ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​អស្ចារ្យ ដើម្បី​អបអរសាទរ​ការដាក់ “​តំបន់​ប្រាសាទ​សំបូរព្រៃគុក​” ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀប​ចំ​ធ្វើ​ពិធី​អបអរ​ការ​ដាក់​“​តំបន់​ប្រាសាទសំបូរព្រៃគុក​”​ជាស​ម្ប​ត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃ​ច័ន្ទ ទី១៧ ខែកក្កដា​នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កម្មវិធី​បានចាប់ផ្តើម​នៅ​ម៉ោង ៦ ល្ងាច​ថ្ងៃទី ១៧ ខែ កក្កដា ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ដល់​កន្លែង​ប្រារព្ធ​ពិធី​ជាមួយនឹង​សម្លេង​អបអរសាទរ​យ៉ាង​កង​រំពង​ក្នុង​ពហុកីឡាដ្ឋាន​ជាតិ ហើយ​ក្នុង​ឱកាស​នោះ លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អាន​សុន្ទរកថា​ស្វាគមន៍​ផងដែរ។

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្ប​ធម៌ និង វិចិត្រសិល្បៈ ធ្វើ​របាយការណ៍​និង​លទ្ធផល​នៃ​ការ​បញ្ចូល​“​តំបន់​ប្រាសាទសំបូរព្រៃគុក​”​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយ​បាន​គូស​បញ្ជាក់​ថា ប្រាសាទ​សំបូរព្រៃគុក ត្រូវ​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ ២០១៧។ នេះ​ជា​ប្រាសាទ ទី​៣ ហើយ ដែល​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ក្រោយពី​ប្រាសាទអង្គរវត្ត ដាក់បញ្ចូល​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ និង​ប្រាសាទ​ព្រះវិហារ​ដាក់បញ្ចូល​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០០៨​។ ក្រោយ​ដាក់បញ្ចូល​នេះ​ហើយ​រាជរដ្ឋាភិបាល​ក៏បាន​បំផុស​ឲ្យ​មាន​ព្រឹ​ត្តិការណ៍​ទូងស្គរ​ដើម្បី​ជា​ការ​អបអរ​នៅ​ទូ​ទាំង​ប្រទេស។

រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ជា​ប្រភេទ​រមណីយដ្ឋា​ន​វប្បធម៌​ និង ​ប្រវត្តិសាស្ត្រ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ មាន​ចម្ងាយ ៣៧​គីឡូ​ម៉ែត្រ ពី​ទី​រួម​ពី​ទី​រួម​ខេត្ត​កំពង់ធំ ដែល​សង់​លើ​ដី​រាប ស្មើ​មាន​ទំហំ ៣.០០០ ហិកតា តាម​ផ្លូវ​ជាតិ ៦៤ បត់​ស្តាំ​តាម​សាលា​វិស័យ​កាត់​តាម​ផ្លូវ​បុស​ស្រមោច។ រមណីយ​ដ្ឋា​ន​សំបូរ​ព្រៃ​គុក ជា​រាជធានី​ចាស់​ឈ្មោះថា ឥសាន​បុ​រៈ ពី​សម័យ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ សវៈ​និយម ។ ក្រុម​ប្រាសាទ​នេះ សាងសង់​អំពី​ឥដ្ឋតាន់ និង ថ្មបាយក្រៀម​លំអ​ទៅ​ដោយ​ចម្លាក់​ពីលើ​ឥដ្ឋ ចាក់​ពុម្ព​ដោយ​បាយអ​ជាផ្ទាំងៗ​អំពី​ឥដ្ឋ តែ​បច្ចុប្បន្ន​របេះ​អស់។

