Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្លាំងទ័ពអ៊ីស្រាអែលបានរឹបអូសទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដើម្បីបើកច្រកចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមគ្រួសាររបស់ទាហានដែលត្រូវបានចាប់ធ្វើជាឈ្លើយសឹក, លោក Netanyahu បានលើកឡើងថា លោកកំពុងដុតដៃដុតជើងចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងឈ្លើយសឹកទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ហើយដំណើរការទាំងប៉ុន្មានកំពុងវិលដូចទ្រនិចនាឡិកាអ៊ីចឹង ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា “មានតែការបន្តដាក់សម្ពាធផ្នែកយោធាដ៏មានឥទ្ធិពលប៉ុណ្ណោះ ទើបអាចនាំយកឈ្លើយសឹករបស់យើងទាំងអស់មកវិញ ហើយវានឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ ។ លើសពីនេះ យើងបានរឹបអូសទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់ក្រុមហាម៉ាសជាច្រើនមកហើយ ដូច្នេះនេះគឺជាគន្លឹះមួយទៀតសម្រាប់ការដោះលែងកូនប្រុសកូនស្រីរបស់យើង ជាពិសេសយើងបានគ្រប់គ្រងទីក្រុង Khan Yunis និងភាគខាងជើង ហើយក៏កំពុងរៀបចំរុលចូលទៅក្នុងទីក្រុង Rafah ផងដែរ” ។

យុទ្ធសាស្ត្ររបស់លោក Netanyahu កើតមានឡើង បន្ទាប់ពីកិច្ចចរចាដោះដូរឈ្លើយសឹកកាលពីដើមសប្ដាហ៍នេះតាមរយៈអ្នកសម្របសម្រួលនៅប្រទេសកាតា នៅតែងងឹតសូន្យសុង ពោលភាគីទាំងពីរមិនអាចឈានដល់ការកិច្ចសម្របសម្រួលណាមួយលើលក្ខខណ្ឌនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះឡើយ ។

គួររំឭកឡើងវិញថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកប្រតិបត្តិការបាញ់បោះចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងព្រឹត្តិការណ៍ដ៏សាហាវយង់ឃ្នងនោះបានសម្លាប់ពលរដ្ឋអ៊ីស្រាអែល មានទាំងយោធា និងជនស៊ីវិលប្រមាណ ១,១០០ នាក់ ហើយថែមទាំងចាប់មនុស្សប្រហែល ២៤០ នាក់ផ្សេងទៀតធ្វើជាឈ្លើយសឹកផងដែរ ។

មិនបង្អង់យូរឡើយ អ៊ីស្រាអែល​បានដកកាណុងកាំភ្លើងបើកការវាយប្រហារខ្នាតយក្សមួយមកលើតំបន់ហ្គាហ្សាវិញជាមួយនឹងផ្ទាំងស៊ីបកម្ចាត់ក្រុមហាម៉ាសឲ្យអស់គ្មានសល់ និងជួយរំដោះឈ្លើយសឹក ។ ពាក់ព័ន្ធនឹងការវាយសន្ធាប់មកដកដៃនេះទៀតសោត យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាង ៣២,០០០ នាក់ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័មនៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងជាង ៧៤,០០០ នាក់បានរងរបួស ។

ដោយមើលឃើញពីភាពសាហាវឃោរឃៅនេះ ពោលនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កាតាបានសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសលើបទឈប់បាញ់បណ្ដោះអាសន្ន ក៏ដូចជាការដោះដូរជនជាតិប៉ាឡេស្ទីនមួយចំនួនដែលត្រូវអ៊ីស្រាអែលចាប់វាយខ្នោះ ជាថ្នូរនឹងចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់យកទៅ រួមទាំងការផ្ដល់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ដែលត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាផងដែរ ។

បន្ទាប់ពីមានកិច្ចសម្របសម្រួលទាំងនោះមក បទឈប់បាញ់ក៏បានលេចចេញជារូបរាងជាបន្តកន្ទុយគ្នា ប៉ុន្តែត្រូវអស់សុពលភាពនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រេចបានការដោះលែងឈ្លើយសឹកប្រមាណ ១២៣ នាក់តែប៉ុណ្ណោះ ខណៈរហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជាង ១០០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អ៊ីស្រាអែល ខឹងចិត្ត ក្រោយអាមេរិក មិនវេតូ លើសេចក្តីសម្រេច UN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម