ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Muangthong United របស់​ថៃ ត្រឡប់​ទៅដល់​ប្រទេស​ខ្លួន​វិញ ក្រោយ​បំបាក់​ក្រុម Cambodia All Stars ៤​ទល់​០

ក្រុមបាល់ទាត់​Muangthong United របស់​ថៃ បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​របស់​ខ្លួន​វិញ​ហើយ ក្រោយ​ប្រកួត​យកឈ្នះ​លើ​ក្រុម​ម្ចាស់​ស្រុក Cambodia All Stars ដោយ​លទ្ធផល ៤​ទល់​០ កាលពី​ថ្ងៃអាទិត្យ ទី​១៦ ខែកក្កដា ថ្មីៗ​នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​។

​គ្រាប់​បាល់​ទាំង​៤​គ្រាប់​របស់​ក្រុម Muangthong United រកបាន​ដោយ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Leandro Assumpcao រក​គ្រាប់​បាល់​៣​គ្រាប់​ឲ្យ​ក្រុម​ភ្ញៀវ​ក្នុង​នាទី​ទី​៨, ១៤, ៨១ ខណៈ​មិត្ត​រួម​ក្រុម​ជនជាតិ​ថៃ Ratchapol Nawanno ជា​អ្នករក​គ្រាប់​បាល់​១​គ្រាប់​ទៀត​ក្នុង​នាទី​២៥​។ ក្រុម​ខ្លាំង​របស់​ថៃ មួយ​នេះ​បានធ្វើ​ដំណើរ​ទៅដល់​ស្រុក​វិញ តាំងពី​ថ្ងៃ​ច័ន្ទ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម Consadole Sapporo សមាជិក​លីក​កំពូល​របស់​ជប៉ុន ដែល​បាន​ខ្ចី​ជើង​កីឡាករ Channathip Songkrasin របស់ខ្លួន នៅ​ថ្ងៃទី​២២​ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ​។

​សូម​រំលឹក​ថា ​គោលដៅ​នៃ​ការប្រកួត​រវាង​ក្រុម Muangthong United និង​ក្រុម Cambodia All Stars គឺ​ដើម្បី​ដកស្រង់​បទពិសោធន៍ រវាង​ក្រុម​ទាំង​២​ក៏ដូចជា​រឹត​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង ជាពិសេស​គឺ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​សកម្មភាព​ពង្រឹង​សមត្ថភាព​កីឡាករ​បាល់ទាត់​វ័យក្មេង​កម្ពុជា​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ។

ក្រោយ​ចប់​ការប្រកួត​លោក Totchtawan Sripan គ្រូ​បង្វឹក​នៃ​ក្លិប Muangthong United បាន​លើកឡើង​ថា «​ទាំងពីរ​ក្រុម​ខិតខំ​លេង​អស់​សមត្ថភាព​រៀងៗ​ខ្លួន ហើយ​ខាង​ក្រុម​របស់​យើង​បាន​ប្រែង​យ៉ាងខ្លាំង ហើយក៏​សុំ​សរសើរ​ដល់​ក្រុម Cambodia All Stars ផងដែរ ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ក្នុង​ប្រកួត​នេះ​។ បើ​មើល​ទៅលើ​គ្រាប់​បាល់​អាច​ខុសគ្នា​ច្រើន តែបើ​មើល​ទៅលើ​ថ្វី​ជើង​នៃ​ការលេង គឺ​លេង​ប្រហាក់ប្រហែល​គ្នា ជាពិសេស​គឺ​នៅ​តង់​ទី​២​តែម្ដង ខាង Cambodia All Stars គាត់​លេង​បាន​ល្អ​មែនទែន​ខ្ញុំ​សុំ​សរសើរ​»។

