ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Ousmane Dembele​ ត្រូវ​ព្យួរ​ឈ្មោះ ស្របពេល​ក្លិប Dortmund ច្រានចោល​ការដេញថ្លៃរ​បស់​ក្លិប Barcelona

​ក្លិប Borussia Dortmund បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ពួកគេ​បាន​ច្រានចោល​ការដេញថ្លៃ​មួយ​ពី​ក្លិប Barcelona​ សម្រាប់​កីឡាករ Ousmane Dembele ខណៈដែល​ខ្សែប្រយុទ្ធ​ម្នាក់នេះ ត្រូវបាន​ព្យួរ​ឈ្មោះ​សម្រាប់​ការខកខាន​ហ្វឹកហាត់​។​

ក្លិប Dortmund បាន​និយាយថា ការផ្ទេរ​របស់​កីឡាករ Dembele ទៅកាន់​ទឹកដី Camp Nou​ ជា​កន្លែង​ដែល​គាត់​ត្រូវ​លេង​ជំនួស​តំណែង​របស់​កីឡាករ Neymar ទំនងជា​មិនអាច​កើតឡើង​នោះទេ ក្រោយ​ពេលដែល​ពួកគេ​បាន​ច្រានចោល​ការផ្តល់ជូន​មួយ ​ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​គុណ​តម្លៃ​របស់​ខ្សែបម្រើ​ស្លាប​វ័យក្មេង​ម្នាក់នេះ ក៏ដូចជា​តម្លៃ​ក្នុង​ទីផ្សារ​ផ្ទេរ​កីឡាករ​។​

សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប បាន​និយាយថា ដរាបណា​គ្មាន​ការផ្តល់ជូន​នៅលើ​តុ​​ទេនោះ ការផ្ទេរ​កីឡាករ​ទៅកាន់​ក្លិប Barcelona មិនអាច​កើតឡើង​បានទេ​។​

កីឡាករ Dembele ដែល​ទើប​តែមាន​វ័យ ​២០​ឆ្នាំ​នោះ ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ​ខ្លាំង​នៅ​អឺរ៉ុប ហើយ​គាត់​បាន​ក្លាយជា​កីឡាករ​ចង់បាន​ឲ្យ​លេង​ជំនួស​កីឡាករ Neymar​ដែល​បាន​ផ្ទេរ​ទៅកាន់​ក្លិប​បារាំង Paris Saint-Germain​ ក្នុងតម្លៃ​ជាប់​កំណត់ត្រា​ពិភពលោក​ ២២២​លាន​អឺរ៉ូ កាលពី​សប្តាហ៍​មុន​។​

កាសែត Bild បាន​រាយការណ៍​ថា ក្លិប Dortmund​ ចង់បាន​តម្លៃ ​១៥០​លាន​អឺរ៉ូ សម្រាប់​តារា​លេចធ្លោ​របស់​ពួកគេ​ម្នាក់នេះ គឺជា​តម្លៃ​មួយ​ដែល​ក្លិប Barcelona ​មិន​ចង់​ចំណាយ​នោះទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684