ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​នាយក​ប្រតិបត្តិ​នៃ​សាខា​ក្រុមហ៊ុន​ប្រេង Petro Vietnam បាន​ចូល​សារភាព​ចំពោះមុខ​ប៉ូលិស​ ​

អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ វៀតណាម​ម្នាក់​ បាន​ចូល​មក​សារភាព​ចំពោះមុខ​ប៉ូលិស​ បន្ទាប់ពី​គេចខ្លួន​រយៈពេល​ពេញ​មួយ​ឆ្នាំ​​​ ដោយសារ​ការ​បង្ក្រាប​អំពើពុករលួយ​ធ្វើឡើង​ដោយ​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម។

លោក Trinh Xuan Thanh អាយុ ​​៥១​ឆ្នាំ​បានគេច ខ្លួន​បាត់​នៅក្នុង​ខែកក្កដា​ឆ្នាំមុន បន្ទាប់ពី​រង​ការចោទប្រកាន់​ពីបទ​គ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​នៅ​ឯ​សាខា​មួយ​នៃ​ក្រុមហ៊ុន​ខ្នាត​យក្ស​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​របស់​រដ្ឋ​ឈ្មោះ Petro Vietnam ជា​លទ្ធផល​ដ៏​អាក្រក់​វិញ​នោះ បាន​បណ្តាល​ឲ្យ​ខាតបង់​អស់​ដល់​ទៅ​ប្រមាណ ១៥០​លាន​ដុល្លារ​។ ប៉ូលិស​បានចេញ​ដីកា​ចាប់ខ្លួន​ប្រឆាំង​នឹង​លោក Thanh នៅក្នុង​ខែកញ្ញា​។ ក្រុមមន្ត្រី​បាន​និយាយថា លោក Thanh បាន​ភៀសខ្លួន​គេចខ្លួន​ទៅកាន់​ទ្វីប​អឺរ៉ុប​។​

លោក Thanh បាន​ចូលខ្លួន​មក​សារភាព​ចំពោះ​មុខ​ប៉ូលិស​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​ជាការ​លើកឡើង​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​នៅ​លើ​វេប​សាយ​របស់​ខ្លួន​ដោយ​មិនបាន​ផ្តល់នូវ​សេចក្តីអធិប្បាយ​លម្អិត​អ្វី​ឡើយ​។​
​ ​
លោក Thanh ធ្លាប់​ធ្វើជា​នាយក​នៃ​សាជីវកម្ម Petor Vietnam Joint Stock Corporation រហូតដល់​ឆ្នាំ​២០១៣ នៅពេលដែល​គាត់​ត្រូវ​បាន​តែងតាំង​នៅ​ក្នុង​តំណែង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ក្នុងនោះ​មានដូចជា​អនុប្រធាន​(​អភិបាលរង​)​ខេត្ត Hau Giang នៅ​ភាគ​ខាង​ត្បូង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​ជាដើម​។​
​ ​
លោក​ត្រូវបាន​ជាប់ឆ្នោត​ជ្រើសតាំង​នៅក្នុង​រដ្ឋសភា នៅ​ខែឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​ត្រូវ​ទទួលរង​ការ​បណ្តេញ​ចេញពី​អង្គនីតិប្បញ្ញត្តិ​ដែល​គ្រប់គ្រង​ភាគច្រើន​ដោយ​បក្ស​កុម្មុយនិស្ត មុន​ពេល​ឈាន​ចូល​សម័យប្រជុំពេញអង្គ​លើកទីមួយ​នៅ​ខែ​បន្ទាប់មក នោះ​។​

លោក​ក៏ត្រូវ​បានតែងតាំង​ធ្វើជា​អនុរដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​ដែល​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​បណ្តេញចេញ​ដោយសារ​ការ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​ខុសឆ្គង ក្នុងឋានៈ​លោក​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស​របស់​រដ្ឋ​។​

​ជា​លំដាប់ថ្នាក់​កម្រិត​តម្លាភាព​អន្តរជាតិ​វៀតណាម​ជាប់​លេខ​១១៣​ក្នុងចំណោម​ ១៧៦​ប្រទេស នៅក្នុង​លេខ​រៀង​ប្រទេស​មាន​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០១៦៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684