ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ក្រុមបាល់ទាត់ SCG Muangthong United ចូលរួម​បណ្តុះបណ្តាល និង​ជំរុញ​ទឹកចិត្ត​កុមារ​ហ្វឹកហ្វឺន​បាល់ទាត់

ភ្នំពេញ ​៖ ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ កំពុង​ជា​ប្រធានបទ​ក្តៅ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ការ​ជួប​ប្រកួត​គ្នា​រវាង​ក្រុម K-Cement Cambodia All Stars និង​ក្រុមបាល់ទាត់​ថៃ SCG Muangthong United គឺជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​ឆ្នាំ ២០១៧ និង​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាបាល់ទាត់​រំជើបរំជួល​នៅ​ទូទាំងប្រទេស​។

ទោះជា​យ៉ាង​នេះ​ក្តី ក្រោម​ស្មារតី​សប្បុរស កីឡាករ​ទាំងអស់​ក្នុង​ក្រុម SCG Muangthong United បាន​ចែករំលែក​ពេលវេលា​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​បាល់ទាត់ ដែល​ពួកគេ​បាន​ជួយ​បង្ហាត់បង្រៀន​ដោយ​ផ្ទាល់​ដល់​កុមារ និង​យុវជន​កម្ពុជា ដែលមាន​ឆន្ទៈ និង​ស្រឡាញ់​កីឡាបាល់ទាត់ ហើយ​ក្រុម​កីឡាករ​បាន​លើកទឹកចិត្ត​ឲ្យ​កុមារ និង​យុវវ័យ​ចំណាយ​ពេលវេលា ចូលរួម​ក្នុង​សកម្មភាព​អត្ថប្រយោជន៍ ដូចជា​ការលេង​កីឡា​ដើម្បី​សុខភាព​ជាដើម។

លោក Pongdhana Dejvittayaporn ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុមហ៊ុន អេស​ស៊ីជី ស៊ីម៉ងត៍​-​សម្ភារៈ​សំណង់​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន អេស ស៊ី ជី ប្តេជ្ញា​លើកស្ទួយ​ការរស់នៅ​សម្រាប់​គ្រប់​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ ។ យើង​តែង​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ស្របតាម​គុណ​តម្លៃ​ស្នូល​មួយ​របស់​យើង​គឺ “​ការ​ជឿជាក់​ទៅលើ​គុណ​តម្លៃ​របស់​បុគ្គល​ម្នាក់​” ។ ដូច្នេះ សកម្មភាព​ហ្វឹកហ្វឺន​បាល់ទាត់ ‘Kick and Share by SCG’ នេះ មាន​គោលបំណង​បំផុសគំនិត និង​លើកទឹកចិត្ត​ស្រឡាញ់​កីឡា​ក្នុងចំណោម​កុមារ និង​យុវជន​ខ្មែរ​”​។

លោក​បន្ត​ថា “​ថ្ងៃនេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ក្រុមហ៊ុន អេស​ស៊ីជី និង​ក្លឹប​បាល់ទាត់ SCG Muangthong United ជួយ​កុមារ​កម្ពុជា​ដុសខាត់​ទេពកោសល្យ​បាល់ទាត់​របស់​ពួកគេ។ លើសពី​នេះ​ទៀត សកម្មភាព​នេះ​នឹង​ជួយ​ឲ្យ​កុមារ​ប្រើប្រាស់​ពេលវេលា​ទំនេរ​ដោយមាន​ប្រយោជន៍ ដូចជា ការ​លេង​កីឡាបាល់ទាត់ នឹង​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក អនាគត​ភ្លឺស្វាង​”។

សកម្មភាព​ហ្វឹកហ្វឺន​នេះ ត្រូវ​បាន​រៀបចំឡើង​កាលពី​ថ្ងៃ​១៥ ខែកក្កដា នៅ​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយ​ក្នុង​នោះ​កុមារ និង​យុវជន​ប្រមាណ​២០០​នាក់ ត្រូវ​បាន​ជ្រើសរើស​មក​ពី​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស។ ខ្លះ​ជា​កុមារ​ងាយ​រងគ្រោះ​ដែល​ស្នាក់​នៅ​តាម​វត្ត​អារាម ដែល​ធ្វើដំណើរ​មកពី​ខេត្ត​ឆ្ងាយៗ ដូចជា​ស្វាយរៀង​ជាដើម ក៏​មាន​។ កុមារ និង​យុវជន​ត្រូវ​បាន​បែងចែក​ទៅជា​ក្រុម​តូចៗ ហើយ​ក្រុម​នីមួយៗ​ទទួលបាន​ការបណ្តុះបណ្តាល​ដោយផ្ទាល់ និង​ជិតស្និទ្ធ​ពី​សំណាក់​កីឡាករ និង​ក្រុមការងារ​ក្លឹប SCG Muangthong United ដោយ​ពួកគេ​រៀន​លើក​បាល់ ប៉ះបាល់ ស៊ុត​បាល់ និង​ចាប់​បាល់ ជាដើម។

លោក Sarach Yooyen ដែលជា​ខ្សែបម្រើ​ឆ្នើម​ប្រចាំ​ក្រុម SCG Muangthong United បាន​និយាយថា “​សកម្មភាព​ថ្ងៃនេះ ពិត​ជា​មាន​សារប្រយោជន៍​ណាស់ ខ្ញុំ​សង្ឃឹមថា​បទ​ពិសោធ​ថ្ងៃនេះ នឹង​លើកទឹកចិត្ត​ឲ្យ​កុមារ​ទាំងនេះ​សម្រេច​ក្តី​សុបិន​ធំៗ និង​សម្រេច​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ជីវិត។ កីឡាបាល់ទាត់​គឺ​ឧបករណ៍​ដ៏​មាន​ប្រយោជន៍ ក្នុងការ​បង្កើត​ទម្លាប់​ល្អ និង​មិត្ត​ភាពល្អ​”​។

ប្អូនប្រុស ធឿន គីម​ឆាយ អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​បឋមសិក្សា​សំពៅ​មាស រាជធានី​ភ្នំពេញ បាន​និយាយ​ថា “​ខ្ញុំ​សប្បាយចិត្ត ដែល​បានមក​ថ្ងៃនេះ។ ខ្ញុំ​បាន​ហាត់​បាល់ និង​រៀន​បាន​ច្រើន។ ខ្ញុំ​ចង់​ក្លាយ​ជា​អ្នកលេង​បាល់ទាត់​ល្បី ដូច​ពួកគាត់​ដែរ ពេល​ធំ​ឡើង​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684