Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន ហៃទី កំពុងស្វែងរកកន្លែងមានសុវត្ថិភាព ខណៈក្រុមក្មេងទំនើង​គ្រប់គ្រងស្ទើរពេញទីក្រុង

បានផុស

នៅ

ប្រជាជនហៃទីកំពុងតស៊ូដើម្បីរស់រានមានជីវិត ស្វែងរកអាហារ ទឹក និងកន្លែងសុវត្ថិភាព ខណៈការវាយប្រហារដោយក្រុមក្មេងទំនើងបណ្ដាលឲ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ ជាពិសេសនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះតែម្ដង ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២២ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នក្រុមក្មេងទំនើងបានគ្រប់គ្រងលើប៉ូលិស និងរដ្ឋាភិបាល ហើយថែមទាំងកាន់កាប់រដ្ឋធានី Port-au-Prince ផងដែរ ខណៈនៅពេលនេះមានមនុស្សតិចណាស់ដែលមានលទ្ធភាពទិញ ទឹក អាហារ និងថ្នាំពេទ្យ ខណៈដែលការផ្គត់ផ្គង់បានធ្លាក់ចុះ ចាប់តាំងពីអាកាសយានដ្ឋានអន្តរជាតិសំខាន់ៗបានបិទទ្វារ តាំងពីដើមខែមីនា ចំណែកកំពង់ផែ​សមុទ្រ​ធំ​បំផុត​របស់​ប្រទេស​នេះ​ក៏ត្រូវ​បាន​រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរផងដែរពីសំណាក់​ក្រុម​ជន​ពាល ​។

យោងតាមប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិនៅប្រទេសហៃទីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ​ដោយ​ក្រុម​ចោរ​ធ្លាប់​កើតឡើង​តែ​ក្នុង​តំបន់​មួយចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​វារីករាលដាល​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ​។

ស្របពេលជាមួយគ្នានេះ សាលារៀន និងស្ថានីយប្រេងឥន្ធនៈត្រូវបានបិទ ខណៈប្រេងឥន្ធនៈនៅលើទីផ្សារងងឹតលក់ក្នុងតម្លៃ ៩ ដុល្លារក្នុងមួយហ្គាឡុង ខ្ពស់ជាងតម្លៃផ្លូវការប្រហែល ៣ ដង ។ ចំណែកធនាគារបានហាមឃាត់អតិថិជនមិនឲ្យដកប្រាក់លើសពី ១០០ ដុល្លារឡើយក្នុងមួយថ្ងៃ ។

ក្រុមទំនើងបានគ្រប់គ្រងប្រហែល ៨០ ភាគរយនៃទីក្រុង Port-au-Prince ហើយត្រឹមតែរយៈពេល ១ ខែប៉ុណ្ណោះមនុស្សជាង ៩៥,០០០ នាក់បានភៀសខ្លួនចេញពីទីក្រុង ខណៈដែលក្រុមក្មេងទំនើងកាន់តែបង្កើនសកម្មភាពវាយឆ្មក់សហគមន៍ ដុតផ្ទះ និងសម្លាប់មនុស្សជាដើម ។

អ្នកដែលភៀសខ្លួនតាមឡានក្រុងទៅកាន់តំបន់ភាគខាងត្បូង និងភាគខាងជើងនៃប្រទេសហៃទី ប្រថុយនឹងការចាប់រំលោភ ឬសម្លាប់ នៅពេលពួកគេឆ្លងកាត់តំបន់ដែលគ្រប់គ្រងដោយក្រុមក្មេងទំនើង ។ លើសពីនេះមនុស្សប្រហែល ១៦០,០០០ នាក់គ្មានផ្ទះសម្បែង និងបានបង្ខំឲ្យអាជីវកម្ម ទីភ្នាក់ងាររដ្ឋាភិបាល និងសាលារៀនត្រូវបិទ ដែលធ្វើឲ្យប្រជាជនហៃទីជាច្រើននាក់គ្មានការងារធ្វើ ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានប្រកាសដាក់ឲ្យដំណើរការការយកជំនួយមនុស្សធម៌ពីប្រទេសប៉ាណាម៉ាទៅកាន់ប្រទេសហៃទី ដោយមានជើងហោះហើរចំនួន ៥ បានចុះចតនៅភាគខាងជើងនៃទីក្រុង Cap-Haïtien ដែលជាទីតាំងមានអាកាសយានដ្ឋានដំណើរការតែមួយគត់របស់ប្រទេសហៃទី ដោយនាំយកថ្នាំចំនួន ៦២ តោន ទឹក សម្ភារៈជំរកសង្គ្រោះបន្ទាន់ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតជាដើម ។ ទោះបីជាយ៉ាងណា ប្រជាជនប្រទេសនេះនៅតែត្រូវការជំនួយយ៉ាងច្រើនបន្ថែមទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម