ព័ត៍មានទាន់​ហេតុការណ៏
Search

បើកឡាន​រ៉ឺយ៉ែ​ប៉ះ​ខ្ទះ​ខ្លាញ់​ចៀន​នំ ​ខ្ទាត​រលាក​របួស​បីនាក់

ភ្នំពេញ ៖ មនុស្ស​បី​នាក់​បាន​រង​របួស​ធ្ងន់​និង​ស្រាល​ព្រម​ៗ​គ្នា​ ខណៈ​​ពួកគេ​កំពុង​ឈរ​ចៀន​នំ​ប៉ាវ​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ ​​ត្រូវ​រថយន្ដ​មួយគ្រឿង​បើក​មក​បត់​រ៉ឺ​យ៉ែ​ចុះ​ឡើងៗ​ រួច​ជ្រុល​ទៅបុក​ប៉ះ​ជាមួយ​ខ្ទះ​ខ្លាញ់​ ដែល​កំពុងតែ​ក្ដៅ​នោះ។

​ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាល​វេលា​ម៉ោង៣ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​១៧ ​ខែ​កក្កដា​ ឆ្នាំ​២០១៧ ​ស្ថិតនៅ​ផ្លូវ​ច្រក​ចូល​ផ្ទះ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍៍​សែន​ជ័យ។

ជនរងគ្រោះ​រង​របួស​ធ្ងន់​ទី​១​ឈ្មោះ ចាន់ ផល្លា​ ភេទ​ស្រី ​អាយុ ៤៧​ឆ្នាំ​ មុខរបរ​ធ្វើ​នំ​ចៀន​លក់ រស់នៅ​ផ្ទះ​កើតហេតុ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​របួសស្រាល​២​នាក់ ​ប្តី​ប្រពន្ធ ប្តី​ឈ្មោះ អ៊ុត សំ​អូន​អាយុ ៣៧​ឆ្នាំ​មុខរបរ ចៀន​នំ​ប៉ាវ​លក់ និង​ប្រពន្ធ​ឈ្មោះ ចាន់ គុ​ម្ភះ​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ចៀន​នំ​ប៉ាវ​លក់។ ជន​បង្ក​ឈ្មោះ​ទន់ មករា​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន​បាន​និយាយ​ថា ​នៅមុន​ពេល​កើតហេតុ​ពួកគាត់​ទាំង​បី​នាក់​បងប្អូន​បាន​និង​កំពុង​ចៀន​នំ​ប៉ាវ​លក់​ដោយ​ក្រោក​ពី​ព្រឹក​ព្រលឹម ខណៈ​កំពុង​ឈរ​ចៀន​នំ​មិនបាន​ចាប់អារម្មណ៍ ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក ហ្វ​ត ពណ៌​ស​ពាក់​ស្លាក់​លេខ ភ្នំពេញ​2AN-5253 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​សភាព​ស្រវឹង បាន​បើក​រ៉ឺយ៉ែ​ត្រឡប់​ក្រោយពី​ជើង​ទៅ​ត្បូង ដោយមាន​អ្នក​ស៊ីញ៉ូ​ម្នាក់​កំពុង​ស៊ី​ញ៉ូៗ​បោយ​ដៃ​ទៅវិញទៅមក​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បត់​មិនទាន់​ត្រង់​ផ្លូវ​ផង​ ក៏​ជាន់​ហ្គា​រ​យ៉ាងខ្លាំង ស្ទុះ​ទៅបុក​ប៉ះ​ខ្ទះ​ខ្លាញ់​របស់​ពួកគាត់​បណ្តាល​ឲ្យ​ខ្ទាត​ខ្លាញ់​កំពុង​ក្ដៅ​ទៅលើ​ពួកគាត់​រង​របួស​ធ្ងន់​ជាពិសេស​បងស្រី​គាត់​របួស​ធ្ងន់ធ្ងរ​ជាងគេ ចំពោះ​គាត់​និង​ប្តី​គាត់​រងរបួស​ស្រាល។

ប្រភព​បាន​បន្ត​ទៀត​ថា ពេល​ភ្លាមៗ​នោះ​ពួកគាត់​បាន​ប្រញាប់ប្រញាល់​ដឹក​បងស្រី​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​នៅ​ជិត​កន្លែង​កើតហេតុ​ហើយ​បាន​ព្យាបាល​បឋម​ដោយ​បងស្រី​របស់​គាត់​រងរ​បួស​ធ្ងន់​ពេក​ត្រូវ​រថយន្ត​ដឹក​បន្ដ​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុ​មៈ​ដើម្បី​ព្យាបាល​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុ​ស្តិ៍​ចោមចៅ​ បាន​ឃាត់​ជន​បង្ក​ខាងលើ​ហើយ​បាន​ប្រគល់​ឲ្យ​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​អ្នកបើកបរ​និង​រថយន្ត​បង្ក​ខាង​លើ​ទៅ​រក្សាទុក​ ​រង់​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684