Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្ដៅចាប់ផ្ដើមក្លាយខ្លួនជាឃាត ក សម្លាប់មនុស្សនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

រលកកម្ដៅនៅក្នុងខែមេសានេះបានចាប់ផ្ដើមក្លាយខ្លួនជាឃាត ក សម្លាប់មនុស្សជាហូរហែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមគ្រូពេទ្យក៏កំពុងសស្រាក់សស្រាំព្យាបាលមនុស្សជាង ១០០ នាក់ផងដែរដែលសុទ្ធសឹងតែសន្លប់បាត់ស្មារតី ដោយសារតែអាកាសធាតុដ៏ក្ដៅចង់ខ្លោចនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសប្បុរសធម៌យ៉ាំងហ្គោនបាននិយាយថា ក្រៅពីអ្នកសន្លប់បាត់ស្មារតីដោយសារតែមេឃក្ដៅបែកផ្សែងទាំងប៉ុន្មាននេះហើយ អង្គការទទួលបានព័ត៌មានពីបុរសម្នាក់អាយុ ៥០ ឆ្នាំបានស្លាប់បាត់បង់ជីវិតកាលពីចុងសប្ដាហ៍កន្លងទៅ ដោយសារតែគាំងបេះដូង បន្ទាប់ពីជិះកង់ក្រោមកម្ដៅថ្ងៃ ហើយភ្លាមៗនោះបានដួលធ្លាក់ពីលើកង់ ក្រោយបែកញើសជោគជាំខ្លួន ខណៈបុរស​ម្នាក់ទៀត​ទីក្រុង Magwe និងមាន​អាយុត្រឹម ​២០ ​ឆ្នាំប៉ុណ្ណោះក៏ស្លាប់ផងដែរក្រោមឥទ្ធិពលអាកាសធាតុដ៏ក្ដៅគគុកនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់រដ្ឋាភិបាលយោធាបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសីតុណ្ហភាពពេលថ្ងៃនៅទីក្រុងភាគខាងជើងមួយចំនួនដូចជា ទីក្រុង Naypyitaw, Sagaing, Mandalay, Magwe និងនៅភាគខាងកើតនៃរដ្ឋ Shan គឺហក់ឡើងខ្ពស់ជាងរាល់ដង ៣ ទៅ ៤ អង្សាសេ ពោលកម្ដៅមានដល់ ៤៧ អង្សាសេឯណោះ ។

លោកវេជ្ជបណ្ឌិត Su Taung Pyae ប្រធានគ្លីនិកតាមអនឡាញចំណុះក្រោមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានលើកឡើងថា “កម្ដៅអាចបណ្តាលឲ្យស្បែកស្ងួត បែកញើសច្រើន និងសីតុណ្ហភាពរាងកាយកើនឡើង ហើយអាការៈទាំងនេះ​អាច​បណ្ដាល​ឲ្យ​មនុស្សស្លាប់បាន ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាបេះដូង គឺងាយរងគ្រោះជាងគេ” ។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ នៅក្នុងប្រទេសថៃក៏មានមនុស្សស្លាប់បាត់បង់ជីវិត ដោយសារតែរលកកម្ដៅនេះផងដែរ ។ បុរសរស់នៅខេត្ត Prachinburi វ័យ ៤៩ ឆ្នាំបានដាច់សរសៃឈាមខួរក្បាលស្លាប់មួយរំពេច ព្រោះតែផឹកស្រាទាំងអាកាសធាតុកំពុងក្ដៅចង់ខ្លោច ខណៈក្រោយហេតុការណ៍នេះទៀតសោត រដ្ឋាភិបាលថៃបានចេញការព្រមានទៅដល់ប្រជាពលរដ្ឋឲ្យចេះថែទាំសុខភាពដែលបណ្ដាលមកពីអាកាសធាតុក្ដៅបែកផ្សែង ជាពិសេសក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មី ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មីយ៉ាន់ម៉ា សុំ ថៃ បើកផ្លូវឲ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០ នាក់ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម