ព័ត៍មានទាន់​ហេតុការណ៏
Search

បទ​អត្ថាធិប្បាយ​ ៖ ព័ត៌មាន​អំពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ​របស់ ​CNN ប្រាសចាក​ក្រមសីលធម៌ និង​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​​

​កាលពី​ថ្ងៃទី​១ ​ខែសីហា ​ឆ្នាំ​២០១៧ ទូរទស្សន៍​ស៊ី​អិន​អិន (CNN) បានធ្វើសេចក្តីរាយការណ៍​មួយ ​អំពី​ករណី​ជួញដូរ​ផ្លូវភេទ​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​សម្ភាសន៍​នារី​រង​គ្រោះជា​ជនជាតិខ្មែរ និង​វៀតណាម ​ចំនួន​បីនាក់ ព្រមជាមួយ​ម្តាយ​របស់​ពួកគេ​ផង​។

​ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា យើង​សូម​សរសើរ​ចំពោះ​ការប្រឹងប្រែង ​របស់​ទូរទស្សន៍​អន្តរជាតិ​មួយ​នេះ ដែល​បាន​បង្កើតឡើង​នូវ​យុទ្ធនា​ការ ផលិត​ព័ត៌មានស៊ើបអង្កេត​ជា​បន្តបន្ទាប់ ​អំពី​អំពើ​ជួញដូរ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក រួមទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ទោះបីជា​យ៉ាងណា ក្នុងនាម​ជា​អ្នក​ប្រកប​អាជីព​ផ្នែក​សារព័ត៌មាន យើង​មានសេចក្តីសោកស្តាយ​ ចំពោះ​សេចក្តី​រាយ​ការ​ណ៍របស់​ទូរទស្សន៍ ​ស៊ី​អិន​អិន ចុង​ក្រោយនេះ ដែលមាន​ចំណងជើង​ថា «​ជនរងគ្រោះ​ដោយ​ការជួញដូរ​ផ្លូវភេទនៅ​ប្រទេស​កម្ពុជា​ បញ្ចេញ​សំឡេង​» ដោយសារ​សេចក្តីរាយការណ៍​នេះ បាន​រំលោភ​ជាក់ស្តែង​ទៅនឹង​ក្រមសីលធម៌ ​នៃ​វិជ្ជាជីវៈ​សារព័ត៌មាន​តែម្តង​។

​នៅក្នុង​សេចក្តីរាយការណ៍​របស់​ខ្លួន ទូរទស្សន៍​នេះ ​បានបង្ហាញ​នូវ​អត្តសញ្ញាណយ៉ាងច្បាស់ៗ​របស់​នារី​រងគ្រោះ​បី​រូប ​ដែល​ត្រូវ​ម្តាយ​របស់ខ្លួនយកទៅលក់ ​កាលពី​ពួកគេ​មាន​អាយុ​ទើបតែ​ជាង ​១០​ឆ្នាំ តាមរយៈការចាក់​វីដេអូ និង​បទសម្ភាសន៍​រយៈពេល​ ២​នាទី​ និង​៥០​វិនាទី ជាមួយនារី​រងគ្រោះ​ទាំងបី​នាក់ ដោយ​បង្ហាញ​មុខមាត់ និង​ទីលំនៅ​របស់​ពួកគេ នៅ​សង្កាត់​ស្វាយ​បាក ក្រុងភ្នំពេញ​ ទៀតផង​។

គួរ​រំឭក​ថា ​ក្រមសីលធម៌​ នៃ​វិជ្ជាជីវៈ​សារព័ត៌មាន បាន​ហាមប្រាម​មិន​ឲ្យអ្នកសារព័ត៌មាន​ បង្ហាញ​នូវ​អត្តសញ្ញាណ​នៃ​ជនរងគ្រោះ​ផ្លូវភេទ​ឡើយ ហើយក្រមសីលធម៌​សារព័ត៌មាន​ ក៏បាន​ក្រើនរំឭក​ឲ្យ​អ្នកសារព័ត៌មាន ​ព្យាយាមកាត់បន្ថយ​នូវ​ភាព​រងគ្រោះ​បន្តទៀត ​របស់​ជនរងគ្រោះ​ផងដែរ​។

ទោះបី​ជាមាន​ចេតនា​ល្អ​ក្តី សេចក្តីរាយការណ៍​រប​ស់ ​ស៊ី​អិន​អិន ​បាន​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ ដល់​សេចក្តីថ្លៃថ្នូរ និង​ការសម្ងាត់​របស់​នារីរ​ង​គ្រោះ​ទាំងបីនាក់ ដែល​ធ្វើ​ឲ្យ​ពួកគេ​រងគ្រោះ​ដោយ​ភាព​អាម៉ាស់​មួយ​ជាន់​ទៀត ទោះបីជា​គេ​បាន​សុំ ឬ​មិនបាន​សុំ​បង្ហាញ​អត្តសញ្ញាណ​ របស់​នារីរ​ង​គ្រោះទាំងនោះ​ក្តី​។ លើសពីនេះ សេចក្តីរាយការណ៍​ព័ត៌មាន​នេះ អាចធ្វើ​ឲ្យប៉ះពាល់​ដល់​អនាគត​រប​ស់​នារី​រងគ្រោះ​ទាំងបី​ ដែល​កំពុង​ព្យាយាម​ស្តារកិត្តិយស និង​ជីវិត​របស់​ពួកគេ​ឡើងវិញ​ទៀតផង​។

ទន្ទឹម​នឹង​នេះ សេចក្តីរាយការណ៍​រប​ស់​ទូរទស្សន៍​ ស៊ី​អិន​អិន ​មួយ​នេះ ក៏បានរំលោភ​ទៅលើ​ច្បាប់ ​ស្តីអំពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ ​ដែល​ត្រូវបាន​រដ្ឋសភា​កម្ពុជា​ អនុម័ត​នៅ​ឆ្នាំ​ ២០០៨​ ទៀតផង​។

​មាត្រា ​៤៩ ​នៃ​ច្បាប់​នេះ​ចែងថា ​ «​សារព័ត៌មាន និង​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយដទៃទៀត ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​បោះពុម្ពផ្សាយ ឬ​ផ្សព្វផ្សាយនូវ​ព័ត៌មាន​ ដែល​អាចធ្វើ​ឲ្យ​សាធារណជន​ដឹង​អំពី​អត្តសញ្ញាណ​របស់ជនរ​ង​គ្រោះ (​នោះឡើយ​)​។​»

​ក្នុងនាម​ជា​អ្នក​ប្រកប​អាជីព​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មាន អ្នកសារព័ត៌មាន​ចាំបាច់ត្រូវគោរព​ក្រមសីលធម៌ និង​មាន​សតិសម្បជញ្ញៈ​ក្នុងការ​សម្រេចចិត្ត​ នូវអ្វីដែល​គួរ​ផ្សាយ និង​អ្វីដែល​មិនគួរ​ផ្សាយ ដោយ​ថ្លឹងថ្លែង​នូវ​ផលប៉ះពាល់​ដល់ជនរងគ្រោះ និង​ផលប្រយោជន៍​សាធារណៈ​ផងដែរ​។

សេចក្តីរាយការណ៍​រប​ស់ស៊ី​អិន​អិន មិន​គ្រាន់តែ​ប្រាសចាក​នឹង​ក្រមសីលធម៌វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​​ថែមទាំងអាច​លើកទឹកចិត្ត​ឲ្យ​ម្តាយទីទាល់ក្រ និង​ជំពាក់​បំណុល​គេ​មួយចំនួនទៀត ជ្រើស​រើសយកដំណោះស្រាយ​ ដូច​ម្តាយ​នារី​រងគ្រោះ​ទាំងបី​នាក់ខាងលើ​នោះដែរ ទោះបី​ម្តាយ​របស់​ពួកគេ​សម្តែង​នូវ​វិប្បដិសារី​ពេល​ក្រោយ​ក្តី​។

​សេចក្តីរាយការណ៍​រប​ស់​ស៊ី​អិន​អិន មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូររបស់​ជន​រងគ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សេចក្តីរាយការណ៍​ព័ត៌មាន ​អំពីជនរងគ្រោះ​ផ្លូវភេទ​នៅ​កម្ពុជា ​ចុងក្រោយ​របស់គេ ថែមទាំង​ធ្វើ​ឲ្យ​ខូចខាតដល់​មុខមាត់ និង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ ទៀតផង​។

​នៅ​ចុងបញ្ចប់ យើង​សង្ឃឹមថា ​ទូរទស្សន៍​ស៊ី​អិន​អិន​ នឹង​ពិនិត្យឡើងវិញ​នូវកាតព្វកិច្ច​របស់ខ្លួន ​ក្នុង​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក៏ដូចជាច្បាប់​ដែល​ពាក់ព័ន្ធ​នានា​នៅ​​ប្រទេស​កម្ពុជា និង​ឈប់​ធ្វើសេចក្តីរាយការណ៍​ព័ត៌មាន ដែល​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា​ តទៅទៀត៕

បញ្ជាក់​​ ​៖ ​លោក មឿន ឈានណារិទ្ធ គឺជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាន និងជានាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684