ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខតំណែង​ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិ​ព្រែក​ចាក

កំពត​ ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅរសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រោម​វត្តមានលោក ឧត្ដមសេនីយ៍​ឯក ពិន ពិសិដ្ឋ អគ្គនាយករង​នគរបាល​អន្តោប្រវេសន៍ ហែហម​ដោយ​មន្ត្រី​នគរបាល​ជាន់ខ្ពស់ក្នុង​អង្គភាព​ជាច្រើនរូប​។

ដោយ​អនុវត្តន៍​តាម​សេចក្តីប្រកាស​លេខ​៣៥៨០ ប្រក ចុះ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៧ របស់​ក្រសួងមហាផ្ទៃ ត្រូវបាន​ប្រកាស​តែងតាំង លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណ​រ័ត្ន អត្តលេខ ​១៩៩៩៩ ពី​នាយរង​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំងស្រែ ជា​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិព្រែក​ចាក ជំនួសលោក​វរសេនីយ៍ឯក ណុប សារឹម ដែល​ពីមុន​ជា​នាយ​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ឲ្យ​មក​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ច្រកទ្វារ​ទី​២​វិញ​។

ក្រោយពី​ប្រកាស​ចូលកាន់​តំណែង លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណ​រ័ត្ន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្តេជ្ញាចិត្ត​ថា នឹង​ខិតខំ​បម្រើ​ការងារ​ជូន​អង្គភាព​ឲ្យ​បានល្អ​ប្រសើរ ដោយ​បន្ត​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​តំបន់​គ្រប់គ្រង ពិសេស​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

មានប្រសាសន៍​ផ្ដាំផ្ញើ​ក្នុង​ពេលនេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ពិន ពិសិដ្ឋ ក៏បានក្រើនរំឭក​ដល់នាយប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដែលចូលកាន់​តំណែង​នាពេលនេះ ត្រូវខិតខំ​ពង្រឹង​ការងារ​ក្នុង​អង្គភាព​ឲ្យបានល្អ ត្រូវ​ចេះ​រឹតចំណង​សាមគ្គីភាព​ឲ្យ​បាន​ទូលំទូលាយ ពិសេស​ត្រូវ​ចេះ​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ និង​អង្គភាព​ជំនាញ​នានា ដើម្បី​អនុវត្តន៍​ការងារ​ទទួលបាន​ជោគជ័យ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ​។ ជាង​នេះទៀត ភារកិច្ច​របស់​មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺ​ការទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុង​តំបន់​ នៃ​ខ្សែបន្ទាត់​ព្រំដែន​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114