ក្បាច់​ផ្តែ​ និង​ ការ​សរសេរ​ជា​ពាក្យ​ពេជ្រ​ប្រអប់ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​ទាំងអស់។ ប្រាសាទ​នេះ​កសាង​ឡើង នៅ​រជ្ជកាល ស្តេច​ឥសាន​វ​រ្ម័ន ទី​១​នៅក្នុង សត ទី​៧ (​គ​,​ស 616-635) នា​សម័យ​ចេនឡា ក្រុម​ប្រាសាទ​សំបូរព្រៃគុក​នេះ ត្រូវ​បាន​បោះបង់ចោល​តាំងពី​ឆ្នាំ​១៩៧១ មក​ម្ល៉េះ ហើយ​ត្រូវ​បាន​រៀប​ចំ​សាជាថ្មី​នៅ​ឆ្នាំ​១៩៨០។ ក្នុង​ការ​កាប់​ស្ការ ព្រៃ គេ​រក​ឃើញ​មាន​ប្រាសាទ​ទាំងអស់​ចំនួន ១៤០​ប្រាសាទ ហើយ​នៅ​ប្រាសាទ​ពី​ទៀត​រក​មិនទាន់​ឃើញ។

រមណីយ​ដ្ឋា​ន​សំបូរ​ព្រៃ​គុក គេ​ចែកចេញជា​៤​ធំ គឺ ទី​១- ក្រុម​ប្រាសាទ​ខាងជើង​ហៅថា​ប្រាសាទ​សំបូរ​នៅ​កណ្តាល និង ព័ទ្ធ​ជុំវិញ​ដោយ​ប្រាសាទតូចៗ​ហើយ​ប្លែកៗ​គ្នា​។​ ទី​២-​ប្រាសាទ​កណ្តាល ហៅថា​ប្រាសាទ​តោ ប្រាង្គ​ប្រាសាទ កណ្តាល​មាន​ទ្វារ​ចូល​ពី​ទិស​ខាងជើង​ឯ​ទ្វារ​បើក​ពី​ទិស​មួយទៀត​ជា​ទ្វារបញ្ឆោត​។

នៅត្រង់​ក្បាល​ជណ្តើ​រទាំង​៤ មាន រូប​តោ​អង្គុយបញ្ឈរជង្គង់​ពីរ​ក្នុង​ទិស​នីមួយៗ​ហៅថា ទេវកថា។ នៅ​ភាគ​ខាងលិច​នៃ​ប្រាសាទ​តោ​មាន​ក្រុម​ប្រាសាទ​តូចៗ​ជាច្រើន​ទៀត​។ ទី​៣-​ក្រុម​ប្រាសាទ​ខាងត្បូង​ហៅថា ប្រាសាទ​យាយ​ព័ន្ធ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​ហ៊ុមព័ទ្ធ​ដោយ ប្រាសាទ​ជាច្រើន​មាន​កំពែង​ពីរ​ជាន់​ដែល​កំពែង​ខាងក្នុង​មាន​តោ​បុ​រៈ ចូល​ទាំង​បួន​ទិស ។ ក្រុម​ប្រាសាទ​ទាំងនេះ​ជា អតីត​រាជធានី​។​ទី​៤-​ក្រុម​ប្រាសាទ​ក្រោល​មាស​មា​នទី​តាំងនៅ​ខាងជើង​ប្រាសាទសំបូរព្រៃគុក មាន​ប្រាសាទតូចៗ​ធ្វើ អំពី​ឥដ្ឋ និង​ខាងលិច​មាន​ប្រាសាទ​មួយ​ធ្វើ​អំពី​ថ្មបាយក្រៀម​។

ប្រាសាទ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ គេ​បាន​កំណត់ ៣ តំបន់​សម្រាប់​ការពារ​ដូច​ខាង​ក្រោម ៖១-​ចម្ងាយ ៣០ ម៉ែត្រ​ព័ទ្ធជុំវិញ​កំពែង​ខាងក្រោម​និង​មាត់​ស្រះ​។ ទី​២-​ចម្ងាយ​៣០០​ម៉ែត្រ​ ព័ទ្ធជុំវិញ​តំបន់​ទី​១​។ ទី​៣-​ចម្ងាយ​១៥០០ ម៉ែត្រ​ព័ទ្ធជុំវិញ​តំបន់​ទី​២​។ តាមរយៈ​នៃ​តម្លៃ​លេចធ្លោ​នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ដែល​គ្មាន​ពីរ​នៅលើ​ពិភពលោក​នេះ​ហើយ​ទើប​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​សម្រេច​ពិនិត្យ​និង​វាយតម្លៃ​តំបន់​ប្រាសាទសំបូរព្រៃគុក មានគុណ​តម្លៃ​លេចធ្លោ​ជា​សកល​ ហើយ​បានសម្រេច​ចុះ​តំបន់​ប្រាសាទ​សំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​ទី ៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ នៅ​ទីក្រុង​ក្រាកូវ ប្រទេស​ប៉ូឡូញ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

នៅ​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ​នោះ ក៏​មានការ​បញ្ចាំង​វីដេអូ​គ្លី​ប​ស្តី​ពី​ប្រវត្តិ​សង្ខេប​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជូន​ដល់​គណៈអធិបតី​និង​ភ្ញៀវ​កិ​ត្តិយស​ជាតិ និង អន្តរជាតិ​បាន​ទស្សនា​អំពី​គុណ​តម្លៃ​ជា​សាកល​ដែល​គ្មាន​ពីរ​របស់​ប្រាសាទ​សំបូរព្រៃគុក។

មុន​ចាប់​ផ្តើម​អាន​សុន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណួរ​ទៅកាន់​អង្គពិធី​ទាំង មូល​ថា តើ​នេះ​ខ្ញុំ​ជា ហ៊ុន សែន ពិតប្រាកដ​ឬទេ ? តើ​ជា​ហ៊ុនសែន​កំពុង​ស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​ប្រទេស​បារាំង និង ហ៊ុន សែន ដែល​មន្ទីរពេទ្យ​សាំង​ហ្គា​ពួរ​គ្មាន​សមត្ថភាព​និង​ព្យាបាល កំពុងតែ​ស្ថិតនៅ​មន្ទីរពេទ្យ​ហុងកុង​មែន​ទេ ? តើ​ជា​ហ៊ុនសែន​ពិត​ឬ​មិន​ពិត។ សម្តេច​បន្ត​ថា មិនមែន​ជាការ​ទះកំភ្លៀង​អ្នកណា​មួយ​ទេ ក៏ប៉ុន្តែ​យើង​ចង់​ធ្វើ​ឲ្យ​កាន់​តែ​ច្បាស់​ថា​មិន​មានការ​ក្លែងបន្លំ និង អំពើ​ភាព​អគតិ​ណាមួយ​កើតឡើង​នៅក្នុង​ស​សង្គម​យើង​នោះទេ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​សង្កត​ថា នេះ​ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​ដ៏​សំខាន់​មួយ​របស់​ជាតិ​កម្ពុជា​ទាំងមូល ខណៈ​ដែល​ប្រាសាទ​សំបូរព្រៃគុក ត្រូវ​បាន​ទទួល​ស្គាល់​ថា ​មានគុណ​តម្លៃ​លេចធ្លោ​ជា​សាកល ដូច​ការ​រំពឹងទុក​របស់​យើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ពិធី​នេះ​ក៏​ស្របគ្នា​ទៅ​នឹង​ខួប ៩ ឆ្នាំ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ ២០០៨ កន្លងទៅ​ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​បណ្ដា​គណបក្ស​នយោបាយ សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ដែល​បាន​ចូលរួម​អបអរសាទរ​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស័ក្ដិសម​ដែល​ជា​ពលរដ្ឋ​កម្ពុជា។ នេះ​ជា​មោទនភាព​របស់​ជាតិ​យើង​ទាំងមូល​មិនមែន​ជា​របស់​ផ្ដាច់មុខ​អ្នកណា​មួយ​ទេ។

សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌​និង​បេតិកភណ្ឌ​។ សម្តេច​ក៏បាន​កោត​សរសើរ​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា និង បាន​អរគុណ​ចំពោះ​លោកស្រី អ៊ី​រី​ណា បូ​កូ​វ៉ា ប្រធាន​អង្គការ​យូណេស្កូ ចំពោះ​ការ​គាំទ្រ​ការ​ដាក់​ប្រាសាទ​សំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក។

សម្តេច​បន្ត​ទៀ​ថា យើង​មាន​ថ្ងៃនេះ​គឺ​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ដើម្បី​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​តាំងពី​នៅ​គំនរ​ផេះផង់ ឲ្យ​បាន​ស្មើមុខ​មាត់​ជាមួយ​គេឯង។ តើ​បក្ស​នយោបាយ​ណាមួយ​ដែល​មាន​សមត្ថភាព​ដូច​គណបក្ស​ប្រជាជន​កម្ពុជា សូម្បី​ពាក្យ​មួយ​មាត់​ស្វាគមន៍​ការ​ដាក់​ការ​បញ្ចូល​តំបន់​ប្រាសាទ​សំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក​ក៏​មិន​ព្រម​ធ្វើ​ផង​នោះ តើ​វា​ស័ក្តិសម​ទៅជា​បក្ស​កាន់អំណាច​ដឹកនាំ​ប្រជារាស្ត្រ​ខ្មែរ​នោះ​ទេ មាន​បក្ស​នយោបាយ និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ផ្ញើ​សារ​មក​ខ្ញុំ​អបអរសាទរ តែ​សោកស្ដាយ​បក្ស​ខ្លះ​មិនបាន​ចូលរួម​អបអរ​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជា​ការ​ពិត​នេះ​គឺជា​មហា​សមិទ្ធផល​រួម​នឹង ជា​កិត្យានុភាព ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​របស់​ជាតិ​យើង​ដែល​កើត​ចេញ​មកពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​វីរភាព​ជាប់​មិន​ដាច់​និង​ឥត​រាថយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈពេល​ជាង ៣០ឆ្នាំ​កន្លង​មក​លើ​ការងារ​អភិរក្ស​និង​អភិវឌ្ឍ សម្បត្ដិ វប្បធម៌ ប្រពៃណី ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​កម្ពុជា​បន្ថែម​លើ​ការ​ស្វះស្វែង​នាំមក​ជូន​ប្រជាជន​កម្ពុជា​នូវ​សុខសន្ដិភាព ការបង្រួបបង្រួម​ជាតិ និង​ភាពសុខដុមរមនា ក៏ដូចជា​ការដឹកនាំ​កសាង និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជាច្រើនលើក​រួច​មក​ហើយ​ក្នុង​ការ​ស្នើសុំ​ដល់​អង្គការ​យូណេស្កូ​ដាក់បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ទាំង​រូបី និង អរូបី​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក និង បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ។

ជាក់ស្ដែង​ការសម្រេច​ចុះបញ្ជី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​គឺជា​សមិទ្ធផល​ជាតិ​ថ្មី​មួយទៀត​បន្ថែម​លើ​សមិទ្ធផល​ ដែល​ទទួល​បាន​ពី​មុន​មក​មាន​ដូច​ជា រមណីយដ្ឋាន​អង្គរ របាំ​ព្រះរាជ​ទ្រព្យ​,​របាំ​ក្បាច់​បុរាណ​ខ្មែរ​,​ល្ខោន​ស្រមោល​ស្បែក​ធំ​,​ប្រាសាទ​ព្រះវិហារ​,​បណ្ណសា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​, ល្បែង​ទាញព្រ័ត្រ និង ចាប៉ីដងវែង។

ក្នុង​ស្មារតី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​ក្រសួង ស្ថាប័ន​នានា ភាគី​ពាក់ព័ន្ធ​ជាតិ និង អន្ដរជាតិ​នឹង​ខិតខំ​ចូលរួម​និង​ផ្ដល់​នូវ​កិច្ចសហការ​ដើម្បី​ធ្វើ​ឲ្យ​ការងារ​ស្ដារ​ថែទាំ អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​សំបូរព្រៃគុក​ដែល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ទទួល​បាន​នូវ​ការ​រីកចម្រើន​កាន់តែ​ធំធេង​ប្រកបដោយ​ភាព​ទាក់ទាញ​ដ៏​រស់​រវើក​និង​គង់វង្ស​ស្ថិតស្ថេរ​យូរ​អង្វែង​ពិសេស​គាំទ្រ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​បន្ដ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

សម្តេច​បាន​បន្ត​ថា ការងារ​នេះ​មិនទាន់​បញ្ចប់​នៅពេលនេះ​ទេ​គឺ​នៅ​បន្ត​ទៀត​ព្រោះ​យើង​នៅមាន​ប្រាសាទ​ជាច្រើន​ទៀត​ដែល​ត្រូវ​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ដែលមាន​ប្រាសាទ​ព្រះ​ខណ្ឌ​កំពង់ស្វាយ ភ្នំ​គូ​លែង …​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កំណត់​យក​ថ្ងៃ​ទី១០ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​សម្រាប់​ប្រារព្ធ​ពិធី​អបអរ​ខួប​នៃ​ការដាក់​ប្រាសាទសំបូរព្រៃគុក​ជា​បេតិកភណ្ឌ​ពិភពលោក។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ដល់​គុណបំណាច់​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន​ខិតខំ​គ្រប់យ៉ាង​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​អង្គការ​បេតិកភណ្ឌ​ពិភពលោក​យល់​អំពី​ប្រាង្គ​ប្រាសាទ​ជាច្រើន​របស់​ខ្មែរ។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​អង្គ​ពិធី​ទាំងមូល​ងើបឈរ​ឡើង ១​នាទី​ដើម្បី​ស្មឹង​ស្មា​ត​គោរព​ចំពោះ​វិញ្ញាណ​ក្ខ​ន្ត​សម្តេច​វិបុល​បញ្ញា សុខ អាន។

ចប់​សុន្ទរកថា របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទាំង​គណៈអធិបតី ភ្ញៀវកិត្តិយស​ជាតិ និង អន្តរជាតិ ព្រមទាំង​សមាជិក​នៃ​អង្គ​ពិធី​ដែល​សុទ្ធតែជា​យុវជន ច្រៀង​បទ ពង្សាវតារ​ខ្មែរ។ ការ​បង្ហាញ​របាំ​បុរាណ​កូរ​សមុទ្រ​ទឹកដោះ​(​អប្សរា ទាញព្រ័ត្រ និង ស្រមោល​ស្បែក​ធំ ចំនួន ២០ នាទី​) ។ ត​មក​តារាចម្រៀង​ល្បី​របស់​កម្ពុ​ជាមាន អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​ដា ច្រៀង​បទ “​មោទនភាព​នៃ​ប្រាសាទសំបូរព្រៃគុក។ អ្នកស្រី ហ៊ឹម ស៊ី​វន និង កញ្ញា ស៊ុន ស្រី​ពេជ្រ ច្រៀង​បទ “ ជយោ​ប្រាសាទសំបូរព្រៃគុក​” និង អ្នកនាង ខាត់ សុ​ឃីម ច្រៀង​បទ “​រាំ​បទ​យើង​” ។ ត​មក​មាន​ការសំដែង​របាំ និង បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​តារា​ល្បី​ប្រចាំ​កម្ពុជា ដែលមាន​លោក ព្រាប សុ​វ​ត្តិ ,​កញ្ញា ឱកសុគន្ធ​កញ្ញា ,​លោក ឆន សុ​វណ្ណា​រាជ​, កញ្ញា សុគន្ធ នីសា ,​លោក ខេមរៈ សេរី​មន្ត និង ក្រុមយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ។

នៅ​ក្នុង​យប់​នេះ​ក៏មាន​ការបាញ់​កាំជ្រួច​ចំនួន ២ ដង​ដើម្បី​អបអរ​ការដាក់​ប្រាសាទ​សំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684