ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ពីបទឆបោក ខណៈយកខ្សែដៃក្លែងក្លាយមកបន្លំ ដាក់បញ្ចាំនៅផ្ទះអ្នកលក់មាស ហើយត្រូវបានអ្នកលក់មាសដឹង ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ កាលពីម៉ោង១កន្លះរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។
ជនសង្ស័យឈ្មោះ ទិត វណ្ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន(ភ្នំពេញ) និងមានស្រុកកំណើត ភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រីឯអ្នកលក់មាស និងជាដើមបណ្តឹងក្នុងរឿងនេះមានឈ្មោះ សាន់ ស្រីទូច ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវលំភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីជាដើមបណ្តឹងបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺដោយសារតែជនសង្ស័យ បានយកខ្សែដៃប្លាទីនក្រឡៃមួយខ្សែ ដែលមានទម្ងន់៦ជីមកដាក់បញ្ចាំ ក្នុងតម្លៃ៥០ដុល្លារ ពេលនោះរូបគាត់បានយកខ្សែដៃនោះទៅពិនិត្យ ក៏ឃើញថាជារបស់ក្លែងក្លាយទើបឃាត់ខ្លួន ហើយរាយការណ៍ទៅប៉ូលិសមូលដ្ឋាន ឱ្យចុះមកទទួលយកតែម្តង។
នាងបន្តទៀតថា អ្វីដែលធ្វើឱ្យនាងសង្ស័យនោះ គឺក្នុងខែកក្កដា នេះ មានក្រុមសង្ស័យចំនួន៤នាក់ បានយកខ្សែក ខ្សែដៃ កងដៃ មកបន្លំដាក់បញ្ចាំ ដោយគាត់ចំណាយប្រាក់អស់ ចំនួនជាង៦០០ដុល្លារ ហើយក៏គេចខ្លួន។ លុះក្រោយមកទៀត នៅថ្ងៃកើតហេតុនេះស្រាប់តែមានជនសង្ស័យខាងលើ បានយកខ្សែដៃប្លាទីនក្រឡៃទម្ងន់៦ជី មកដាក់បញ្ចាំដោយយកប្រាក់ត្រឹមតែ៥០ដុល្លារ ធ្វើឱ្យគាត់មានការសង្ស័យព្រោះមានមេរៀនរួចមកហើយ ក៏យកទៅពិនិត្យទើបដឹងថាក្លែងក្លាយ ដោយខឹងគេឆបោកកន្លងមកផង ទើបចាប់ជនរូបនេះប្រគល់ឱ្យប៉ូលិសចាត់ការតែម្តង។
ចំណែកជនសង្ស័យបានឆ្លើយថា ខ្សែដៃនេះមានទម្ងន់៤ជី ជារបស់ប្រពន្ធខ្លួនដែលទិញនៅផ្សាច្បាអំពៅក្នុងតម្លៃជាង៤០០ដុល្លារ។ ហើយនៅថ្ងៃកើតហេតុ ប្រពន្ធខ្លួនបានទៅធ្វើការរោងចក្រ ហើយរូបគេអត់លុយចាយក៏យកខ្សែដៃនេះមកដាក់បញ្ចាំចំនួន៥០ដុល្លារ ស្រាប់តែម្ចាស់ផ្ទះលក់គ្រឿងអលង្ការចោទថា ជារបស់ក្លែងក្លាយក៏ឃាត់ខ្លួនឱ្យសមត្ថកិច្ច។
ករណីនេះកន្លងមកអ្នកលក់មាស ក៏តែងតែប្រើវិធីបោកប្រាស់អ្នកទិញដែរ ដូច្នេះចំពោះករណីនេះ ជនជនជាប់ចោទអាចជាជនរងគ្រោះ កាលពីទិញខ្សែដៃនេះពីគេនៅផ្សារចំអំពៅនោះក៏អាចថាបានដែរ ប៉ុន្តែទោះបីយ៉ាងណា ជនសង្ស័យកំពុងត្រូវបានគេចាប់ឃុំខ្លួនហើយដែរ៕