ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​Fujieda MYFC របស់ ចាន់ វឌ្ឍនាកា ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​បាត​តារាង​ក្នុង​លី​ក​ទី​៣​ប្រទេស​ជប៉ុន

ក្លិប​បាល់ទាត់ Fujieda MYFC សមាជិក​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​៣​របស់​ប្រទេស​ជប៉ុន (J3 League) ដែល​ជា​ក្លិប​កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា កំពុង​ប្រកប​អាជីព បាន​ប្រកួត​សប្ដាហ៍​ទី​១៦ របស់ខ្លួន​ស្មើគ្នា​ជាមួយ​ក្រុម​បាត​តារាង​YSCC Yokohama កាលពី​ថ្ងៃអាទិត្យ កន្លងទៅ ខណៈ​ក្រុម​នេះ​កំពុង សាង​កំណត់ត្រា​មិនទាន់​ចាញ់​ទាល់តែសោះ​ក្នុងចំណោម​៤​លើក​ជាប់ៗ​គ្នា​ប្រចាំ​ប្រវត្តិសាស្ត្រ​របស់​ក្លិប​។

ប្រកួត​ក្នុង​សប្ដាហ៍​ទី​១៦ ប្រចាំ​ពានរង្វាន់ J3 League ក្រុម Fujieda MYFC បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​បាត​តារាង YSCC Yokohama ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន Nippastsu Mitsuzawa ក្នុង​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​។ កីឡាករ Atsushi Yoshida របស់​ក្រុម​ម្ចាស់ផ្ទះ​បាន​រក​គ្រាប់​បាល់​នាំ​មុខមុន​ក្នុង​នាទី​៦៦ ខណៈ​នៅ​នាទី​៧៤ ក្រុម Fujieda MYFC តាម​ស្មើ​វិញ​ដោយ​ថ្វី​ជើង​កីឡាករ Miyoshi Oyo​។ ក្រុម Fujieda MYFC កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេ​៩​ប្រចាំ​តារាង​រួម​ដែលមាន​២២​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​បាន​១៦​លើក ឈ្នះ​បាន​៦​លើក ស្មើ​៤​លើក និង​ចាញ់​៦​លើក​។

​គិត​មក​ត្រឹម​ពេលនេះ ​លោកគ្រូ​បង្វឹក Atsuto Oishi របស់​ក្រុម Fujieda MYFC នៅ​មិនទាន់​សម្រេចចិត្ត​ដាក់ ចាន់ វឌ្ឍនាកា ឲ្យ​ចូល​លេង​នៅឡើយ​នោះទេ ដោយ​លោក​ចង់​ឲ្យ​កីឡាករ​រូប​នេះ​សាំ​នឹង​ក្រុម​ទាំង​កម្លាំង បច្ចេកទេស ជាមុនសិន ទើប​ដាក់​ឲ្យ​ចូល​លេង បង្ហាញ​ទម្រង់​លេង​បាន​ល្អ​តែម្ដង​។ នៅ​សប្ដាហ៍​ទី​១៦ នេះ​លោក​មិនបាន​ដាក់ វឌ្ឍនាកា ឲ្យ​ស្ថិតក្នុង​បញ្ជី​កីឡាករ​បម្រុង​នោះ​ទេ ខណៈ​កាលពី​សប្ដាហ៍​ទី​១៥ លោក​ដាក់​ក្នុង​បញ្ជី​បម្រុង​។

ពានរង្វាន់​ប្រចាំ​លីក​លំដាប់​ទី​៣ របស់​ជប៉ុន មាន​ក្រុម​ចូលរួម​ចំនួន​១៧​ក្រុម ហើយ​ក្រុម​ដែល​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​មាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ចំនួន​២​ក្រុម​ត្រូវ​ឡើង​ទៅលេង​ពានរង្វាន់​លំដាប់​ទី​២ នៅ​ឆ្នាំ​បន្ទាប់​។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា គឺជា​កីឡាករ​ដំបូង​របស់​កម្ពុជា ដែលមាន​ឈ្មោះ​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​ជប៉ុន ផងដែរ​។

​សូម​រំលឹក​ថា ​កីឡាករ ចាន់ វឌ្ឍនាកា បាន​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​របស់​ខ្លួន Fujieda MYFC ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល ពី​ក្លឹប​បឹង​កេត​អង្គរ របស់​កម្ពុជា​។ យ៉ាង​ណា​ក្តី​ភាគី​ទាំងសងខាង មិនបាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ និង​ប្រាក់ខែ​ច្បាស់លាស់​នោះ​ទេ​។ ប៉ុន្តែ​លោក បែ មករា អ្នកចាត់ការ​ក្រុម​បឹងកេត​អង្គរ លើក​ឡើង​ថា ​ប្រាក់ខែ​កីឡាករ​ម្ចាស់​អាវ​លេខ​១១​រូប​នេះ​ក្បែរ​ខ្ទង់​ម៉ឺន​ដុល្លារ នៅ​មិនទាន់​បូក​បន្ថែម​ថ្លៃ​អ្នក​ប្រែ​១​រូប រថយន្ត​សម្រាប់​ជិះ​១​គ្រឿង និង​ខុន​ដូ ២​បន្ទប់​នោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684