Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចុះហត្ថលេខាលើច្បាប់កែប្រែការចូលបម្រើទ័ព​

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយដែលជាច្បាប់ផ្លាស់ប្តូរការចូលបម្រើទ័ពរបស់ប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី១៦ ខែ​មេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីនេះបានកំណត់នូវតម្រូវការថ្មីមួយសម្រាប់បុរសទាំងអស់ដែលមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំចុះឈ្មោះធ្វើជាយោធាអ៊ុយក្រែន ខណៈរដ្ឋាភិបាល​និយាយ​ថា គោលបំណងនេះ​គឺ​ធ្វើ​ឲ្យដំណើរការ​ជ្រើសរើស​បុគ្គលិក​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ​ហើយច្បាប់នេះក៏​មិន​មាន​បទប្បញ្ញត្តិ​​រំសាយ​ទាហាន​ដែល​បាន​ចំណាយ​ពេល​ប្រយុទ្ធ​ជា​យូរ​មក​ហើយនោះដែរ ។

ច្បាប់នេះត្រូវបានសមាជិកសភាអ៊ុយក្រែនជជែកគ្នាអស់ជាច្រើនខែថាតើត្រូវអនុញ្ញាតឲ្យទាហានអ៊ុយក្រែនដែលបម្រើលើសមរភូមិយូរមកហើយមានឱកាសវិលត្រលប់មកមាតុប្រទេសវិញឬយ៉ាងណា ប៉ុន្តែការវាយលុកជាថ្មីរបស់រុស្ស៊ីមិនអាចមានលទ្ធភាពអនុញ្ញាតឲ្យទាហានដែលបម្រើការយូរបានសម្រាកនោះទេ ។

មុននឹងឈានដល់ការសម្រេចលើសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើវិសោធនកម្មច្រើនជាង ៤,០០០ ដង ចាប់តាំងពីវាត្រូវបានស្នើជាលើកដំបូង ប៉ុន្តែនៅទីបំផុតសភាអ៊ុយក្រែនបានលុបចោលផែនការសម្រាប់ការដកទ័ព បើទោះបីជាបម្រើការយូរយារណាស់មកហើយក៏ដោយ ដើម្បីរក្សាទាហានឲ្យបានច្រើននៅសមរភូមិជួរមុខ ដែលធ្វើឲ្យគ្រួសារអ៊ុយក្រែនជាច្រើនខកចិត្ត ព្រោះច្បាប់មុនៗកំណត់ថា ការចូលបម្រើទ័ពគឺរយៈពេល ៣ ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការចុះហត្ថលេខាលើច្បាប់ថ្មីនេះរបស់លោក Zelensky បានកើតឡើងភ្លាមៗ បន្ទាប់ពីមេបញ្ជាការអ៊ុយក្រែននៅសមរភូមិជួរមុខប៉ែកខាងកើតបានព្រមានថា ទាហានរុស្ស៊ីមានចំនួនច្រើនជាងអ៊ុយក្រែនរហូតដល់ ១០ ដងឯណោះ ។ យ៉ាងណាមិញបន្ទាប់ពីច្បាប់នេះបានអនុម័តកាលពីសប្តាហ៍មុន ប្រពន្ធ និងសាច់ញាតិរបស់ទាហានរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសអ៊ុយក្រែនដើម្បីតវ៉ា និងទាមទារឲ្យបញ្ចូលរយៈពេលកំណត់នៃការបម្រើទ័ព ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម