Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទនាគ្នាតាមទូរស័ព្ទជាង១ម៉ោង តើលោក បៃដិន និងលោក ស៊ី ពិភាក្សាបញ្ហារសើបអ្វីខ្លះ?

បានផុស

នៅ

ជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣, លោកប្រធានាធិបតី ចូ បៃដិន បានជជែករយៈពេល១ម៉ោងនិង៤៥នាទីជាមួយប្រធានាធិបតី ស៊ី ជីនពីង កាលពីថ្ងៃអង្គារទី២ខែមេសា ដើម្បីបង្ហាញក្តីកង្វល់របស់សហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្មរវាងចិនជាមួយរុស្ស៊ី ព្រមទាំងបញ្ហារសើបលើពិភពលោកដទៃទៀតដូចជាការវាយប្រហារតាមអ៊ីនធឺណិត ការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងចរាចរណ៍គ្រឿងញៀនខុសច្បាប់។

លោក ស៊ី ជីនពីង (ឆ្វេង) និងលោក ចូ បៃដិន នៅឯកិច្ចប្រជុំកំពូល G20 លើកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកាឆ្នាំ២០២២ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក ប្រាប់ទៅ CNN ថា កិច្ចពិភាក្សារវាងលោកបៃដិន និងលោកស៊ី នាពេលនេះ គឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំទាំងពីរដើម្បីលើកឡើងនូវបញ្ហាលំបាកៗមួយចំនួន ហើយដើម្បីព្យាយាមធានាថា ប្រទេសទាំងពីរកំពុងមានការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ។

តាមការបញ្ជាក់ពីសេតវិមាន ប្រធានបទរសើបបំផុតដែលត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សានោះ គឺពាក់ព័ន្ធបញ្ហាពាណិជ្ជកម្មរវាងចិននិងរុស្ស៊ី ព្រោះថា អាមេរិក កំពុងមានក្តីកង្វល់ខ្លាំងបំផុតចំពោះសេចក្តីរាយការណ៍ថា ចិន កំពុងជួយរុស្ស៊ី ស្តារមូលដ្ឋានឧស្សាហកម្មការពារជាតិឡើងវិញ ចំពេលសង្គ្រាមនៅអ៊ុយក្រែន គ្មានឃើញសញ្ញាថមថយសោះ។

(រូបថត៖ AP)

ទាក់ទងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ឬកិច្ចខិតខំប្រឹងប្រែងជ្រៀតជ្រែកការបោះឆ្នោតដោយរដ្ឋាភិបាលចិន ឬអ្នកពាក់ព័ន្ធ, ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិអាមេរិក លោក John Kirby ប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ច្បាស់ៗអំពីក្តីព្រួយបារម្ភរបស់ខ្លួនចំពោះសន្តិសុខការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់តួអង្គបរទេសមួយចំនួន រួមទាំងប្រភពចេញពីប្រទេសចិន ដើម្បីដាក់ឥទ្ធិពលលើការបោះឆ្នោតឆ្នាំ២០២៤ផងដែរ។

ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិអាមេរិក លោក John Kirby (រូបថត៖ Getty)

ការនិយាយទូរស័ព្ទលើកនេះ ក៏ជាឱកាសមួយសម្រាប់លោក បៃដិន ដើម្បីបញ្ជាក់ឡើងវិញនូវគោលនយោបាយ “ចិនតែមួយ” ដ៏យូរលង់ដែលទទួលស្គាល់ទីក្រុងប៉េកាំងថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន និងដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏បង្ហាញក្តីបារម្ភ ចំពោះទង្វើបង្កអស្ថិរភាពរបស់ចិននៅសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពថ្មីៗរបស់នាវាឆ្មាំឆ្នេរសមុទ្រចិនដែលបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការដែនសមុទ្រហ្វីលីពីនជាប្រចាំ ទៀតផង។

ដោយឡែក ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា ក្នុងអំឡុងការផ្លាស់ប្តូរទស្សនៈ ដោយភាពស្មោះត្រង់និងស៊ីជម្រៅនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមដំបូងដែលមិនអាចឆ្លងកាត់បានឡើយ នៅក្នុងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (រូបថត៖ Xinhua)

លោក ស៊ី បង្ហាញជំហរថា “យើងនឹងមិនអនុញ្ញាតឲ្យសកម្មភាពបំបែកខ្លួន ក៏ដូចជាការបង្រួបបង្រួមនិងការគាំទ្រកងកម្លាំងឯករាជ្យតៃវ៉ាន់ មកពីខាងក្រៅ កើតឡើងបានជាដាច់ខាត។ យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុវត្តសេចក្តីថ្លែងការណ៍វិជ្ជមានរបស់លោកប្រធានាធិបតីបៃដិន ដែលមិនគាំទ្រដល់ឯករាជ្យភាពកោះតៃវ៉ាន់។

សូមបញ្ជាក់ថា ក្រៅពីប្រធានបទខាងលើ មេដឹកនាំទាំងពីរ ថែមទាំងពិនិត្យនិងលើកទឹកចិត្តដល់វឌ្ឍនភាពលើបញ្ហាសំខាន់ៗ ដូចជាកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀន ទំនាក់ទំនងរវាងយោធានិងយោធា ហានិភ័យទាក់ទងនឹងបញ្ញាសិប្បនិម្មិត និងបញ្ហាអាកាសធាតុ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក៖ ៣ឆ្នាំទៀត ចិន នឹងវាយយកកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម