ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត ​ក្នុង​វីដេអូ​ស្លៀកសំពត់​ខ្លី​ ត្រូវ​ចាប់ខ្លួន​ក្រោយពី​មានការ​រិះគន់​ជា​សាធារណៈ​ ​ ​

ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​មិន​គោរព​តាមច្បាប់​សំលៀកបំពាក់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​ដោយ​ការដើរ​ស្លៀកសំពត់​ខ្លី​ និង​អាវ​ខើច​នៅក្នុង​ខ្សែ​វីដេអូ​មួយ​ ដែល​បង្ក​ឲ្យ​មាន​កំហឹង​ជា​សាធារណៈ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា ស្ត្រី​ម្នាក់​ដែល​មិន​ត្រូវបាន​គេ​ប្រាប់​ឈ្មោះ​គឺ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅក្នុង​រដ្ឋធានី Riyadh ដោយ​ស្លៀក​សំលៀកបំពាក់​ដែល​ផ្ទុយទៅនឹង​ច្បាប់​សំលៀកបំពាក់​ឥស្លាម​អភិរក្ស​របស់​ប្រទេស​នេះ​។​

នៅក្នុង​វីដេអូ​ដែល​ល្បី​រន្ទឺ​ចាប់តាំងពី​ការ​ផុស​ឡើង​ដំបូង​នៅលើ​បណ្តាញ Snapchat កាលពី​ចុង​សប្តាហ៍ ស្ត្រី​រូបនេះ​ត្រូវបាន​ថត​ដើរ​នៅ​ជុំវិញ​បន្ទាយ​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​សំពត់​ខ្លី​ដោយ​គ្មាន​នរណាម្នាក់​នៅ​ជុំវិញ​នោះទេ​។​

វីដេអូ​ខ្លី​ដែល​ថត​នៅ​ភូមិ​កុលសម្ព័ន្ធ​អភិរក្ស​មួយ​ក្នុង​តំបន់​វាល​ខ្សាច់ Najd គឺ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ថត​ផ្សេងទៀត​ដែល​បង្ហាញ​ពី​នាង​អង្គុយ​លើ​វាល​ខ្សាច់​។​

វីដេអូ​នោះបាន​ធ្វើ​ឲ្យ​មានការ​សរសេរ​ក្នុង Twitter ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​ចាប់ខ្លួន​នាង​ខណៈដែល​មនុស្ស​ជាច្រើន​បាន​និយាយថា នាង​មិន​គោរព​តាមច្បាប់​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទេ​ដែល​តម្រូវ​ឲ្យ​ស្ត្រី​ទាំងអស់​ដែល​រស់នៅក្នុង​ប្រទេស​នេះ​រួមទាំង​ជនបរទេស​ផងដែរ​ត្រូវ​ស្លៀកពាក់​រ៉ូ​ប​វែងៗ​ដែល​គេ​ស្គាល់​ថា abayas ក្នុង​ទីសាធារណៈ​។ ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​ភាគច្រើន​ក៏​ពាក់​កន្សែង​បិទមុខ​ផងដែរ​។​

បណ្តាញ​សង្គម​គឺជា​ការពេញនិយម​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​កន្លែង​មួយ​ត្រូវ​បញ្ចេញ​ការខកចិត្ត​ និង​មតិសាធារណៈ​។​

ការរិះគន់​ប្រឆាំងនឹង​វីដេអូ ​និង​ការចាប់ខ្លួន​របស់​ស្ត្រី​នេះ​បានបង្ហាញ​ពី​ទស្សនៈ​ដ៏​មាន​ឥទ្ធិពល​ និង​ទស្សនវិស័យ​អភិរក្ស​នៅក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​ថ្វីបើ​មានការ​ផ្លាស់ប្តូរ​ថ្មី​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងការ​ធ្វើ​ទំនើបកម្ម​ និង​បន្ធូរបន្ថយ​ច្បាប់​មួយចំនួន​ក៏ដោយ​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684