Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងនៅអាមេរិក សប្បាយកើបលុយ ​ព្រោះតែសូរ្យគ្រាសមហាកម្រ

បានផុស

នៅ

នៅថ្ងៃទី៨ខែមេសាខាងមុខនេះ ប្រទេសចំនួន៣នៅតំបន់អាមេរិកខាងជើង ដូចជាសហរដ្ឋអាមេរិក កាណាដានិងម៉ិកស៊ិក នឹងជួបប្រទះបាតុភូតមហាកម្រ នោះគឺ សូរ្យគ្រាសទាំងស្រុង ដែលកើតឡើងតែម្តងប៉ុណ្ណោះក្នុងមួយឆាកជីវិតមនុស្ស ហើយពេលនេះ ទីតាំងដែលស្ថិតនៅចំផ្លូវសូរ្យគ្រាសកំពុងតែសប្បាយកើបលុយព្រោះថា មានមនុស្សជាច្រើនបានកក់សណ្ឋាគារអស់គ្មានសល់ ក៏ដូចរៀបចំកម្មវិធី និងសេវានានាដើម្បីអបអរព្រឹត្តិការណ៍នេះ។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាជារឿងកម្រ ដែលតំបន់កើតបាតុភូត នឹងត្រូវងងឹតស្លុបដូចយប់ ហើយទេសចរនានា កំពុងរង់ថ្ងៃនោះមកដល់ ព្រោះបើបណ្តោយឲ្យព្រឹត្តិការណ៍លើកនេះកន្លងផុត ពួកគេច្បាស់ជាគ្មានឱកាសឃើញម្តងទៀតឡើយ។

បើនិយាយពីសហរដ្ឋអាមេរិក គន្លងរបស់សូរ្យគ្រាសនេះ នឹងចាប់ផ្តើមនៅក្នុងរដ្ឋ Texas ហើយធ្វើដំណើរឆ្លងកាត់រដ្ឋ Oklahoma, Arkansas, Missouri, Illinois, Kentucky, Indiana, Ohio, Pennsylvania, New York, Vermont, New Hampshire និង Maine ខណៈផ្នែកខ្លះនៃរដ្ឋ Tennessee និង Michigan ក៏នឹងជួបប្រទះបាតុភូតសូរ្យគ្រាសផងដែរ ដោយតំបន់ខ្លះនឹងត្រូវស្ថិតក្នុងភាពងងឹតទាំងស្រុងរយៈពេល៤នាទីនិង៥វិនាទី។ នេះបើយោងតាមអង្គការ NASA។

(រូបថត៖ ណាសា)

លោក Bulent Temel ជំនួយការសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Texas ទីក្រុង San Antonio ជឿជាក់ថា បាតុភូតនេះនឹងទាញចំណូលពីទេសចរបានដល់ទៅ ១.៥ពាន់លានដុល្លារ សម្រាប់សហរដ្ឋអាមេរិក ហើយម្យ៉ាងវិញទៀត ព្រឹត្តិការណ៍ដ៏កម្រនេះ នឹងទាក់ទាញអ្នកទេសចរទៅកាន់ទីក្រុងដែលមិនសូវមានអ្នកទៅលេង ធ្វើឲ្យទីនោះមមាញឹកខុសធម្មតា។

ជាក់ស្តែង ពេលនេះ សណ្ឋាគារជាច្រើននៅទីក្រុង Austin នៃរដ្ឋ Texas ត្រូវកក់ពេញអស់ទៅហើយ រីឯសណ្ឋាគារជាច្រើននៅ Missouri ក៏កក់ជិតពេញដែរ។

(រូបថត៖ Alamy)

ព្រោះតែសណ្ឋាគារសឹងតែគ្មានសល់កន្លែងទំនេរនេះហើយ ទើបមនុស្សជាច្រើន នាំគ្នារកមធ្យោបាយផ្សេងដោយអ្នកខ្លះបោះតង់ ត្រូវគេងលើរ៉ឺម៉កនិងគូទរថយន្ត។ នៅរដ្ឋ Ohio ឯណោះ ការកក់ជួលកន្ទុយរ៉ឺម៉កទុកសម្រាប់គេង មានការកើនឡើងដល់ទៅ១០០០%។ បន្ថែមពីលើនេះ នៅតាមទីតាំងមួយចំនួន ក៏មានរៀបចំជាស្តង់លក់ទំនិញ កម្មវិធីជប់លៀង លេងល្បែងកម្សាន្តនិងការប្រគំតន្ត្រីទៀតផង។

សូមជម្រាបឡើងវិញ បានជាគេថា សូរ្យថ្ងៃ៨ខែមេសា គឺជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។ យោងតាមក្រុមអ្នកជំនាញណាសា, ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕

ប្រែសម្រួល៖ សុខ សុវណ្ណ

ចុចអាន៖ តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម