ព័ត៍មានទាន់​ហេតុការណ៏
Search

មុខជំនាញ​ថ្មី ២ ដែល​អ្នក​ប្រលង ”​បាក់​ឌុប​” ជាប់ គួរតែ​ដឹង ព្រោះ​វា​នឹងមាន​ទីផ្សារការងារ​ល្អ

​ភ្នំពេញ ​៖ សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្របតាម​របត់ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ក្នុងពេល​បច្ចុប្បន្ននេះ ត្រូវបាន​គេ​មើលឃើញថា មានមុខ​ជំនាញ​ចំនួន ២ រួមមាន ជំនាញ​ភស្តុភារ និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics) និង​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) នឹងមាន​តម្រូវការ​ខ្លាំង នៅក្នុង​ទីផ្សារ​ការងារ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។

តើ​មូល​ហេតុអ្វី​បានជា​ជំនាញ​ទាំង ២ នឹង​មាន​ទីផ្សារ​នាពេល​អនាគត​? ខណៈពេលដែល ផលទុន​សរុប​ក្នុងស្រុក (GDP) របស់​ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើល​ឃើញ​ថា បាន​កើនឡើង​ពី ២.៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ១៩៩២ រហូតដល់​ប្រហែល ២០ ពាន់​លាន​ដុល្លារ ក្នុង​កំណើត​ប្រមាណ ៧% មកទល់នឹង​ពេល​បច្ចុប្បន្ននេះ ធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច​មួយចំនួន ប្រមើល ​មើល​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា នា​ថ្ងៃ​អនាគត​តទៅទៀត។

កាលពី​ឆ្នាំមុន ធនាគារ​ពិភពលោក បាន​ដំឡើង​ស្ថានភាព​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម កម្រិត​ទាប​។ ប្រសិនបើ​ការ​ព្យាករ​​នេះ មាន​ភាព​សុក្រឹត​មែន​នោះ ប្រទេស​កម្ពុជា អាច​រំពឹងថា​នឹង​ក្លាយទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣២។

យើង​ឃើញ​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ កំពុង​នៅតែ​បន្ត​គ្របដណ្ដប់​សេដ្ឋកិច្ច​ផលិតកម្ម រហូតមកដល់​ពេលនេះ តែ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​គ្រឿងបន្លាស់​យានយន្ត នឹង​ចូល​មក​ដណ្ដើមយក​ចំណែក​ទីផ្សារ​ផលិតកម្ម ក្នុង​ពេល​ខាងមុខនេះ​ជាក់​ជាមិនខាន​។

​ចំណុច​មួយ​ដែល​មនុស្ស​គ្រប់គ្នា នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ាន បានដឹង​នោះ គឺ ការធ្វើសមាហរណកម្ម សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន (Asean Economic Community) កាលពី​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​វិស័យ​ភស្តុភារ (Logistic) នឹងមាន​អាទិភាព​ខ្ពស់​នៅក្នុង​បរិបទ​នេះ ព្រោះ​វា​ជា​អ្នក​ជួយ​សម្រួល ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឆ្លង​ប្រទេស។

លោក Miguel Chanco អ្នកវិភាគ​នៃ​អង្គភាព The Economist Intelligence Unit ប្រចាំ​តំបន់​អាស៊ាន និយាយថា “​បើសិនជា​ប្រទេស​កម្ពុជា ចង់​ផ្ដោត​លើ​ឧស្សាហកម្ម ណាមួយ​ជាក់លាក់​នោះ ខ្ញុំ​គិតថា គេ​គួរ​ចាប់ផ្ដើម​ធ្វើការ​ទាក់ទាញ​វិនិយោគទុន លើ​ឧស្សាហកម្ម ផលិត​គ្រឿង​អេ​ឡិច​ត្រូវ​និ​ច និង​គ្រឿងបន្លាស់​រថយន្ត​ធុន​ស្រាល ដែល​កំពុង​ដក​ប្រតិបត្តិការ របស់ខ្លួន​ចេញពី​ប្រទេស​ចិន ”​។

លោក​បន្ត​ថា “​កម្ពុ​ជាមាន​លក្ខណៈ​គួរ​ឲ្យ​ទាក់ទាញ សម្រាប់​អ្នក​វិនិយោគ​បរទេស ជាង បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​វៀតណាម​”។

ចំណែក​ឯ​លោក​បណ្ឌិត ដេ​ត សុខ​ឧត្ដម សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ បាន​គូសបញ្ជាក់​ថា “​ដើម្បី​ឲ្យ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា អាច​ដើរ​ទៅមុខ​បាន គឺ​ទាមទារ​ឲ្យមាន​ធនធានមនុស្ស​បន្ថែម​ទៀត ដែល​សិក្សា​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស ក៏ដូចជា​ផ្នែក​ភស្ដុភារ និង វិស្វកម្ម​ឧស្សាហកម្ម និង​មុខវិជ្ជា​វិទ្យាសាស្ត្រ​បច្ចេកទេស​ផ្សេងៗ​ទៀត ដែល​នឹង​ពង្រឹងសមត្ថភាព​របស់​និ​យោ​ជិ​ត និង​អ្នកដឹកនាំ​សហគ្រាស​ឧស្សាហកម្ម​ក្នុងស្រុក ដើម្បី​អាច​ស្រូបយក​ការវិនិយោគ ពី​បរទេស​កាន់តែ​ច្រើនឡើង​”។

ដោយ​មើល​ឃើញ​ពី​សក្ដានុពល ដែល​បាន​លើក​ឡើង​ខាងលើនេះ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ ក្នុងប្រទេស​កម្ពុជា បាន​ចាប់យក​ឱកាស​នេះ ធ្វើ​ការ​បើក​ជំនាញ​សិក្សា​ថ្មី​ពីរ ដែល​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ឆ្នាំ​សិក្សា ២០១៧ – ២០១៨ នេះ គឺ ជំនាញ ភស្តុភារ និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics) និង​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering)។

ជំនាញ​ថ្មី​ទាំងពីរ​នេះ ទទួលបាន​ច្បាប់​អនុញ្ញាត​លើ​ការបណ្ដុះបណ្ដាល ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​តំណាង​របស់​ក្រសួង បាន​ចុះមក​ត្រួតពិនិត្យ និង​វិនិច្ឆ័យ​អំពី​គុណភាព​កម្មវិធីសិក្សា សម្ភារ​រូបវន្ត ក៏ដូចជា​គុណវុឌ្ឍិ របស់​សាស្ត្រាចារ្យ របស់​សាកលវិទ្យាល័យ ហ្សា​ម៉ាន់។

សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨ ខាងមុខនេះ សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ នឹង​ផ្ដល់ជូន​មុខជំនាញ​សិក្សា កម្រិត​បរិញ្ញាបត្រ​ទាំងអស់​ចំនួន ១១ រួមមាន​៖ ស្ថាបត្យកម្ម (Architecture) វិស្វកម្ម​សំណង់​ស៊ីវិល (Civil Engineering) វិស្វកម្ម​ស្ថាបត្យកម្ម (Architectural Engineering) គ្រប់គ្រង​សំណង់ (Construction Management) វិស្វកម្ម​ឧស្សាហកម្ម (Industrial Engineering) វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science) គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា (Management of Information Systems) ធនាគារ​និង​ហិរញ្ញវត្ថុ (Banking and Finance) គ្រប់គ្រង​ពាណិជ្ជកម្ម (Business Administration) ភស្តុភារ​និង​ពាណិជ្ជកម្ម​អន្តរជាតិ (International Trade and Logistics) វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ (Political Science and International Relations)​។

ចំពោះ​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨ សម្រាប់​សិស្ស​និស្សិត ដែល​មាន​គោលបំណង​ចង់​សិក្សា​លើ​ជំនាញ​ថ្មី​នេះ និង​ជំនាញ​ផ្សេងៗ​ទៀត សាកល​វិ​ទ្យា​ល័យ​ក៏មាន​ផ្តល់ អាហារូបករណ៍ សិក្សា​ចំនួន​២​ប្រភេទ ដែល​ប្រភេទ​ទី​១ ជាការ​ផ្តល់​អាហារូបករណ៍ ផ្អែកលើ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម្រាប់តែ​សិស្ស​បញ្ចប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​២០១៧​នេះ រីឯ​ប្រភេទ​ទី​២ គឺ​ផ្អែកលើ​ការ​ប្រឡង​យក​អាហារូបករណ៍ ដែល​រៀបចំ​ដោយ​សាក​វិទ្យាល័យ​ផ្ទាល់​។ ចំពោះ​អាហារូបករណ៍​ប្រភេទ​ទី​២​នេះ បេក្ខជន​តម្រូវ​ឲ្យ​ឆ្លងកាត់​ការ​ប្រឡង លើ​វិញ្ញាសា​ផ្សេងៗ​គ្នា​ទៅតាម​ជំនាញ ដែល​បេក្ខជន​ជ្រើសរើស។ ដើម្បី​មាន​សិទ្ធិ​ប្រឡង​យក​អាហារូបករណ៍ បេក្ខជន​ត្រូវ​បំពេញ​សំណុំ​បែបបទ តាមរយៈ​អាសយដ្ឋាន​គេហទំព័រ​៖ https://www.zamanu.edu.kh/scholarship_form។

​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ នឹង​រៀបចំ​ថ្ងៃ​ផ្តល់ព័ត៌មាន​ទូទៅ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ដែល​ជា​កម្មវិធី​សម្រាប់​សាធារណជន សិស្សានុសិស្ស និង​មាតាបិតា អាណាព្យាបាល​ទាំងអស់​មក​ចូលរួម​ដោយ​សេរី ដើម្បី​ទទួលយក​ព័ត៌មាន​លម្អិត អំពី​មុខជំនាញ​ថ្មីៗ​ទាំងពីរ និង​មុខជំនាញ​ផ្សេងៗ​ទៀត ក៏ដូចជា​ព័ត៌មាន​ទូទៅ អំពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ និង​អាហារូបករណ៍​ផងដែរ៕