ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ពោធ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២​ ឆ្នាំ​២០១៧ នៅ​កោះ​ពេជ្រ

​ភ្នំពេញ ​៖ ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ ដែល​រៀបចំឡើង​ដោយក្រុមហ៊ុនអា​នុ​ស្សា បាន​បើកសម្ពោធ​រយៈ​ពេល២​ថ្ងៃ ​គឺ​២២-២៣ កក្កដា នៅកោះ​ពេជ្រ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​ធិបតី​ពី​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រម​ទាំង​បណ្តា​ក្រុមហ៊ុន​សំអាង​ការ​ជាច្រើន​ទៀត។

​​ពិព័រណ៍​អាពាហ៍ពិពាហ៍ដ៏​ធំ​ប្រចាំឆ្នាំ​២០១៧ កំពុង​ប្រព្រឹត្តទៅ​នៅក្នុង​អគារតាំង​ពិព័រណ៍កោះ​ពេជ្រ​ នាព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ នេះ ដោយមានការចូល​រួម​តាំង​បង្ហាញ​ពី​ក្រុមហ៊ុន​ផ្នែកសេវាកម្ម និង​ផ្គត់​ផ្គងសម្ភារៈអាពាហ៍ពិពាហ៍​ប្រមាណ​ជាង៥០​ក្រុមហ៊ុន ​ដូចជា​ ភេសជ្ជៈ សេវាកម្ម​ថតរូប វីដេអូមុន​ថ្ងៃ​អាពាហ៍ពិពាហ៍ Live Vidio សេវាកម្ម​ថតរូបនៅក្រៅ​ប្រទេស ស៊ុម​រូបថត​ទំនើប សំអាងការ និង​ពិធីការ ផ្កា និងសេវាកម្ម​តុបតែង ហាង​នំ Cake សម្លៀកបំពាក់​មង្គលការ​ សណ្ឋាគារ គ្រឿង​សង្ហា​រឹម ម្ហូបអាហារ ក្រុម​ភ្លេង ក្រុម​តុបតែង​ទឹក​បាញ់​ក្នុង​កម្មវិធីរថយន្ត ធនាគារ ហិរញ្ញវត្ថុ បង់​រំ​លស់ និង​កម្ចី និង​សេវាកម្ម​ថែរក្សាសុខភាព​ជាដើម។

លើសពីនេះ​ក៏មាន​ការដើរ​បង្ហាញ​ម៉ូត​សំលៀកបំពាក់​បែប​ប្រពៃណី សម័យ និង​បុរាណរបស់​កូនកំលោះកូនក្រមុំ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ និង​តាំងបង្ហាញ​សំលៀកបំពាក់​សម្រាប់​ចូលរួម​ពិធីមង្គលការ និង​ការសម្តែងកម្មវិធី​សំខាន់មួយចំនួន​ក្នុង​ពិធី​រៀប​មង្គលការ​ ដូចជា ​ពី​ធី​ចូលម្លប់ ពិធី​បុកល័ក្ដ របាំ​អប្សរា របាំ​ពិណ្យ​អង្គរ និង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី​ផងដែរ។

​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អា​នុ​ស្សា​ មានប្រសាសន៍ថា កត្តា​ដែល​ជំរុញឱ្យ​ពួកយើង​រៀបចំ​ពិព័រណ៍​នេះ​ឡើង ​គឺ​ដើម្បីឱ្យ​អនាគត​គូស្វាមីភរិយា​ថ្មី​ ដែល​មាន​គម្រោង​រៀបចំ​អាពាហ៍ពិពាហ៍​នាពេល​ដ៏​ខ្លីខាងមុខនេះ ទទួលបាន​នូវ​គំនិតល្អៗ​ស្តីពី​កា​រៀប​មង្គលការ យល់ដឹងពីរបៀប​ក្នុងការ​ជ្រើសរើស​សម្ភារៈ ​និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួលបាន​ការប្រឹក្សា​យោបល់ពី​ការ​ដេគ័រ​ឆាក ការតុបតែងកន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុខ​ខ្លោងទ្វារជាដើម។

លោក​បាន​បន្ថែមទៀតថា​ ពិព័រណ៍​នេះនឹង​ក្លាយទៅជា​ទីកន្លែង​មួយ​ដែលបង្ក​ភាពងាយស្រួល និង​កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់​អ្នកមានគម្រោង​រៀបការ​ទាំងអស់ ​ឱ្យទទួល​បាន​មង្គលការមួយ​ដ៏​អស្ចារ្យ ចំណេញ​ទាំង​ថវិកា និង​ពេលវេលា។

លោក ឈួន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ បាន​មានប្រសាសន៍ស្រដៀង​គ្នា​នេះដែរ និង​បាន​ជំ​រុញ​ឱ្យ​ក្រុមហ៊ុន​អនុស្សា រៀបចំ​ពិព័រណ៍​នេះ​បន្តទៀត។

លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ​បានមានប្រសាសន៍​រំលឹក​ពី​ពិធីមង្គលការ​ ដែល​ក្មេង​ស្រករ​ក្រោយគួរយល់ដឹង ទាក់ទិន​ទៅដល់​ប្រវត្តិ​ព្រះថោង​នាងនាគ​ក្នុង​រជ្ជកាលព្រះបាទ ​ហ៊ុន ទៀន និង​ព្រះ​នាង ​លីវ យី ដែលជា​ទំនៀមទម្លាប់ព្រះថោង​តោង​ស្បៃ​នាងនាគ មាន​តាំងពី​បុរាណ​កាល​មក ហើយ​ជា​ទំនៀមទម្លាប់​ដ៏​យូរលង់នៅក្នុង​ពិធី​មង្គលការ។ ​យើង​មិនទាន់បាន​ស្គាល់​ពី​ធ្វើ​ធ្មេញ ពិធី​បុលល័ក្ត ដែលជា​ទំនៀមទម្លាប់​មួយ​តាំងពី​សម័យកាលនោះ​ម្ល៉េះ។

លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍ ​ក្រើនរំលឹក​ឱ្យ​មានការ​ប្រយ័ត្ន​ខ្ពស់ទៅនឹង​ភ្លេង​ការ មិនត្រូវ​ជ្រើស​រើសយក​ភ្លេង​ដែល​បម្រើ​ថ្វាយ​ដល់​ព្រះឥសូរ ឬ អាទិទេព​នោះឡើយ ហើយ​ឱ្យ​ក្រុមហ៊ុន​ស្វែងយល់​ឱ្យបាន​ច្រើន​ពី​ពិធីមង្គលការ ​ដោយ​ឆ្លងកាត់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប និងក្រសួង​ធម្មការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684