Connect with us

ព័ត៌មានជាតិ

ការទូតសភា និងភាពជិតស្និទ្ធជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ជាអាទិភាពរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា

បានផុស

នៅ

ក្នុងអាណត្តិជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន កំណត់យកកិច្ចការអាទិភាពច​ម្បងមុនគេចំនួនពីរក្នុងចំណោមអាទិភាពផ្សេងទៀតនៃតួនាទីរបស់ស្ថាប័នព្រឹទ្ធសភាកម្ពុជា ក្នុងនីតិកាលទី៥នេះ គឺការទូតសភា និងការទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំសង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសម័យប្រជុំលើកដំបូងរបស់ព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ពោល គឺបន្ទាប់ពីត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនេះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង»។ ការកំណត់យកអាទិភាពលើកិច្ចការទូតសភានេះ ដោយសារសម្ដេចតេជោ មើលឃើញថា ពិភពលោកសព្វថ្ងៃ មានភាពប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុនមក។

ហេតុនេះ ក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ សម្ដេចតេជោ បានចាត់ទុកការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ គឺជាការចាំបាច់បំផុតក្នុងចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិនានា និងការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ សម្ដេចតេជោប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក ក៏ដូចជាការបំពេញបន្ថែមពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក។

សម្រាប់អាទិភាពចម្បងទីពីរ ការបង្កើនកិច្ចទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត ពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវបានសម្ដេចតេជោ បញ្ជាក់ថា ត្រូវតែធ្វើការជាប់ជាប្រចាំជាមួយក្រុមប្រឹក្សាឃុំសង្កាត់ ដែលជារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងការអភិវឌ្ឍប្រទេសជាតិ កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ»

ក្នុងស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់លើការលើកកម្ពស់ និងការការពារយុត្តិធម៌ និងសមធម៌សង្គម សំដៅធានាថា ពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

ក្នុងនាមជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ សម្ដេច ក៏ប្រកាសការពារយ៉ាងមុតមាំរដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម