោម​ក្រុម​ទាំង​១២​ឃើញថា​កីឡាករ សៀង ច​ន្ធា បន្ត​ឈរលើ​គេ ក្រោយ​រកបាន​គ្រាប់​បាល់​៥​គ្រាប់​ម្នាក់ឯង​តាម​ពីក្រោយ​ដោយ​កីឡាករ Amiruddin Alfiki របស់​ឥណ្ឌូណេស៊ី កីឡាករ Lamin Htwe របស់​មី​យ៉ាន់​ម៉ា កីឡាករ Noah Botic របស់​អូស្ត្រាលី កីឡាករ Chony Wenpaserth របស់​ឡាវ និង​កីឡាករ Suphanat Mueanta របស់​ថៃ រកបាន​ម្នាក់​៣​គ្រាប់ ហើយ​ក្រៅពីនោះ​រកបាន​ម្នាក់​២​គ្រាប់​ចុះក្រោម​។​


សម្រាប់​ប្រកួត​បិទ​ពូ​ល B នៅ​ល្ងាច​ថ្ងៃ​អង្គារ នេះ​ក្រៅពី​កម្ពុជា ជួប​ម៉ាឡេស៊ី នៅ​ម៉ោង​ ៦:៣០​នាទី ក៏មាន​ ២​គូ​ទៀត​ដែរ​ ដោយ​ក្រុម​វៀតណាម ជួប​ទី​ម័​រ​ខាងកើត នៅវេលា​ម៉ោង ​៤​ល្ងាច និង​ក្រុម​ប្រ៊ុយណេ ជួប​ក្រុម​ហ្វីលីពីន នៅ​ម៉ោង ​៤​ល្ងាច​ដូចគ្នា​។ កម្ពុជា និង​ម៉ាឡេស៊ី ត្រូវការ​ជ័យជម្នះ​រៀងខ្លួន​ដើម្បី​ស្វែងរក​កៅអី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ព្រោះ​ពិន្ទុ​កំពុង​ប្រដេញប្រដោល​គ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684