ចំណែក​លោក Leonardo Vitorino គ្រូបង្វឹក​របស់​ក្រុម Cambodia All Stars វិញ​បាន​លើក​ឡើង​ដែរ​ថា «​ចំពោះ​ជម្រើស​ដំបូង ដោយសារ​កីឡាករ​មាន​កម្រិត​សមត្ថភាព​ខុសគ្នា ក្នុង​នោះ​កីឡាករ​បរទេស​ខ្លះ​មាន​កម្រិត​ខ្ពស់​ដាច់ ទើប​ធ្វើ​ឲ្យ​ការ​លេង​មិនបាន​ល្អ។ ដោយហេតុ​នេះ ខ្ញុំ​បាន​ព្យាយាម​រើស​កីឡាករ​មាន​កម្រិត​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ដាក់​ឲ្យ​លេង ហើយ​ពួកគេ​ពិតជា​បង្ហាញ​ទម្រង់​លេង​បានល្អ​។ សម្រាប់​កីឡាករ​នៅ​វគ្គ​ទី​២ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា យើង​គឺជា​ក្រុម​ជម្រើសជាតិ ហើយ​ពួកគេ​ក៏បាន​ព្យាយាម​លេង​បាន​ល្អ​ទោះបី​ជាមាន​វ័យក្មេង​ក្ដី​។ ដូច្នេះ​ខ្ញុំ​នឹង​ពិចារណា​លើ​បេក្ខភាព​កីឡាករ​ជម្រើសជាតិ​នា​ពេល​អនាគត​បន្ថែមទៀត​»​។

ដំណើរ​មក​កម្ពុជា របស់​ក្រុម​ជើងឯក​លី​គ​កំពូល​ថៃ ឆ្នាំ​២០១៦ មួយ​នេះ​បាន​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​ដូចជា អ្នកចាំទី Kawin Thammasatchanan ខ្សែការពារ Tristan Somchai Do, Adison Promrak, Peerapat Notchaya, Theerathorn Bunmathan ខ្សែបម្រើ Wattana Playnum និង​ខ្សែប្រយុទ្ធ Siroch Chatthong, Teerasil Dangda, Adisak Kraisorn ព្រោះ​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ ដែល​ទើប​លើក​ពានរង្វាន់ King’s Cup 2017 កាលពី​ថ្ងៃអាទិត្យ ថ្មីៗ​នេះ​ដោយមាន​៤​ប្រទេស​ចូលរួម​បូក​ទាំង​កូរ៉េខាងជើង បេឡា​រ៉ុ​ស និង​បូ​គី​ណា​ហ្វា​សូ។

​ក្រុម Cambodia All Stars គឺជា​ការប្រមូលផ្ដុំ​កីឡាករ​ល្អៗ​នៅក្នុង​លីក​កំពូល​កម្ពុជា ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ខណៈ​ក្រុម​នេះ​ធ្លាប់​បាន​ប្រកួត​មិត្តភាព​៤​លើក​រួច​មក​ហើយ​។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុង​រចនា ក៏​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​មួយ​នេះ​។ សូម​រំលឹក​ថា​ក្រុម Cambodia All Stars ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​នៅ​ចុង​ឆ្នាំ​២០១៥​។ កីឡាករ​ដែល​ប្រមូលផ្ដុំ​លើក​នេះ​មាន​កីឡាករ Fujihara Kento, ឆុំ ភី​ហ្សា​, ណុប តុលា ,Booysen Shane, នេន សុធា​រ័ត្ន​, សឿត បារាំង​, រស់ សំអឿន​, សឿ​យ វិសាល​, ទិ​ត្យ ឌី​ណា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ច្រឹង ពលរដ្ឋ​, ហួយ ផល្លី​ន , កែវ សុខ​ង៉​ន​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ស៊ិន កក្កដា​, ស៊ូ យ៉ា​ទី​, កែវ សុខ​ផេង , ឃួន ឡា​បូ​រ៉ាវី​, នួន បូរី​, Suzuki Yuta, ប្រាក់ ធី​វ៉ា​, Ajayi Mbenga Samuel, អ៊ុំ សេរី​រ័ត្ន និង Yanagidate Kazu៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684