ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Roger Federer ផ្តួល​កីឡាករ David Ferrer​ ដើម្បី​ឡើងទៅ​វគ្គ ​១​ ភាគ​ ៤ ​ផ្តាច់ព្រ័ត្រ Rogers Cup ​

​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កីឡាករ​លំដាប់​ថ្នា​ក់លេ​ខ ​៣ ​ពិភពលោក Roger Federer បាន​ចាញ់​សិត​ដំបូង​របស់ខ្លួន​ចាប់តាំងពី​ខែមិថុនា​​​ រហូតមក ប៉ុន្តែ​គាត់​អាច​រស់រាន​ឡើងវិញ​ ដើម្បី​យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ David Ferrer ក្នុង​លទ្ធផល ​4-6 6-4 6-2 អំឡុង​ជំនួប​វគ្គ​ ១៦​នាក់​ចុងក្រោយ​របស់​ពួកគេ​នៅ Rogers Cup ។​
​ ​
កីឡាករ Federer លេង​ធ្លាក់ដៃ​នៅពេល​ចាប់​ផ្តើមដំបូង ធ្វើ​ឲ្យ​គូប្រកួត Ferrer មានឱកាស​វាយបក​យ៉ាង​ចាស់ដៃ​នៅ​ព្រឹ​ត្តិ​ការណ៍ ATP 1000 ដែល​រៀបចំ​នៅក្នុង​ទីក្រុង Montreal របស់​ប្រទេស​កាណាដា​។​

​កីឡាករ Ferrer មានទឹក​ធ្វើស្រែ​មុន​ដោយ​ឈ្នះ​សិត​ដំបូង ក៏ដូចជា​បញ្ចប់​ប្រវត្តិ​ឈ្នះ​ ៣២ ​សិត​ជាប់ៗ​គ្នា​របស់​កីឡាករ Federer គឺជា​កំណត់ត្រា​មួយ​ដែល​លោក​បាន​បង្កើត ចាប់តាំងពី​ចាញ់​កីឡាករ Tommy Haas នៅ​ការប្រកួត Stuttgart Open​ កាលពី​ថ្ងៃទី​១៤ ខែមិថុនា មកម្ល៉េះ​។​
​ ​
ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​សញ្ជាតិ​ស្វី​សម្នាក់​នេះ លេង​បានល្អ​វិញ​នៅ​សិត​បន្ទាប់ និង​សិត​ទី​៣ ជាហេតុ​ធ្វើ​ឲ្យ​លោក​ឆ្លង​ផុត​ដំណាក់កាល​នេះ​ទាំង​ព្រលឹងចុងសក់​។​

​កីឡាករ Federer ដែល​បាន​ឈានដល់​វ័យ ​៣៦​ឆ្នាំ​នៅក្នុង​សប្តាហ៍​នេះ បាន​ឆ្លើយតប​វិញ​ជាមួយនឹង​ការ​វាយ​កូន​បាល់​ទៅ​ត្រូវ​កៅអី​អ្នក​អង្គុយ ជាហេតុ​ធ្វើ​ឲ្យ​មានការ​ស្តីបន្ទោស​ឲ្យ ប៉ុន្តែ​មិនត្រូវ​បាន​គេ​ចាត់ទុកថា​ជាការ​បំពាន​ដោយ​គណៈកម្មការ​នោះឡើយ​។​
​ ​
នៅ​វគ្គ ​១​ ភាគ​ ៤​ ផ្តាច់ព្រ័ត្រ កីឡាករ Federer នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាករ​លំដាប់ថ្នាក់​លេខ​១២​ពិភពលោក​មកពី​អេ​ស្ប៉ា​ញ គឺ​កីឡាករ Roberto Bautista Agut ដែល​បាន​យកឈ្នះ​កីឡាករ​បារាំង Gael Monfils​ក្នុង​លទ្ធផល​ពិន្ទុ​ 4-6 7-6(5) 7-6៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684