ព័ត៍មានទាន់​ហេតុការណ៏
Search

បើ​លោក សម រង្ស៊ី ប្រឆាំង​ផែនការ “​ក​៥” មានន័យ​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាស​ន៍ ​ប៉ុល ពត ​ត្រឡប់មក​កាប់សម្លាប់​ប្រជាជន​សាជាថ្មី

​ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា ផែនការ “​ក​៥” ជា​ផែនការ​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​ នៃ​របប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុល ពត ដូច្នេះ​បើ​លោក​ សម រង្សី ប្រឆាំងនឹង​ផែនការ​នេះ​មានន័យថា លោក​ សម រង្សី​ ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុល ពត ​ត្រឡប់មក​កាប់សម្លាប់​ប្រជាជន​កម្ពុជា​សាជាថ្មី​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លើកឡើង​បែបនេះកាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា និង​ជាការ​ឆ្លើយ​តបចំពោះ​ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ដែល​បានលើកឡើង​នូវ​ហេតុផល​ចំនួន​៤​យ៉ាង ថាជា​ជន​ក្បត់ជាតិ ដែល​ក្នុងនោះក៏មាន​ផែនការ “​ក​៥” ផងដែរ​។

​លោក សុខ ឥសាន បាន​មាន​ប្រសា​ស​ន៏​ថា “​ក្រោយពី​ធ្វើ​នយោបាយ​អត្តឃាត​ខ្លួនឯង អស់​តួនាទី អត់​ការងារ​ធ្វើ គ្មាន​អ្នកណា​យកចិត្តទុកដាក់រាប់អាន គ្មាន​អ្នកណា​នឹកនា​ដល់ សម រង្សី​កាន់តែ​បង្ហាញឲ្យ​ឃើញថា អស់សង្ឃឹម​ក្នុង​ជីវិត​ខ្លាំង​មែនទែន ដោយ​ចេះតែនិយាយ​បែប​រវើរវាយ ដូច​មនុស្ស​សរសៃ​ប្រាសាទ និយាយ​កាន់តែប្រាសចាក​ការពិត​ខ្លាំង​ទៅៗ​”​។

​លោក សុខ ឥសាន លើកឡើង​ទៀតថា លោក សម រង្សី បាន​ចោទថា រាជរដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម​។ បើ​រាជរដ្ឋាភិបាល​កាត់​ដី​ឲ្យ​វៀតណាម មិនចាំបាច់​តស៊ូ​ស្វិតស្វាញ​ក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ព្រំដែន​ទេ មិនបាច់​មាន​ផែនទី​បន្សល់ទុក​ដោយ​បារាំង​យកមក​តទល់​គ្នា​ រហូត​ការពារ​បាន​បូរណភាព​ដែនដី​នៅ​គង់វង្ស​ដូច​សព្វថ្ងៃនេះ​ទេ។ ដូច​ករណី​ឃុំ​ដូង ក្នុងស្រុក​រមាសហែក ខេត្តស្វាយរៀង បើសិនជា​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​មែននោះ ប្រាកដជា​ប្រជាជន​ឃុំ​ដូង​មិន​បោះឆ្នោត​គាំទ្រ​ ស៊ី​ភីភី​ ឲ្យឈ្នះឆ្នោត​ទេ​។ លោក​បន្តថា សព្វថ្ងៃនេះ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋឯករាជ្យ មាន​អាធិបតេយ្យ មាន​បូរណភាព​ទឹកដី ស្មើ​សិទ្ធិ ស្មើភាពជាមួយ​បណ្តា​ប្រទេស​លើ​ពិភពលោក​។ ដូច្នេះរាជរដ្ឋាភិបាល​ធ្វើការតាម​តួនាទី​ភារកិច្ច​របស់ខ្លួន​តាម​ឆន្ទៈ​រប​សម​ប្រជាជន ដើម្បី​បុព្វហេតុជាតិ និង​ប្រជាជន​កម្ពុជា មិនមែន​ដើម្បី​បម្រើ​បរទេស​ដូចការនិយាយ​មួលបង្កាច់​របស់ សម រង្សី​ នោ​ទេ​។

​លោក សុខ ឥសាន លើក​ឡើ​ក​ឡើង​ទៀតថា “​ដោយសារ​គណបក្សប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ស្រឡាញ់​ទឹកដីនេះហើយ​ បានជា​យកចិត្តទុកដាក់​ក្នុងការ​បោះបង្គោល​ព្រំដែនជាមួយ​ប្រទេសជិតខាង ​ឲ្យ​មាន​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់ងាយស្រួល​ការពារ ថែរក្សា មិនមែន​បានតែ​មាត់​ដូច​ជនមានពូជ​ក្បត់ជាតិ សម រង្សី ទេ​”​។

​តាម​លោក សុខ ឥសាន ផែនការ​ក​៥ ជា​ផែនការ និង​សកម្មភាព​ទប់ស្កាត់ការវិល​ត្រឡប់មកវិញ​ នៃ​របប​ប្រល័យ​ពូជ​សាស​ន៍ ប៉ុល ពត ។ បើ​សម រង្សី​ប្រឆាំង​ផែនការ​ក​៥ មានន័យថា សម រង្សី​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាស​ន៍ ​ប៉ុល ពត​ ត្រឡប់មក​កាប់សម្លាប់​ប្រជាជន​កម្ពុជា ​ដែល​ទើបបាន​រួចរស់​ជីវិត​នា​ថ្ងៃ​៧ ​មករា​ ៧៩ ជាថ្មី​ឡើងវិញ​។ សម រង្សី គឺជា​អ្នកគាំទ្រ​របប​ប្រល័យ​ពូជ​សាស​ន៍ ​ប៉ុល ពត យ៉ាងពិត​ប្រាកដ​”​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ចោទ​សម្តេច​តេ​ជោ ហ៊ុន សែន ថាបាន​បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើ​ឲ្យ​ប្រទេសរបស់ខ្លួន​បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ និង​កាត់ទឹកដី​ឲ្យ​ទៅ​ប្រទេសជិតខាង សម្លាប់​ប្រជារាស្ត្រ​ខ្លួនឯង​ក្នុង​ទ្រង់ទ្រាយធំ ដូចជា​ការអនុវត្តផែនការ “​ក​៥” ដែល​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​ទៅ​ស្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684