ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា៖ “កម្លាំង​ត្រៀម​រួចរាល់​ហើយ” ដើម្បី​អនុវត្ត​បទបញ្ជា​ “បណ្តេញ​សត្រូវ​ឈ្លានពាន​ទឹកដី”

*សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ស្នើ​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថា នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា កម្លាំង​កងទ័ព​កម្ពុជា បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ក្នុងការ​ការពារ​បូរណភាព​ទឹកដី ជាពិសេស​បណ្តេញ​ពួក​ទាហាន​ឡាវ ដែល​បាន​ចូល​មក​ទឹកដី​កម្ពុជា នៅ​ខេត្តស្ទឹងត្រែង ក្បែរ​ព្រំដែន​ជាមួយ​ឡាវ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ មាន​ប្រសា​ស​ន៍​បែបនេះ  បន្ទាប់ពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ទុក​ពេល​៦​ថ្ងៃ ឲ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា នៅ​ក្នុង​ខេត្តស្ទឹងត្រែង។

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ ថ្លែង​យ៉ាង​នេះ​ថា យើង​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​តបត តែ​យើង​នឹក​ឃើញ​ថា ជា​ប្រទេសជិតខាង យើង​គិត​ថា និយាយ​គ្នា​បាន តែ​គេ​មិន​ចេញ ហើយ​ចំណុច​ហ្នឹង​ជា​របស់​ខ្មែរ​ទេ ដែល​កន្លងមក​កង​កម្លាំង និង​គណៈកម្មការ​ព្រំដែន​របស់​យើង​ទៅ​ដោះស្រាយ ក៏​មិន​ចេញ ដូច្នេះ​យើង​ល្មម​ដល់​ពេល​ដែល​យើង​ត្រូវ​បង្ហាញ​នូវ​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ហើយ​។ តាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ ពួក​ទាហាន​ឡាវ​បាន​ចូល​មក​ទឹកដី​កម្ពុជា​ប្រមាណ​៧០០​ម៉ែត្រ ហើយ​រឿង​នេះ បាន​កើតឡើង​តាំងពី​យូរ​មក​ហើយ តែ​ពួកគេ​នៅតែ​ប្រកាន់​ថា នោះ​ជា​ទឹកដី​របស់​គេ “​តែ​បើ​សម្តេច​មាន​បទបញ្ជា​អីចឹង​ហើយ យើង​ត្រូវតែ​អនុវត្ត​ហើយ កងទ័ព​ធម្មតា​ទេ ថា​យ៉ាងម៉េច​ចឹ​ង​ហើយ យើង​រង់ចាំ​តែ​បទបញ្ជា​ទេ យើង​មិន​មាន​អ្វី​ក្រៅពី​ការពារ​ទឹកដី​នោះ​ទេ​”​។

សូម​បញ្ជាក់​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ថ្នាក់ដឹកនាំ​រាជបណ្ឌិតសភា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ថា សម្តេច​ទុកពេល​៦​ថ្ងៃ ឲ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា នៅ​ក្នុង​ខេត្តស្ទឹងត្រែង ពីព្រោះ​ភាព​អត់ធ្មត់​បាន​ឈានដល់​ទីបញ្ចប់​ហើយ​។ ទន្ទឹម​នឹង​ការប្រកាស​ដាក់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​នេះ សម្តេច​តេ​ជោ ក៏​គ្រោង​នឹង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ ផង​ដែរ​។

ទាក់ទង​បញ្ហា​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា​បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន និង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​ទីក្រុង​វៀង​ចន្ទ ដើម្បី​ជួប​ចរចា​ក្នុង​លក្ខណៈ​ជា​អ្នកជិតខាង ជាមួយ​លោក ថោង លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ អំពី​បញ្ហា​ព្រំដែន រវាង​ប្រទេស​ទាំងពីរ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ដក​កង កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​របស់​ខ្លួន​ចេញពី​តំបន់ ក្បែរ​អូ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​នឹង​ខេត្ត​អា​តា​ពើ ប្រទេស ឡាវ។

តាម​ក្រសួងការបរទេស កន្លងមក ទោះបី​មានការ​ចរចា​ថ្នាក់​បច្ចេកទេស មន្ត្រី​ជាន់ខ្ពស់ រហូតដល់​ការ​ជួបពិភាក្សា​និង​ចរចា រវាង​ថ្នាក់ដឹកនាំ​កំពូល ព្រមទាំង​មាន​កំណត់​ទូត និង​លិខិត​តវ៉ា​ជាច្រើន ពិសេស​លិខិត​ចុងក្រោយ បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃ​ទី២ ខែសីហា ផ្ញើជូន​លោក ថោង លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ថ្មីៗ​នេះ​ក៏ដោយ ក៏​ភាគី​ឡាវ​នៅ​តែ​មាន​មិន​ឆ្លើយតប និង​មិន​ព្រម​ដក​កងកម្លាំងប្រដាប់អាវុធ​របស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា​ឡើយ​។ ដំណើរការ​ទៅ​ជួប​ចរចា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​នេះ​គឺជា​កាយវិការ​ទន់ភ្លន់ ប្រកបដោយ​ការ​អត់ធ្មត់ និង​សុឆន្ទៈ ចង់​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ជាមួយ​ភាគី​ឡាវ មុននឹង​ឈាន​ដល់​ការ​ប្រកាន់​យក​វិធានការ​ផ្សេងទៀត រាប់ទាំង​វិធានការ​យោធា និង​តាម​ផ្លូវ​តុលាការ ក្នុង​ករណី​កិច្ច​ខិតខំ​ចុងក្រោយ​នេះ​របស់​កម្ពុជា នឹង​មិន​ផ្តល់​លទ្ធផល​វិជ្ជមាន​ទេ​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684