ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​តុលា​ការ​បន្ត​កាត់ទោស​សំណុំរឿង​អន្តរការី​ពពោះ​ជំនួស ​របស់​ស្ត្រី​ជនជាតិ​អូស្ត្រាលី

ភ្នំពេញ ៖ រឿងក្ដី​ពពោះ​ជំនួស​ ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​អន្តរការី​៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​អូស្ត្រាលី​ម្នាក់​ផងដែរ នៅ​ព្រឹក​ថ្ងៃទី១៧ កក្កដា ​ឆ្នាំ២០១៧​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ​បញ្ជូន​ស្ត្រី​អូស្ត្រាលី ​និង​ជនជាប់ចោទ​ជនជាតិខ្មែ​រ​២​នាក់​ទៀត​ មកកាន់​តុលាការ​ដើម្បី​បើកសវនាការ​ ពី​អង្គ​ហេតុដែលបណ្ដាលឱ្យ​មាន​បទល្មើស​ពពោះ​ជំនួស​នេះ និងមាន​អ្នក​សារ​ព័ត៌មា​ន​អន្តរជាតិ​មួយចំនួន​ បានមក​តាមដាន​សំណុំរឿង​ក្ដី​នេះ ហើយ​ពួកគេ​បានមក​ស្ដាប់​ការកាត់ទោស​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោកស្រី​ចៅក្រម ស៊ លី​ណា និង​លោក ​វង្ស ប៊ុន​វិសុទ្ធ តំណាង​អយ្យការអម​តុលាការ ​បាន​សាកសួរ​លោក​ជន​ជាប់ចោទ Chales tommy Alayne​មុនគេ​នា​ព្រឹក​ថ្ងៃទី១៧ កក្កដា​នេះ។​ ក្នុង​សវនាការ Alayne បាន​ប្រាប់តុលាការ​ថា លោកស្រី​គឺជា​គិលានុបដ្ឋាយិកា​នៃ​មន្ទីរ​សម្រាក​ព្យាបាលកម្ពុជា FFC ហើយ​ត្រូវបាន​គ្រួសារ​ប្រជា​ពលរដ្ឋ​អូស្ត្រាលី​ខ្លះ​ ដែលមិនមាន​លទ្ធភាព​បង្កើត​បុត្រ​ដោយ​ខ្លួនឯង ​បានមក​ទាក់ទង​ដើម្បី​រកស្ត្រី​ណា​ផ្សេង​ឱ្យ​ពពោះ​ជំនួស ​ដើម្បី​បង្កើត​បុត្រ​បាន។

Alayne បាន​ប្រាប់​ទៀតថា ​ក្នុងអំឡុង​ឆ្នាំ២០១៥ ​មាន​ស្ត្រី​ខ្មែរ​ចំនួន​១៨​នាក់ បាន​ទ​ទួ​ល​ពពោះ​ជំនួស​អ្នក​ដែល​ចង់​បុត្រ​ពី​ប្រទេស​អូស្ត្រាលី ក្នុងនោះគ្រួសារ​ដែល​ចង់បាន​បុត្រ​ម្នាក់​ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៥​ម៉ឺ​នដុល្លារ​ឱ្យមក FFC ដើម្បី​រៀបចំ​កិច្ចការ​ពពោះ​ជំនួស​នេះ ហើយ​ស្ត្រី​ដែលពពោះ​ជំនួស​បានទទួល​ប្រាក់​កម្រៃ​ចំនួន​១​ម៉ឺន​ដុល្លារ។ ប្រាក់​ត្រូវបាន​FFC រៀបចំ​គណនី​បើក​ជា​ប្រាក់ខែ​ក្នុង​មួយខែ ៤០០​ដុល្លារ រហូត​ដល់ពេល​ប្រសូត​បុត្រ​ទើប​បើក​បាន​ប្រាក់​ដែល​នៅសល់​ទាំងអស់។ ចំណែក​ខ្លួនគេ​ផ្ទាល់​បានទទួល​ប្រាក់​ចំនួន​ ៨០០០ដុល្លារ ​ក្នុងកា​ថែទាំ​បុត្រម្នាក់។ លុះ​ពេល​កូន​នោះ​កើតមក​ ឪពុកម្ដាយ​ដែលជា​ម្ចាស់​ស្ពែម៉ាតូសូអ៊ីត​ ត្រូវ​ផ្ដល់​លិខិត​លទ្ធផល​ពិនិត្យ ​DNA ទៅ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ក​ម្ពុជា​ ដើម្បីសុំចូល​សញ្ជាតិ​អូស្ត្រាលី សុំ​លិខិតឆ្លងដែន។​

ចំណែក​ឈ្មោះ ពេញ រិទ្ធី ជា​បុគ្គលិក​ក្រុមហ៊ុន Siemens manager មានភារកិច្ច​សុំ​សំបុត្រកំណើត​ឱ្យ​កូន​ដែល​កើតមក​នោះ សម្រាប់​ការបំពេញបែបបទ​ទាំងអស់​ ដើម្បី​អាច​ឱ្យឪពុកម្ដាយ​បង្កើត​នៅ​ប្រទេសអូស្ត្រាលី​ អាច​នាំ​កូន​ទៅក្នុង​រយៈពេល​៨​សប្ដាហ៍។​

គួររំលឹកថា​ លោក រស់ ពិ​សិ​ដ្ផ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ កាលពី​ព្រឹកថ្ងៃទី​២២ វិ​ច្ឆិ​កា ២០១៦ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជា​ផ្លូវការ លើជនសង្ស័យ​៣​នាក់ រួមមាន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផង​ចំនួន​២បទល្មើស ពាក់​ព័ន្ធ​សំណុំរឿង​ស៊ីឈ្នួល​ពពោះ (អន្តរការី​ពពោះ​ជំនួស)។ បទល្មើស​ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ទាំង​២​នេះ ១/បទអំពើធ្វើជា​អន្តរការី នៃ​អំពើ​ពពោះ និង ២​/បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត បទល្មើស​នេះ​មានចែង​ឱ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៣២ ​មាត្រា​៦៣២នៃ​ក្រមព្រហ្មទណ្ឌ។ មាត្រា​៣៣២ បាន​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​លើជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​ពី​ ១​ខែ​ ទៅ​៦​ខែ និង​មាត្រា​៦៣២ តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ជនជាប់ចោទ​កំណត់​ពី​៦​ខែ​ ទៅ​២​ឆ្នាំ។

ក្រោយពី​លោក សេង ហៀ​ង ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​បាន​ចោទប្រកាន់​ហើយ សំណុំ​រឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​ គឺ​លោក រស់ ពិ​សិ​ដ្ផ បាន​បន្ត​នីតិវិធី​ក្នុងការ​សាកសួរ ​និង​ចេញ​ដីកាឃុំខ្លួន​ជនជាប់​ទាំង​៣​នាក់​តែម្ដង។

សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា ២០១៦ សម​ត្ថកិច្ច​នគរបាលការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ជនរាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ក្នុងនោះ​មាន​ស្ត្រីជនជាតិ​អូស្ត្រាលី​ម្នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីសាកសួរ​ករណី​អំពើ​ជា​អន្តរការី នៃ​កា​រពពោះ ឬនិយាយ​សាមញ្ញ​ថា ការជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ជំនួស និងផ្តល់​ឯកសារ​ដោយ​ទុច្ចរិត។

លោក​វរ​សេនីយ៍​ឯក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជន​រាជធានី​ភ្នំពេញ ថ្លែងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣នាក់ ​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក សេង ហៀ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

របាយការណ៍​សមត្ថកិច្ចបង្ហាញ​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១.​ឈ្មោះ CHALES TAMMY ALAYNE ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់លិខិតឆ្លងដែន​លេខ PE-0402481 , ២.​ឈ្មោះ ពេញ រិទ្ធី ភេទ​ប្រុស អាយុ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង ៣.​ឈ្មោះ សំរិទ្ធ ចាន់​ចរិយា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ឆ្មប ស្នាក់នៅ​សង្កាត់វាលវង់ ខណ្ឌ​៧​មករា។ ក្រុម​ជនសង្ស័យត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជន សហការ​ជាមួយអធិការដ្ឋាននគរបាលខណ្ឌ​សែន​សុខ និង​ខណ្ឌដូនពេញ ឃាត់ខ្លួនកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ។

សមត្ថកិច្ចបញ្ជាក់ថា នៅពេលដែល​បណ្តា​ប្រទេស​ដទៃ ចេញ​ច្បាប់​បិទ​មិន​ឲ្យ​មាន​ការជួល​ស្រី្ត​ពពោះ​ដើម្បី​កើតកូន​ជំនួស បណ្តាញ​ជំនួញ​នេះ​បាន​ហូរចូល​កម្ពុជា ហើយ​បង្កើត​មេខ្យល់​ឲ្យ​ដើរ​លួងលោម អូសទាញ​ស្ត្រី​ឲ្យ​រកស៊ី​ឈ្នួល​ពពោះ​ជំនួស​អ្នក​ដែល​ចង់​បាន​កូន ហើយ​រហូត​ដល់​ក្រុម​មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូចគ្នា​ចង់បាន​កូន ក៏​មក​កម្ពុជា​រក​កូន​ដែរ។ ជំនួញ​មួយ​នេះ​ធ្វើ​ឲ្យ​ពួក​ឈ្មួញ​ចំណេញ​កប់​ពពក អ្នក​ចង់​បាន​កូន​ត្រូវ​ចំណាយ​៥​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឈ្មោះ​ CHARLES TAMMY ALAYNE ហៅ TAMMY បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៣ ខ្លួន​បាន​ទៅ​ប្រកប​មុខរបរ​ជួល​ស្ត្រី​ឲ្យ​បង្កើត​កូន​នៅ​ប្រទេស​ថៃ ចំនួន​១៥​នាក់ ហើយ​ក្រោយ​មក​ប្រទេស​ថៃ​គេ​បិទ ខ្លួន​ក៏បាន​មក​ប្រទេស​កម្ពុជា បាន​រយៈពេល​ប្រហែល​១២ ទៅ​១៤​ខែ​ហើយ។ ខ្លួន​ក៏បាន​រក​ស្ត្រី​ខ្មែរ​ជួល​ឲ្យ​ពពោះ​បង្កើត​កូន​ឲ្យ​បាន​ចំនួន​២៣​នាក់ នាំ​ចេញទៅ​ក្រៅ​ប្រទេស​បាន​៦នាក់ ក្នុង​នោះ​កូនភ្លោះ​ម្នាក់​នាក់ ដោយ​តម្លៃ​ខ្លួន​ទទួល​បាន​ពី​គ្រួសារ​ចង់បាន​កូន​ ម្នាក់ ៥០០០០​ដុល្លារ​អាមេរិក។

ចម្លើយ​បន្ត​ថា ពេល​ខ្លួន​មក​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន ​ឲ្យ​ម្នាក់​តម្លៃ​ពី ១០០០០​ ទៅ​១២ ០០០​ដុល្លារ​អាមេរិក ហើយ​បើ​សរុប​ទាំង​ការពារ​ព្យាបាល ថែទាំ និង​មើល​ទារក ​ត្រូវ​ចំណាយ​អស់ ​២០៤០០​ដុល្លារ​អាមេ​រិ​ក​ឯណោះ។ ឯ​ការចាក់​បញ្ចូល​ទឹក​មេ​ជីវិត​បុរស ក្នុង​ម្នាក់​តម្លៃ​ ៥០០០ ទៅ​ ៧០០០​ដុល្លារអាមេរិក ពេល​កើតកូន​យកទៅ​បង្កើត​នៅ​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល ក្នុង​កូន​ម្នាក់​តម្លៃ ១៥០០ ​ទៅ ២០០០​ដុល្លារ​អាមេរិក។ សេវា​ក្រៅពីនេះ ចំពោះ​អ្នក​ដែល​បាន​ជួយ​រក​ស្ត្រី​មក​ស៊ី​ឈ្នួល​ពពោះ​បង្កើតកូន​ម្នាក់ ៤០០ដុល្លារ​អាមេរិក ចំណាយ​ទៅ​ឲ្យ​ឈ្មោះ ពេញ រិ​ទ្ធិ ជួយ​រត់​ការធ្វើសំបុត្រកំណើត​ឲ្យ​ទារក​ម្នាក់ ៦០០ ទៅ ៨០០ដុល្លារ​អាមេរិក និង​ជួយដឹក​ក្មេង​ចេញទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ​ម្នាក់​ឲ្យ​តម្លៃ​៧០០​ដុល្លារ រួមទាំង​ជួយ​រត់ការ​ពន្យារ​លិខិតឆ្លងដែន។ រីឯ​ឈ្មោះ ចរិយា ខ្លួន​បាន​ឲ្យ​ជួយ​ធ្វើការ​ជាមួយ​គ្លីនិក ជួយ​បកប្រែ​ភាសា ជួយ​មើលថែ​ស្ត្រី​នៅតាម​គ្លីនិក បាន​ឲ្យ​ប្រាក់ខែ​ក្នុង​១​ខែ ៦៥០ដុល្លារអាមេរិក។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ សំរិទ្ធ ច័​ន្ធ​ចរិយា ហៅ​សម្បត្តិ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ បាន​ឲ្យ​ដឹងថា គេ​ពិតជា​បាន​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន NEW GENERTIC ឲ្យ​ឈ្មោះ ថម មី នោះ​មែន ​គឺមាន​តួនាទី​ដើរ​រក​ជួល​ស្ត្រី​ឲ្យពពោះ ហើយក៏​ជា​អ្នកពិនិត្យ​សុខភាព​ស្ត្រី​ស៊ី​ឈ្នួល​ពពោះ​នោះ​ដែរ បាន​ប្រាក់​ខែ​ចំនួន ២០០ដុល្លារ​ក្នុង​១​ខែ ហើយ​គេ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​នោះ​បាន​៣​ខែ​ក៏​ឈប់​ទៅ តែ​ក្រោយមក​គេ​បាន​ស្គាល់ឈ្មោះ ពេញ រិ​ទ្ធិ ក៏​នាំទៅ​ឲ្យ​ធ្វើការ​ជាមួយ ថម មី ជនជាតិ​អូស្ត្រាលី​ជំនួស​ខ្លួន​វិញ។ ចម្លើយ​ឈ្មោះ ពេញ រិ​ទ្ធិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ឈ្មោះ ច័ន្ទ​ចរិយា ដែរ ហើយក៏​សុទ្ធតែ​រួម​គំនិត​ទទួល​ផល​ពី​អំពើ​អន្តរការី​នៃ​ការ​ពពោះ​ជំនួស​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684