ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ រក្សា ជួប​ទុក្ខ​ធំ​ ខណៈ​ម្តាយ​ជាទី​ស្រឡាញ់​ ទទួលមរណភាព

​ភ្នំពេញ ​៖ តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​សាន់​ដេ​ លោក សុខ រក្សា បច្ចុប្បន្នកំពុង​មានទុក្ខ​ក្រៀមក្រំ​ជា​ទម្ងន់​ ក្រោយពេល​អ្នក​ម្តាយ​របស់លោកបាន​ទទួលមរណភាព​កាលពី​ថ្មីៗ​នេះ ហើយ​សព​ម្តាយ​លោក សុខ រក្សា ក៏​នឹងត្រូវ​បូជា​នា​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ​នេះផងដែរ​។

​ដំណឹង​នៃ​មរណភាព​ម្តាយ​របស់​តារាចម្រៀងលោក សុខ រក្សា ខាងលើនេះ ត្រូវបាន​សាមីខ្លួន​លោក សុខ រក្សា ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ថា​ ម្តាយ​របស់លោក​ពេលនេះ​បានទទួលមរណភាព​ហើយ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យមួយរយៈ​ពេលកន្លងមកហើយ​នោះ ​ដែល​បច្ចុប្បន្ន​សព​ម្តាយ​លោកក៏ត្រូវ​បានរៀបចំ​បូជា​នៅឯ​ស្រុកកំណើត​​ខេត្តបាត់ដំបង​។

​លោក សុខ រក្សា បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សព​របស់​ម្តាយ​ខ្លួន ​ដែលទទួលមរណភាព​នោះ​ថា ខ្ញុំ​សូម​ថ្លែងអំណរគុណ​បងប្អូន​មិត្តភក្ដិទាំងអស់គ្នា​ ដែល​បាន​ជួ​យមក​ផ្តល់​ឈាម ​និង​បារ​ម្ភ​អំពី​អ្នកម្តាយ​របស់ខ្ញុំ​។ ប៉ុន្តែ​ពេលនេះ​អ្នក​ម្តាយ​ខ្ញុំ​គាត់​ទៅ​ចោល​ខ្ញុំ​រហូត​ហើយ ​ខ្ញុំ​កំពុង​រៀបចំ​យក​គាត់​ទៅធ្វើ​បុណ្យ​នៅ​ខេត្តបាត់ដំបង ​ហើយ​សូមអោយអ្នក​ម្តាយ​របស់ខ្ញុំ​បាន​ទៅកាន់​ឋានសួគ៌ និងឋាន​សុខ RIP​។ បន្ថែម​លើ​នេះ​តារាចម្រៀង​ប្រុស​លោក សុខ រក្សា បាន​បញ្ជាក់ថា សពម្តាយ​របស់ខ្ញុំ​នឹង​ត្រូវ​បូជា​នៅ​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ ហេតុនេះ​ខ្ញុំបាទ​សូម​ជម្រាបជូន​ ហើយក៏​សូម​គោរព​អញ្ជើញ​ញាតិមិត្ត​ជិតឆ្ងាយ ​អ៊ុំ​ពូ​មីង​ បងប្អូន​ទាំងអស់ ​អញ្ជើញ​ចូលរួម​ពិធី​បូជា​នេះ​ផង​ ទីតាំង​ស្ថិតនៅវត្ត​ពោធិ៍​ក្នុង ខេត្តបាត់ដំបង​។

​តាមរយៈ​ដំណឹង​មរណៈភាព​ដ៏​ក្រៀមក្រំ​ ពី​សំណាក់​លោក សុខ រក្សា និងក្រុមគ្រួសារ​ទាំងមូល​ខាងលើនេះ ​គេ​សង្កេតឃើញ​មាន​មហាជនជាច្រើន​បាន​ចូលរួម​សម្តែង​ការសោកស្តាយ​ ជាមួយនឹងការលើកទឹកចិត្ត​លោក សុខ រក្សា ក្នុងការ​កាត់ចិត្ត​ ព្រោះ​វេលានេះ​គឺ​ម្តាយ​របស់លោក​បាន​ដល់​ឋាន​ដែល​ស្ងប់​សុខ​ហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684