ព័ត៍មានទាន់​ហេតុការណ៏
Search

ខួប​៥​ឆ្នាំ CNRP៖ ជា​ខួប​នៃ​ជ័យជំនះ​របស់លោក កឹម សុខា ដែល​អាច​លេប សម រង្សី ដោយសារ​នយោបាយ​អត្ត​ឃាត

ភ្នំពេញ​ ៖ ដោយ​មិនបាន​រៀបចំ​ពិធី​អ្វី​ធំដុំ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ខ្លួន​សម្រាប់​ខួប​៥​ឆ្នាំ នៃ​ការចាប់​កំណើត​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ លោក សុខ ឥសាន ថា នេះ​ជា​ខួប​នៃ​ជ័យជំនះ​របស់ ​កឹម សុខា ជាកង្កែប ​អាច​លេប សម រង្សី ជាពស់ ដោយសារ​នយោបាយ​អត្ត​ឃាត ហើយ​មកដល់ពេលនេះ លោក សម រង្សី អត់​មាន​សល់​អ្វី​ទាំងអស់ បន្សល់ទុក​នូវ​ក្តី​សោកា​បំផុត​។

សេចក្តី​ថ្លែង​ការណ៍​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១៧ ជា​ថ្ងៃ​ខួបកំណើត​គណបក្ស​សង្គ្រោះ​ជាតិ គម្រប់​៥​ឆ្នាំ (១៧ កក្កដា​២០១២-១៧ កក្កដា ២០១៧) ។ គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​រួបរួម​គ្នា​រវាង​អ្នកស្នេហាជាតិ ស្រឡាញ់​យុត្តិធម៌ និង​សេរីភាព ស្របតាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​សង្គ្រោះ​ខ្មែរ​ ឲ្យ​រួច​ផុត​ពី​អយុត្តិធម៌​សង្គម​ជាដើម​។ គណបក្ស​បន្ត​ថា រយៈពេល​៥​ឆ្នាំនេះ ខ្លួន​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ និង​ធ្វើតាម​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ធ្វើ​សកម្មភាព​នយោបាយ​ប្រកាន់ខ្ជាប់ ​នូវ​គោល​ការ​ណ៍​អហិង្សា​ខ្មែរ​តែមួយ។

ដោយឡែក​នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ​ដែរ លោក កឹម សុខា ប្រធាន​គណបក្ស​ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ បន្ដ​ការ​ពង្រឹង និង​ពង្រីក​ការងារ​រួមគ្នា ដោយ​អហិង្សា ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន តាមរយៈ​ការបោះឆ្នោត​នៅ ឆ្នាំ​២០១៨​នេះ។

ទាក់ទង​បញ្ហា​ការ​ចង​សម្ព័ន្ធភាព​ រវា​ង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចេញ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា នៅពេលនេះ គឺជា​ខួប​៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សា​ង្គ្រោះ​ជាតិ ក្រោម​សម្ពន្ធភាព​រវាង​គណបក្ស​សម រង្សី និង​គណបក្ស​សិទ្ធិមនុស្ស។ លោក​បន្ត​ថា មុន​ពេល​ចងសម្ព័ន្ធភាព​ បង្កើត​គណបក្ស​ថ្មី លោក សម រង្សី បាន​កំណត់​ថា​គណបក្ស​ខ្លួន ដែល​បង្កើត​ឡើង​ពី​ភ្លើងកំហឹង ពី​គំនុំ​សង​សឹក និង​ពី​ការ​ចង​អាឃាត​ជាមួយ​មេដឹកនាំ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដក​ខ្លួន​ក្រវាត់​ចោល ​កាលពី​ឆ្នាំ​១៩៩៤ នោះ មាន​មោទនភាព​បុគ្គល​ខ្លាំងក្លា​ណាស់ ដោយ​កំណត់​ខ្លួន​ថា ជា​គណបក្សប្រឆាំង​ផ្តាច់​មុខ និង​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា​។

តាម​លោក សុខ ឥសាន ដោយសារ​មោទនភាព​នេះ​ហើយ បានជា​លោក សម រង្ស៊ី តាំង​ខ្លួនឯង​ចេះ​ជាងគេ ឆ្លាត​ជាងគេ គ្មាន​អ្នកណា​អាច​ប្រដៅ​សម រង្ស៊ី បាន​ឡើយ​។ ដោយហេតុ​នេះហើយ​បានជា សម រង្ស៊ី បាន​ដើរ​នយោបាយ​ខុសឆ្គង​ម្តង​ហើយ​ម្តង​ទៀត រហូតដល់​បរាជ័យ​ ទាំង​ដល់​ថ្នាក់​អស់​អ្វី​ពី​ខ្លួន ហើយ​ឈាន​ដល់​សម្លាប់​ជីវិត​នយោបាយ​ខ្លួនឯង​ទៀតផង​។

ឥឡូវនេះ ឈាន​ដល់​ខួប​៥ ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សា​ង្គ្រោះ​ជាតិ សម រង្សី អត់​មាន​សល់​អ្វី​ទាំងអស់​ បាន​ត្រឹម​ជីវិត​នយោបាយ​របស់​ខ្លួន ​ត្រូវបាន​បញ្ចប់​ដោយ​ខ្លួន​ឯង​ផ្ទាល់ បន្សល់ទុក​ត្រឹម​សោកា​ប៉ុណ្ណោះ​។ នេះ​ហើយ​ជា​លទ្ធផល​ នៃ​នយោបាយ​អត្តឃាត​ខ្លួន​ឯង និង​ជា​ឱកាស​ផ្តល់​ឲ្យ​លោក កឹម សុខា ដែល​មានតែ​៣​អាសនៈ អាច​លេប​យក​គណបក្ស សម រង្សី ដែល​មាន​២៦ អាសនៈ​បាន​ទាំងស្រុង ប្រៀបបាន​នឹង​កង្កែប​លេប​ពស់​ទាំងមូល​ដែរ​។

លោក សុខ ឥសាន បញ្ជាក់​ថា ក្នុង​ខួប​៥​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ខួប​នៃ​ជ័យជំនះ​របស់លោក កឹម សុខា ដែល​ជា​កង្កែប ដែល​អាច​លេប​ពស់ សម រង្ស៊ី បាន​ដោយសារ​នយោបាយ​អត្តឃាត​ខ្លួនឯង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684