ព័ត៍មានទាន់​ហេតុការណ៏
Search

ថវិកា​ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ លក់​អាវយឺត ក្នុង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​កម្ពុជា និង​ថៃ ត្រូវ​បាន SCG ប្រគល់​ទៅ​ឲ្យ​សហព័ន្ធ​កីឡា​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់

ភ្នំពេញ​ ៖ ការប្រកួត​បាល់ទាត់​មិត្តភាព (​កម្ពុជា និង​ថៃ​) រវាង​ក្រុម​ថៃ SCG Muangthong United និង​ក្រុម​កម្ពុជា K-Cement Cambodia All Stars ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ដែល​ឧបត្ថម្ភ​ដោយ SCG បាន​បញ្ចប់​ហើយ ដោយ​លទ្ធផល ៤-០ (​ថៃ​៤) ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ការ​លក់​សំបុត្រ លក់​អាវយឺត ក្នុង​ការ​ប្រកួត​នោះ ត្រូវបាន​ក្រុមហ៊ុន SCG ប្រគល់​ទៅ​ឲ្យ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា។

ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ថៃ SCG Muangthong United និង​ក្រុម​កម្ពុជា K-Cement Cambodia All Stars ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ នោះ​គឺជា​ក្រុម​សងសឹក​ផង​ដែរ ដោយ​កាលពី​ឆ្នាំ​២០១៦ ក្រុម​ជើងឯក​ថៃ​នេះ ត្រូវ​បាន​ក្រុម Cambodia All Star យកឈ្នះ​ដោយ​លទ្ធផល​៤-៣ ប៉ុន្ដែ​លើក​នេះ ក្រុម Muangthong United ធ្វើបាន​យ៉ាង​ល្អ ដោយ​អាច​ទាត់​បញ្ចូល​សំណាញ់​របស់​ក្រុម​ម្ចាស់ផ្ទះ All Star ជា​បន្ដបន្ទាប់ រហូតដល់​ទៅ​៤​គ្រាប់ ហើយ​កម្ពុ​ជាស​សូម្បី​តែមួយ​គ្រាប់​ក៏​មិនបាន​ផង​។

ក្រុមហ៊ុន អេស​ស៊ីជី (SCG) ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​សប្បុរសធម៌ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ នៅ​កម្ពុជា ដែល​ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ គឺជា​ការជួប​ប្រកួត​ជាថ្មី​ម្តងទៀត រវាង​ក្រុមបាល់ទាត់​ថៃ (SCG Muangthong United) និង​ក្រុម​កម្ពុជា (K-Cement Cambodia All Stars) ប្រព្រឹត្តទៅ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ទោះជា​លទ្ធផល​ឈ្នះ ឬ​ចាញ់ នេះ​គឺ​គ្រាន់តែ​ជាការ​បង្កើត​ចំណង​មិ​ត្ដ​ភាពរឹងមាំ​រវាង​កីឡាករ​នៃ​ក្រុម​ទាំងពីរ និង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ព្រឹត្តិការ​ណ៍​បែបនេះ បានរៀបចំ​ម្តង​រួចហើយ កាលពី​ឆ្នាំ​២០១៦ ដែល​ព្រឹ​ត្តិ​ការណ៍​នេះ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ហើយ​ឆ្នាំនេះ បាន​ត្រលប់​មកវិញ​ជាថ្មី​ម្តង​ទៀត ដើម្បី​ផ្តល់​ជូន​នូវ​ការប្រកួត​បាល់ទាត់​ដ៏​អស្ចារ្យ សម្រាប់​អ្នក​ស្រឡាញ់​គាំទ្រ​កីឡាបាល់ទាត់ ក៏ដូចជា​លើកកម្ពស់​កីឡាករ​បាល់ទាត់ និង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​បន្ថែមទៀត។

រៀបចំឡើង​ដោយ​ក្រុមហ៊ុន អេស​ស៊ីជី និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​គឺ​ក្រុមហ៊ុន K-Cement ក្រោម​កិច្ចសហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ព្រឹត្តិការណ៍​បាល់ទាត់ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ គឺជា​ការប្រកួត​បាល់ទាត់​ដ៏​សំខាន់​បំផុត​មួយ​នៅ​ឆ្នាំនេះ ហើយ​បានរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​រីកចម្រើន​របស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ការ​លក់​សំបុត្រ លក់​អាវយឺត​ទាំងអស់ នឹង​ប្រគល់​ទៅ​ឲ្យ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទាំងស្រុង ដើម្បី​បន្ត​អភិវឌ្ឍ​កីឡាករ និង​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ឲ្យ​ឈានឡើង​ថែម​មួយ​កម្រិត​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684