ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅគេហដ្ឋានលោក ថូ ចំរើន និងលោកស្រី ឡោ ហ៊ុយជូ មានរៀបចំពិធីចែកអំណោយមនុស្សធម៌ ដល់ពលរដ្ឋក្រីក្រចំនួន ៦០គ្រួសារ ដែលរស់នៅក្នុងក្រុងប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនដល់លោកតា ឡោ ឡេង និងលោកយាយ ចេង បូ ក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំ នាភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពិធីនេះដែរស្ថិតក្រោមការអញ្ជើញចូលរួមពីលោកស្រី សោ មុន្នីរ័ត អភិបាលរងខេត្តប៉ៃលិន, លោក ថូ ចំរើន និងលោកស្រី ឡោ ហ៊ុយជូ តំណាងក្រុមហ៊ុនទឹកស្អាត ថូ ម៉ាក់ ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរស្ថាប័នជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ថូ ម៉ាក់ ប្រធានក្រុមហ៊ុន ថូ ម៉ាក់ មានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានជំរុញដល់មន្ត្រីគណបក្សគ្រប់ថ្នាក់ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ជាមួយនឹងការនាំយកអំណោយជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋណា ដែលក្រីក្រមានជីវភាពខ្វះខាតជាបន្តបន្ទាប់។ ជាក់ស្តែងពេលនេះ ក្នុងនាមលោកតំណាងឲ្យគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គ្រាន់តែទទួលដំណឹងពីអាជ្ញាធរមូលដ្ឋានថា មានបងប្អូន៦០គ្រួសារ កំពុងជួបការលំបាកខ្វះខាតស្បៀង លោកក៏ចូលរួមគ្នាជាមួយកូនចៅ ទិញនូវស្បៀងអាហារយកមកចែកជូនបងប្អូនភ្លាម បើទោះបីអំណោយស្បៀងទាំងនេះវាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែអាចដោះស្រាយបានមួយរយៈធំ ដើម្បីផ្តល់ឱកាសបងប្អូនមានពេលវេលា បង្កបង្កើនផលដាំដំណាំផ្សេងៗលក់ដូរចិញ្ចឹមជីវិតបន្តទៀត។
លោកបន្តថា ការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីឧទ្ទិសបុណ្យកុសលជូនដល់លោកតា ឡោ ឡេង និងលោកយាយ ចេង បូ ដែលត្រូវជាដន្លងលោក ក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំផងដែរ។
លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ថូ ម៉ាក់ ដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តប៉ៃលិន ក្នុងដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលជួបការខ្វះខាតស្បៀងអាហារសម្រាប់បរិភោគជាប្រចាំ។ ជាក់ស្តែងនៅព្រឹកនេះដែរ ពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ៃលិន ក៏បានទទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន ថូ ម៉ាក់ ផ្គត់ផ្គង់ទឹកស្អាតខេត្តប៉ៃលិនផងដែរ។ លោកស្រីអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនដែលចូលរួមទទួលអំណោយនាពេលនេះ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំគ្រប់ប្រភេទ ដើម្បីដោះស្រាយជីវភាពរបស់បងប្អូនឲ្យកាន់តែប្រសើឡើង។
លោកស្រីបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលស្គាល់សុខស្គាល់ទុក និងរួមរស់នៅជាមួយប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ។ ពេលណាបងប្អូនជួបការលំបាក ពេលនោះគឺបានមន្ត្រីគណបក្សប្រជាជន ជួយដោះស្រាយគ្រប់ពេល។ ដូចនេះ បងប្អូនមិនត្រូវចាញ់បោកការឃោសនារបស់ពួកអគតិ ដើរញុះញង់បំបែកបំបាក់ជាតិនោះឡើយ។
ជាមួយគ្នានេះដែរ ហេដ្ឋារចនាសម្ព័នជាតិជាច្រើន ត្រូវបានកសាងឡើងគ្រប់ទីកន្លែង ដូចជាផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន ប្រឡាយទឹកខ្វាត់ខ្វែង។ ប្រទេសជាតិមានសុខសន្ដិភាព ស្ថេរភាពនយោបាយ សេ្ថរភាពសេដ្ឋកិច្ច និងឯកភាពជាតិពេញផ្ទៃប្រទេស។ ប្រជាជនគ្រប់រូបបាន និងកំពុងទទួលនូវផ្លែផ្កាដ៏ត្រចះត្រចង់នៃសន្ដិភាពដ៏ពេញបរិបូរណ៌ ទាំងនេះកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នោះមិនត្រូវឲ្យពួកអគតិមកបំផ្លាញជាតិយើងជាដាច់ខាត។
ស្បៀងអាហារដែលចែកជូនបងប្អូនទាំង០៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុងមួយ ទឹកសុទ្ធ២កេះ ខ្ទឹម១កញ្ចប់ ស្បែកជើងមួយគូរ ស្ករស១គីឡូក្រាម ខ្នើយមួយ ប៊ីចេងមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