Connect with us

ព័ត៌មានជាតិ

កាន់តែ​​ចាប់​អារម្មណ៍​ សមិទ្ធផល​ធំៗ ៤ ខេត្ត​កំពត​ទើប​សម្រេច​បាន​ក្នុងពេល ២ ឆ្នាំ​ចុងក្រោយនេះ

បានផុស

នៅ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ខេត្ត​កំពតបាន​រំលេច​ចេញ​នូវ​សមិទ្ធផល​ថ្មី​ៗ​ចំនួន ៤ ដែលបាន​ជួយ​លើក​មុខ​មាត់​ខេត្ត​មួយ​នេះ​ឱ្យ​កាន់​តែ​មាន​សក្ដានុពល​ទេសចរណ៍ និង​កំពុង​ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរ​ជាតិ មក​ពី​គ្រប់​ទិស​ទី​សំដៅ​ចង់​ទៅ​លេង​ខេត្ត​មិន​អាច​រំលង​បាន​។

សមិទ្ធផល​ទាំង ៤ ដែល​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​នេះ​ទើប​សម្រេច​បាន​រួម​មាន​៖

+កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត

កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត​ បាន​អភិវឌ្ឍ​ឡើង​ក្រោម​កម្ចី​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ដែល​មាន​តម្លៃ​​ជាង​ ១៨ លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ជាប់​ដង​ព្រែក​ចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ពី​ក្រុង​កំពត។ កំពង់ផែ នេះ​បាន​ចាប់​ផ្ដើម​សាង​សង់​កាល​ពី​ឆ្នាំ ២០១៨ ​ហើយ​បញ្ចប់​ការសាងសង់​ទាំង​​ស្រុង​នៅ​ចុង​ខែ​មិថុនា ឆ្នាំ២០២២ លើ​ផ្ទៃដី​ទំហំ​ជាង ៤ ហិក​តា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត មាន​សមត្ថភាព​អាច​ភ្ជាប់​ទៅ​នឹង​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ​កោះរ៉ុង ហើយ​ក៏​ភ្ជាប់​ទៅ​កំពង់​ផែ​កោះត្រល់ និង​កំពង់ផែ​ដទៃ​ទៀត​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ដែល​សម្រួល​ទៅ​ដល់​ការ​ជញ្ជូន​តាម​ផ្លូវ​ទឹក​សម្រាប់​ខេត្ត​មួយ​នេះ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​។

+ការ​សាងសង់​ឆ្នេរ​តាម​ដង​ព្រែក​កំពត

ដើម្បី​សំដៅ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​រៀបចំ​កន្លែង​លំហែ​កម្សាន្ត មាន​ខ្យល់​អាកាស​បរិសុទ្ធ មាន​​អនាម័យ​បរិស្ថាន ធានា​ដល់​គុណភាព សុខភាព សាធារណៈ និង​សោភ័ណភាព​ក្នុង​ក្រុង រដ្ឋបាល​ខេត្ត​កំពត​បាន​រៀប​ចំប្រែក្លាយ​តំបន់ឆ្នេរតាមដង​ព្រែកកំពង់បាយ​ឱ្យទៅជា​តំបន់អេកូទេសចរណ៍ធម្មជាតិ ដោយ​មានរៀបចំជា​ឆ្នេរ​ខ្សាច់សិប្បនិម្មិត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការ​រៀបចំ​​ឆ្នេរ​ខ្សាច់​ថ្មី​ស្ថិតនៅ​ចំ​បេះដូងនៃក្រុង​កំពត ហើយ​នៅ​ពេល​អនាគត​តំបន់​នេះនឹង​ក្លាយ​ជា​ទីតាំងសម្រាប់​រៀបចំ​ព្រឹត្តិ​ការណ៍​ធំៗ​និង​ជាគោលដៅ​សម្រាក​លំហែរ​របស់​ភ្ញៀវ​ទេសចរ។

+ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់

ខេត្ត​កំពត ទើប​តែ​សម្រេច​បាន​នូវ​ការរ​អនុវត្ត​គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ដែល​បាន​សម្ភោធដាក់ឱ្យប្រើប្រាស់កាលពី​ថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ។ ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់​នេះ​ មាន​សមត្ថភាព​បូម​ទឹកកខ្វក់បានចំនួន ១៨០ ម៉ែត្រត្រីគុណ/១ម៉ោង និង​សមត្ថភាព​ចម្រោះ​ទឹកកខ្វក់​តាមបែបធម្មជាតិចំនួន ៣,៣៦០ ម៉ែត្រត្រីគុណ/១ថ្ងៃ ដែល​នឹ​ងក្លាយជា​សមិទ្ធិផល​មួយ​រួម​ចំណែក​លើក​កម្ពស់សុខុមាលភាព និង​អនាម័យ​បរិស្ថាន​សម្រាប់​ពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងកំពត។

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត បាន​ចាយ​ថវិកាសាងសង់​អស់​ប្រមាណ ២០,១លានដុល្លារអាមេរិក ដែល​គ្រប​ដណ្តប់លើផ្ទៃដីសរុបចំនួន ៣៩៥,៧២ហិកតា ស្ថិត​នៅ​ក្នុង​សង្កាត់ចំនួន ៤ គឺ​សង្កាត់​កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និង​​សង្កាត់​កំពង់​សំរោង ដែល​ក្នុង​នោះ ផ្ទៃដី​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​មាន​ទំហំ ៩,៨៤ហិកតា។

+រូប​សំណាក​សេះ​សមុទ្រ​បាញ់​ទឹក

រូប​សំណាក​សេះ​សមុទ្រ​បាញ់​ទឹក ត្រូវ​បាន​រដ្ឋបាល​ខេត្ត​សម្រេច​សាងសង់​ឡើង​មាន​កម្ពស់​ ៨ ម៉ែត្រ ឈរ​បាញ់ទឹកចេញពី​មាត់​នៅលើដងព្រែកកំពងបាយ ទើបដាក់​សម្ពោធ​ជា​ផ្លូវការ កាល​​ពី​ថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ២០២៤នេះ។ តាម​រយៈ​ការ​សាងសង់​រូប​សំណាក​នេះ ក៏​កំពុងក្លាយ​ជាទី​​ចំណាប់​អារម្មណ៍​ថ្មីមួយ​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​ខេត្តកំពត​កាន់​តែ​កើន​ឡើង​ជា​បន្តបន្ទាប់​ផង​ដែរ។

តាមរយៈសមិទ្ធផល​ថ្មីៗដែល​សម្រេច​បាន​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ នឹង​ជួយ​លើក​មុខ​មាត់​ខេត្ត​កំពត​ឱ្យ​កាន់​តែ​មាន​សក្ដានុពល ​ក្លាយ​ជា​ខេត្តគោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ​​មកសម្រាក​លំហែរ​កម្សាន្ត​ចូលរួមជួយជំរុញដល់​សេដ្ឋកិច្ចមូលដ្ឋានពលរដ្ឋ​​ឲ្យប្រសើរ​ឡើង​បន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម