ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខេត្ត​កែប ​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ ចូលរួម​កែ​លម្អ​សោភណភាព​នៅ​តាម​ដង​ផ្លូវ​លេខ​៣៣អា

កែប​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ​ខែ​កក្កដា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ទីរ​ពាក់ព័ន្ធ​នានា​ផង​ដែរ ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន, មន្ទីរ​កសិកម្ម, រួមទាំង​ស្ថាប័ន​ជំនាញផ្សេងទៀត បានធ្វើ​ការ​កែ​លម្អ គឺ​ការដាំ​ដើមត្នោត​តាម​ចិញ្ចើមផ្លូវជាតិ​លេខ​ ៣៣អា ដែល​បច្ចុប្បន្ន​កំពុង​ស្ថាបនា​ជិត​រួចរាល់​ទៅហើយនោះ​។ នៅ​ព្រឹក​នេះ​ទោះ​ជា​មាន​ភ្លៀងរលឹម​បែប​ណា ក៏​សកម្មភាព​ការងារ​ដំណើរការ​បាន​យ៉ាង​ប្រសើរ ដោយ​អាជ្ញាធរ​បាន​អនុវត្ត​ចាប់ពី​ដងផ្លូវ​រង្វង់​មូល​ផ្សារ​ក្តាម​ បន្ត​ឆ្ពោះ​តាម​បណ្តោយ​ដងផ្លូវ​នេះ​តែម្តង​។

លោក​ ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ឲ្យដឹង​ថា ក្នុង​ទិសដៅ​ការងារ​ខាងលើ លោក​នឹង​ខិតខំ​ដឹកនាំ​មន្ត្រី ដើម្បី​ស្ថាបនា​ដងផ្លូវ​សំខាន់​មួយ​នេះ ឲ្យ​បាន​រួចរាល់​មុន​បុណ្យ​សមុទ្រ​។ លោក​ថា ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​ផ្សារ​ក្តាម ឆ្ពោះ​ទៅ​កាន់​ទីប្រជុំជនសេះស មាន​ចម្ងាយ​ប្រវែង​សរុប​៧៨០០​ម៉ែត្រ គឺជា​អំណោយរបស់​សម្តេច ហ៊ុន សែន ដែល​បាន​បើក​ការដ្ឋាន​កាល​អំឡុង​ឆ្នាំ២០១៣​។ ​ផ្តើមចេញពី​ភាព​ខិតខំ​កន្លងមក​ ខាង​ជំនាញ​អនុវត្តបានប្រមាណ​៨០​ភាគរយ​ហើយ នៅសល់​មួយផ្នែក​នឹង​បន្ត​ស្ថាបនា​ដ៏មមាញឹក​បំផុត គឺ​ឲ្យ​បាន​រួចរាល់​មុន​ការរៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២​ នៅ​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្ត​នាពេលខាងមុខ​នេះហើយ​។

ក្នុងទិសដៅ​កែលំអ​សោ​ភណ្ឌ​ភាព​នេះដែរ លោក ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​តាម​គោលការណ៍របស់​អាជ្ញាធ​រ​ខេត្ត លោក​ក៏បាន​ដឹកនាំ​មន្ត្រី​ និង​បំផុស​ដល់ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​ទិញ​កូន​ត្នោតនៅតាម​មូលដ្ឋាន​នានា សម្រាប់​យកមក​ដាំ​លម្អ​នៅតាម​ចិញ្ចើមផ្លូវ​ដ៏​ធំ​ទូលាយ​មួយ​នេះ ហើយ​ព្រឹកនេះ​យើង​អនុវត្ត​លើកដំបូង ​ដោយ​ដាំ​តែ​ចំនួន​២០​ដើម​សិន ប៉ុន្តែ​បើតាមគម្រោង​របស់​រដ្ឋ​បាល​ខេត្ត គឺ​ត្រូវ​បន្ត​ដាំ​តាម​ចិញ្ចើម​អម​សងខាង​ផ្លូវរហូតដល់​១៥០០​ដើម​ឯណោះ​។

លោក ​កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បានបញ្ជាក់​នូវ​ជំហរ​ម៉ឺងម៉ាត់ក្នុងការ​ជំរុញ​ដល់​ស្ថាប័ន​ជំនាញ​នានា ក្នុងទិសដៅ​អនុវត្តន៍គ្រប់​ផែនការ ដើម្បី​ស្តារ ​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្ត​មួយនេះ ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ជា​លំដាប់​។ ផ្តើមចេញពី​ការខិតខំ​នេះ លោក​ក៏បាន​ដាក់​ទិសដៅ​សំខាន់ៗ​ជាច្រើន​ទៀត ដើម្បី​ឆ្លើយតប​នឹងភាពចាំបាច់ សម្រាប់​បម្រើសេវា​លើ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ប្រកបដោយ​ភាពលេច​ធ្លោ និង​មាន​ផាសុខភាព និង​និរន្តរភាព​ផងដែរ​។

​លោក​បានបញ្ជាក់​យ៉ាង​ដូច្នោះ​ថា នេះ​ជា​ភារកិច្ច​ដ៏​ចាំបាច់​ដើម្បី​បម្រើ​អេកូទេសចរណ៍ ឲ្យ​កាន់​តែមាន​សក្តានុពល​ខ្ពស់ ហើយ​អ្វីដែល​សំខាន់​ គឺទិសដៅ​ឆ្ពោះទៅរក​ភាពជោគជ័យ សម្រាប់​លើកកម្ពស់​ខេត្ត​កែប ​ឲ្យ​សមនឹង​ឈ្មោះ​ខេត្ត​តារា​រះ​ក្នុង​ទិសនិរតី និង​ឆ្នេរ​ស្រស់ស្អាត​ដាច់​គេ ថែមទាំង​មានភាពល្បីល្បាញ ​ដែល​បាន​បន្ត​ពី​យូរលង់​ណាស់​មកហើយនោះ​។

តាមរយៈ​នេះ លោក​ក៏បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​ខិតខំ​សហការ​គ្នា​ដើម្បី​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្ត​កែប ឲ្យ​កាន់​តែមានភាពស្រស់​បំព្រង ពិសេស​ការស្ថាបនា​ផ្លូវ​ពី​រង្វង់​មូល​ផ្សារ​ក្តាម ឆ្ពោះទៅ​ទីប្រជុំ​សេះស ឲ្យ​មាន​គុណភាព និង​ឲ្យ​បាន​ឆាប់​រួចរាល់​សម្រាប់អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ ​នៅ​ខេត្ត​កែប ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នា​ពេល​ឆាប់ៗ​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114