ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​បំ​ប៉ៅ​ដោះ​កូន​ ត្រូវ​ប្តី​ស្រវឹងខួប​វ៉ៃ​ទ្រម​ខ្លួន​សំណាងល្អ​នគរបាល​ទៅ​ទាន់

សៀមរាប ​៖ ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ​បន្ទាប់ពី​ជនសង្ស័យ​ត្រូវជា​ប្តី​បាន​ផឹក​ស្រា​ស្រវឹង​រួច មកដល់​ផ្ទះ​រករឿង​ស្ទុះ​ទៅ​វ៉ៃតប់​ប្រពន្ធ​បណ្តាល​ឲ្យ​រង​របួស ខណៈ​កំពុង​បំ​ប៉ៅ​ដោះ​កូន​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង០០​នាទី ​ថ្ងៃ​ទី​១៦ ​ខែកក្កដា ​ឆ្នាំ​២០១៧​ នៅ​ដី​ចំណី​ផ្លូវ​សហគមន៍​សាមគ្គី​ស្ថិត​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក ភឹង ច​ន្តា​រ៉េត ស្នងការ​រង​នគរបាល​កណ្តាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​ចាន់ រតនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ​គ្មាន បានមកពី​ផឹក​ស្រា​ស្រវឹង ដល់​ផ្ទះ​ ប្រពន្ធ​កំពុង​បំ​ប៉ៅ​កូន​លើ​អង្រឹង ​ក៏​ខឹង​​​ប្រពន្ធ​មិន​ដួស​បាយ​ឲ្យ​ ទើប​ស្ទុះ​ទៅ​ដាល់​លើ​ប្រពន្ធ​មួយ​ដៃ​។ ពេលនោះ​ប្រពន្ធ​រត់​ចេញ​មក​ក្រៅ​ផ្ទះ​ ក៏​​ដេញ​តាម​ទាត់​ចំ​កំប៉េះគូទ​មួយ​ជើង​បណ្តាល​ឲ្យ​ប្រពន្ធ​ដួល​ទៅលើ​ដី​ខ្លួន​ រួចស្ទុះ​ទៅ​សង្កត់​លើ​ទ្រូង​ ហើយ​ដាល់​ជាច្រើន ដៃ​ទៀត។ បន្ទាប់មកក៏​ស្ទុះ​ទៅយក​កាំបិត​កាប់​ធ្យូង​​ ប្រពន្ធឃើញដូច្នេះ ក៏​រត់​ទៅ​ឲ្យ​អ្នកជិតខាង​ជួយ​ ហើយដួល​សន្លប់តែម្ដង​។

លោក​បន្ត​ថា ​កម្លាំង​នគរបាល​បាន​ទៅដល់​ដឹក​ប្រពន្ធ​ទៅ​មណ្ឌល​សុខភាព​សង្កាត់ ហើយ​​​ឈ្មោះ ចាន់ រតនា យើង​បាន​ឃាត់យកមក​សួរនាំ ដោយគេបាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពិតប្រាកដ​មែន។ រូបគេថែមទាំងបាន​សារភាព​ទៀតថា ​​ធ្លាប់ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃ​ទី១៥​ ខែកក្កដា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​២១​និង​០០​នាទី​ផងដែរ។

បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684