ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​កូរ៉េ បើក​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ខួប​លើក​ទី​១០ នៃ​ការ​បង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវចម្រុះ​កម្ពុជា

​ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ និង​ភាគីប្រទេស​កូរ៉េ បាន​អញ្ជើញ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី និង​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ខួប​លើក​ទី​១០ នៃ​កិច្ច​សហប្រតិបត្តិការ​សិក្សាស្រាវជ្រាវ​រួមគ្នា​កម្ពុជា​-​កូរ៉េ ដើម្បី​ពិនិត្យមើល​អំពី​សមិទ្ធផល​ នៃ​ការសិក្សាស្រាវជ្រាវ​រួមគ្នា និង​សារៈសំខាន់​ នៃ​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវចម្រុះ​កម្ពុជា​។

លោក វេ​ង សាខុន រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ​ថា ក្នុងរយៈពេល ​២​ឆ្នាំ​កន្លងទៅនេះ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំ​វេទិកា​ធុរកិច្ច​ជីវចម្រុះ​កម្ពុជា​-​កូរ៉េ​។ ជាលទ្ធផល​នៃ​វេទិកា​នេះ គឺ​បានចេញ​នូវ​សេច​-​ក្តី​ថ្លែងការណ៍​រួមគ្នា​កម្ពុជា​-​កូរ៉េ ស្តីពីទស្សនៈ​លើ​វិស័យ​ជីវ​-​ឧស្សាហកម្ម​។​ សេចក្តីថ្លែងការណ៍​នេះ មានគោលបំណង​សំខាន់​ គឺ​ ទី​១. ការបង្កើន​ទំនាក់ទំនង​សម្រាប់​ជាផលប្រយោជន៍​រួមគ្នា រវាង​អ្នកផ្តល់​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា និង​អ្នកប្រើប្រាស់​ធនធានធម្មជាតិ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ទី​២. ចែករំលែក​ការតាំងចិត្ត​រួមគ្នា រវាង​ប្រទេស​យើង​ទាំងពីរ ក្នុងការ​អភិវឌ្ឍ​កម្មវិធីសិក្សាស្រាវជ្រាវ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ចូលរួមចំណែកយ៉ាងសំខាន់​ទៅនឹង​ការអភិវឌ្ឍ​ និង​ការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

លោករដ្ឋមន្ត្រីបន្តថា ការ​ប្រារព្ធ​ពិធីខួប​លើក​ទី​១០ នៃ​កិច្ចសហប្រតិបត្តិការ​សិក្សាស្រាវជ្រាវ​រួមគ្នា​កម្ពុជា​-​កូរ៉េ ដើម្បី​រំឭក​ពី​ជោគជ័យ ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគី ​ដែល​បាន​ចាប់បដិសន្ធិ​ឡើង ​រវាង​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​វិទ្យាស្ថាន​ជាតិ​ធនធាន​ជីវចម្រុះ នៃ​ក្រសួង​បរិស្ថាន​សាធារណរដ្ឋ​កូរ៉េ​។

ជាមួយ​នេះ ភាគី​ទាំងពីរ​បានកត់សម្គាល់​ឃើញថា ក្នុងអំឡុងពេល​នៃកិច្ចសហប្រតិបត្តិការ​នេះ រដ្ឋបាល​ព្រៃឈើ​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួនយ៉ាងសកម្ម ក្នុងការ​ចូលរួម​គ្រប់​សកម្មភាព​សិក្សា​ស្រាវជ្រាវ ជាមួយបណ្តា​សាកលវិទ្យាល័យ វិទ្យាស្ថាន​ជីវ​-​ឧស្សាហកម្ម និង​ជាពិសេស ជាមួយវិទ្យាស្ថាន​ជាតិ​ធនធាន​ជីវចម្រុះ​ នៃ​សាធារណរដ្ឋ​កូរ៉េ​។ ជារួម លទ្ធផល​ជាផ្លែផ្កា​នៃ​ការខិតខំ​ប្រឹងប្រែង​នេះ ​ពិតជា​បានបង្ហាញ​យ៉ាង​ប្រត្យក្ស​ នៅក្នុងការសិក្សា​ស្រាវជ្រាវ​តាមបែប​ប្រព័ន្ធ​មួយ ដែល​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ថា ជា​ឱកាស​ប្រកបដោយ​សក្តានុពល​មួយ​របស់​កម្ពុជា ​ក្នុងការ​ប្រើប្រាស់​ធនធាន​ជីវចម្រុះ​តាម​យន្តការ​មួយ​ ដែល​ធានាបាន​នូវ​ការអភិរក្ស គ្រប់គ្រង និង​អភិវឌ្ឍធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

អស់​រយៈកាល ​១០ ​ឆ្នាំ​កន្លងទៅនេះ ប្រាកដ​ណាស់​ថា ​ភាគី​ទាំងពីរ​បានជួបប្រទះ​នូវ​ឧបសគ្គ​ជាច្រើន ដែល​បញ្ហា​ប្រឈម​ទាំងអស់នេះ ​មិន​ត្រឹមតែជា​បទពិសោធន៍​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ តែកិច្ចសហប្រតិបត្តិការ​នេះ ពិតជា​បាន​ផ្តល់នូវ​ផ្លែផ្កា​យ៉ាងច្រើន ដែលជា​ធាតុចូល​យ៉ាងសំខាន់ ​ក្នុងការ​លើកកម្ពស់​តុល្យភាព​រវាង​ការអភិរក្ស និង​ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។ ភាគីទាំងពីរ​មានការ​ជឿជាក់ថា សិក្ខាសាលា​អន្តរជាតិ​នាពេលនេះ​ ពិតជាបានបង្ហាញ​នូវ​ការរីកចម្រើន​មួយ​ជំហាន​ទៀត ​ក្នុងការ​ពង្រឹង​ទំនាក់ទំនងការទូត​រវាង​ប្រទេស​យើង​ទាំងពីរ​។

លោក​បញ្ជាក់ថា ក្នុង​គោលបំណង​បង្កើន​ការ​សហប្រតិបត្តិការ​នេះ ​ឲ្យ​កាន់តែល្អប្រសើរ ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​រយៈពេល​វែង​ ទៅលើ​ធនធានជីវចម្រុះ និង​ការអភិរក្ស​ធនធានធម្មជាតិ ​ប្រកបដោយ​និរន្តរភាព​នោះ។ ជាមួយគ្នានោះ លោក​រដ្ឋមន្ត្រី​បាន សូម​ឲ្យ​អង្គសិក្ខាសាលា​ទាំងមូល ជាពិសេសសម​ភាគី​កូរ៉េ មេត្តា​បន្ត​កិច្ចសហការ​លើ​ចំណុច​មួយចំនួន​ដូចតទៅ ទី១. គាំទ្រ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវចម្រុះ​កម្ពុជា ដែល​មជ្ឈមណ្ឌល​នេះ​ នឹងត្រូវ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការបង្កើន​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ជីវចម្រុះ ​ដែល​ខ្ញុំ​សង្ឃឹមថា ភាគី​កូរ៉េ​នឹង​ខិតខំ​ជួយ​ជំរុញឱ្យទទួល​បាន​លទ្ធ​ផល​ប្រកបដោយ​ផ្លែផ្កា​។ ទី​២. សូម​បន្ត​គាំទ្រ​លើការកសាង​សមត្ថភាព ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវ​-​ឧស្សាហកម្ម ដោយមាន​ការចូលរួម​ផងដែរ ​ពី​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ពិសេស ​គ្រឹះស្ថានបណ្តុះបណ្តាល​ឧ​ត្ត​ម​សិក្សា​កសិកម្ម​ទាំង ​៣​ ក្រោម​ឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​ ទី​៣. សូម​ស្វាគមន៍​ចំពោះ​វិនិយោគិន​កូរ៉េ សម្រាប់​កិច្ចសហប្រតិបត្តិការ​ចូល​រួម ​ក្នុងការ​អភិវឌ្ឍន៍​វិស័យកសិកម្ម ជាពិសេស ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ ទៅកាន់សាធារណរដ្ឋ​កូរ៉េ ប្រកបដោយ​ភាព​ប្រកួតប្រជែង​ក្នុង​បរិបទ​ជា​សាកល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114