ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ចង់​ឲ្យ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ បង្កើន​ការ​ផ្សព្វផ្សាយ​ផ្នែក​ច្បាប់ សម្រាប់​ជនពិការ​នៅតាមតំបន់​ជនបទ​

សៀមរាប ៖ នា​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ អ្នកស្រី លឿ ជា​ប្រជាពលរដ្ឋរស់នៅ​ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ បាន​សួរថា តើ​ជនពិការ​ក្រោយពេលដែល​បាន​គាំទ្រ​ផ្នែក​ច្បាប់​ហើយ សុំ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​បន្ថែមទៀតបានទេ? ព្រោះ​ជនពិការ​នៅតាម​ទីជនបទ​នៅ​ខ្វះ​ចំណេះដឹង​នៅឡើយ​។

​លោក ចក់ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង បាន​លើក​ជាសំណួរ​ថា ច្បាប់​លើ​ការគាំទ្រ​ដល់​ជនពិការ​ចេញមក​ហើយ តើ​មូល​ហេតុអ្វីបានជា​ជនពិការ​ខ្លះ​មាន​ការងារ​ធ្វើ ហើយ​ខ្លះទៀត​មិនមាន​ធ្វើទៅ​វិញ​?

​ពាក់ព័ន្ធ​នឹង​សំណូមពរ​អ្នកស្រី លឿ នោះ លោក សេម សុ​វ​ន្ថា ប្រធាន​សមាគមជនពិការ​អង្គរបាន​បំភ្លឺថា ​ខាង​សមាគម​ជនពិការ​អង្គរ​របស់លោក​ គឺមាន​សមាជិក​ក្នុង​ការជួយ​គាំទ្រ​ផ្នែក​ច្បាប់​ដល់​ជនពិការ​ដែរ ហើយ​ក្នុងករណីដែល​ជនពិការ​ណាមួយក្នុង​សមាគម​របស់លោក​មាន​បញ្ហា​អ្វីមួយ ហើយ​ជនពិការ​ទាំងនោះ​បាន​រាយ​ការណ៍​មកកាន់​លោក ខាង​លោក​នឹងធ្វើការដោះស្រាយ​ជូន​តែម្តង តែ​ប្រសិនបើ​ជនពិការ​ណា​ដែល​ចង់​ទទួលបាន​ការជួយ​គាំទ្រ​ផ្នែក​ច្បាប់​នោះ ​អាចទាក់ទង​មក​លោក​ផ្ទាល់​បានតាម​លេខ​ទូរស័ព្ទ​៖ ០១២ ៦៩០ ៩៣៤ និង ០៩៧ ៣០៨ ៧៦៩៨។​

​ដោយឡែក​ចំពោះ​សំណួរ​របស់លោក ចក់ នៅក្នុង​ឃុំ​ស្ពាន​ត្នោត​នោះ លោក សេម សុ​វ​ន្ថា បាន​បំភ្លឺថា ទី​១ ដោយសារតែ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ពិសេស​ស្ថាប័នឯកជន​របស់លោក មិនទាន់​ស៊ីជម្រៅ​ក្នុង​ការចុះ​ធ្វើការ​ផ្សព្វផ្សាយណាមួយ​ ដោយសារ​ថវិកា​មាន​កម្រិត​ផងដែរ និង ទី​២ គឺ​ការចុះ​អប់រំផ្សព្វផ្សាយ​តាម​សហគមន៍ ដើម្បី​ឲ្យ​ពួកគាត់​មានការ​យល់ដឹង ហើយ​ជួបផ្ទាល់​ជាមួយ​ជនពិការ​តែម្តង ដើម្បី​ចង់ដឹងថាគាត់​ត្រូវការ​អ្វី​ឲ្យ​ប្រាកដ ងាយស្រួល​យើង​ធ្វើការ​ដោះស្រាយ​ជូន​ជនពិការ​ទាំងនោះ​ឲ្យ​ចំ​គោលដៅ។​

​សូមបញ្ជាក់ថា ច្បាប់​ស្តីពី​កិច្ចការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ បានចែងឡើង​ក្នុង​គោលបំណងការពារ​សិទ្ធិ ​និង​សេរីភាព​របស់​ជនពិកា​រ ,ការពារ​ផលប្រយោជន៍​ជនពិការ , ទប់ស្កាត់ ​កាត់បន្ថយ​ និង​លុបបំបាត់ការរើសអើង​ជនពិការ , ស្តារ​កាយសម្បទា​សតិបញ្ញា ​និង​វិជ្ជាជីវៈ ដើម្បី​ធានា​លទ្ធភាព​ក្នុងការ​ចូលរួម​ពេញលេញ និង​ដោយ​ស្មើភាព​នៃ​ជនពិការក្នុង​សកម្មភាព​នានា​របស់​សង្គម​។​

​ច្បាប់​នេះបានបង្ហាញ​ក្នុង​ជំពូក​ទី​១២ ស្តីពី​ទោសបញ្ញត្តិ​ក្នុង​មាត្រា​៥២ អំពើ​របស់ជន​គ្រប់រូបដែលមាន​អំណាច​ទៅលើ​ជនពិការ ដែល​បង្អត់អាហារ ឬ​គ្មាន​ការថែទាំ​រហូតដល់​ខូចសុខភាព​ជនពិការ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​២ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ​៤.០០០.០០០​រៀល ទៅ ១០.០០០.០០០រៀល ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114