ព័ត៍មានទាន់​ហេតុការណ៏
Search

​ត្រី​បា​ឡែ​ន បានវាយប្រហារ​ទូកនេសាទមួយគ្រឿង ​បណ្ដាលឲ្យ​មនុស្ស ៤នាក់រងរបួស​

​បុរស​ម្នាក់​បាន​សន្លប់ ​ហើយ​បីនាក់​ទៀត​បាក់ឆ្អឹង​មុខ​ និង​ឆ្អឹងជំនី​ បន្ទាប់ពី​ត្រី​បា​ឡែ​ន​មួយ​ក្បាល ​បាន​វាយប្រហារ​ទូក​នេសាទ​ ដែល​គេ​ជួល​មួយគ្រឿង ​ជិត​ឆ្នេរ​ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី​។​

ទូក​ប្រវែង ​៩​ម៉ែត្រ​មួយគ្រឿង​នេះ ​កំពុងតែ​ធ្វើដំណើរ​វិលត្រឡប់​ទៅ​កំពង់ផែ Whitsundays វិញ​ នៅឯ​ឆ្នេរសមុទ្រ​រដ្ឋ Queensland ជាមួយ​អ្នកដំណើរ​ចំនួន ៨​នាក់​ នៅពេលដែល​ត្រី​បា​ឡែ​ន​មួយ​ក្បាល ​បាន​បុក​វា​ពីក្រោម ​ដោយ​ធ្វើ​ឲ្យ​ទូក​នេះ ហោះ​ឡើងលើ​។​

លោក​កា​ពី​តែ​ន Oliver Galea បាន​និយាយប្រាប់ ​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​ថា “​ក្នុងពេល​តែមួយ​ភ្លែត យើងទាំងអស់គ្នា​ ​ត្រូវ​ខ្ទាត​ចេញ​ហើយ​ទូក​ ហោះ​ឡើង​ទៅលើ​។ គ្មាន​នរណាម្នាក់​ ក្នុងចំណោម​ពួកយើង ​បានដឹង​ពីអ្វី​ដែល​កើតឡើង​នោះទេ​”​។​

បុរស​អាហ្វ្រិក​ខាងត្បូង​វ័យ​ ៧១​ឆ្នាំ​ម្នាក់ ​បាន​សន្លប់​ ហើយ​មើលថែ​ដោយ​នាវិក​របស់​ទូក ​ខណៈ​ពួកគេ​បាន​ជូនដំណឹង​ ដល់​សេវា​សង្គ្រោះបន្ទាន់​។ ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ បាន​អមដំណើរ​ទូក​នេះ​ទៅកាន់​ច្រាំង​ ខណៈដែល​បុរស ​៤​នាក់ ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

អ្នកទេសចរ​ម្នាក់ ​ត្រូវបានទទួលការ​ព្យាបាល ​ដោយសារ​បាក់​ច្រមុះ ​ខណៈពេលដែល​លោក Galea ត្រូវ​ដេរ ៨​ថ្នេរ ​សម្រាប់​របួស​ក្បាលគាត់​។ អ្នកដំណើរ​ទី​៣ បាន​រងរបួស​បាក់ឆ្អឹង​មុខ ​និង​ឆ្អឹងជំនី​។​

លោក Galea បាន​និយាយថា “​យើង​បានឃើញ​ត្រី​បា​ឡែ​ន​គ្រប់ពេលវេលា ​ប៉ុន្តែ​យើង​មិនដែល​ដឹងថា​ មានរឿង​បែបនេះ​កើតឡើង​ទេ​”​។ លោក​បាន​និយាយទៀតថា អ្នកដំណើរ​មួយចំនួន ​បាន​ប្រទះឃើញ​អ្វីដែល​ពួកគេ​ជឿថា​ ជា​ត្រី​បា​ឡែ​ន​ខ្នង​កោង ​នៅក្នុង​ទឹក ​បន្ទាប់ពី​គ្រោះថ្នាក់​នេះ​។​

គួរ​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ ត្រី​បា​ឡែ​ន​ខ្នង​កោង​ បាន​បំលាស់​ទី​ ពី​ភាគ​ខាងជើង​មហាសមុទ្រ​អង់តាក់ទិក​ ទៅរក​បរិយាកាស​កក់ក្តៅ​ នៅឯ​ឆ្នេរសមុទ្រ​ប្រទេស​អូស្ត្រាលី​ ដើម្បី​បង្កាត់​ពូជ​ និង​បង្ក​កំណើត​។ ពួកគេ​អាច​ធំធាត់​ រហូតដល់​ប្រវែង​ ១៦​ម៉ែត្រ​ឯណោះ​៕ AFP