ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​បវរកញ្ញា​ចក្រវាល ​ជំរុញ​ឲ្យ​ប្រជាជននៅ​ហ្វីលីពីន​ ​ធ្វើតេស្ត​ស្វែងរក​មេរោគ “ហ៊ី​វ”

អតីត​បវរកញ្ញា​ចក្រវាល ​នៃ​ប្រទេស​ហ្វីលីពីន បាន​ដឹកនាំ​ឲ្យ​មានការ​ធ្វើតេស្ត​ស្វែងរក​វីរុស​ហ៊ី​វ ជា​សាធារណៈ​មួយ ​នៅ​ក្រុង​ម៉ានីល កាលពី​ថ្ងៃ​ពុធ គឺ​រយៈពេល​ ១​សប្ដាហ៍ បន្ទាប់ពី​សហប្រជាជាតិ​បាន​និយាយ​ថា ប្រទេស​របស់​នាង​ មានការ​កើតឡើង​នូវ​ចំនួន​មនុស្ស​ ដែល​ឆ្លង​ហ៊ី​វ​នោះ​ យ៉ាង​ឆាប់រហ័ស​នៅ​តំបន់​អា​ស៊ី។​
​ ​
នាង Pia Wurtzbach ឯកអគ្គរដ្ឋទូត​ប្រកបដោយ​សុ​ឆន្ទៈ​នៃ​អង្គការ UNAIDS នៅ​តំបន់​អា​ស៊ី និង​តំបន់​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក បាន​ធ្វើតេស្ត​នេះ​​​ នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន​ ដែលជា​ចំណែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹង​ប្រឹង​របស់​នាង ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ពី​ហ៊ី​វ​។​
​ ​
សហប្រជាជាតិ និង​រដ្ឋាភិបាល​ បាន​និយាយ​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ថា ប្រទេស​ហ្វីលីពីន​បានឃើញ​មានការ​កើន​ឡើង​ដល់​ទៅ ​១៤០​ភាគរយ នៃ​ករណី​ឆ្លង​ថ្មី​ចាប់ពី​ឆ្នាំ​២០១០​ ដល់​ឆ្នាំ​២០១៦ ដែល​នោះ​ជាការ​សបញ្ជាក់​ពី​ការដែល​ធ្លាប់បាន​ឃើញថា​មានការ​ធ្លាក់ចុះ​នៃ​ការឆ្លង​ហ៊ី​វ​ពីមុន​ដល់​ទៅ​១៣​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នានេះ​។​

​ជា​ប្រទេសមួយ ​ដែលមាន​ពលរដ្ឋ​ ដល់​ទៅ​ ១០០​លាន​នាក់​មាន​ដល់​ទៅ ​៨០​ភាគរយ កាន់សាសនា​កាតូលិក ដែល​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ព្រះវិហារ​គ្រិស្ត ដែល​រារាំង​ការប្រើប្រាស់​ការពន្យារ​កំណើត​។ រីឯ​ការធ្វើ​តេស្ត​ស្វែងរក​ហ៊ី​វ​វិញ​ក៏​ត្រូវបាន​ចាត់ទុកថា ជាការ​ហាមប្រាម​ផងដែរ​។​

​នាង Wurtzbach កំពុងតែ​បើក​យុទ្ធនាការ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​អំពី​ហ៊ី​វ​ចាប់ពី​ពេល​ទទួល​ជោគជ័យ​នៅ​ឆ្នាំ​២០១៥ ​ជា​បវរកញ្ញា​កំពូល​សម្រស់​នោះ មក​នាង​នៅតែ​គ្រប់គ្រង​មកុដ​ជា​ដដែល​។​

កាលពី​ថ្ងៃ​ពុធ​ នាង​បានចាប់ផ្តើម​ផ្សព្វផ្សាយ​ដោយ​យុទ្ធនាការ​ផ្តល់ព័ត៌មាន​អំពី​ហ៊ី​វ​ ចំពោះ​ពលរដ្ឋ​វ័យក្មេង​ ដោយ​នាង​បាន​សម្តែង​ពី​ការគាំទ្រ​ ចំពោះ​សេចក្តីស្នើច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាយុ​១៥​ឆ្នាំ ត្រូវតែ​ធ្វើតេស្ត​ស្វែងរក​ហ៊ី​វ ដោយ​មិន​ចាំបាច់​មានការ​ព្រមព្រៀង​ពី​ឪពុក​ម្តាយ​។ នា​បច្ចុប្បន្ន​នេះ​អាយុ​អប្បបរមា​ក្នុង​ការ​ធ្វើតេស្ត​ហ៊ី​វ​-​អេដស៍​គឺ​អាយុ​ ១៨​ឆ្នាំ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684