ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ស្នើ​ឲ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថ្មី​ធ្វើការ​កែទម្រង់​ស្ថាប័ន​មួយ​នេះ

ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កត្តា​សាមគ្គីភាព​គឺជា​កត្តា​ដ៏​សំខាន់បំផុត​ដែល​នាំ​ឲ្យ​ស្ថាប័ន​មួយ​ទទួលបាន​ជោគជ័យ​។ ជាមួយគ្នា​នេះ​សម្តេច​បានស្នើ​ឲ្យ​រាជបណ្ឌិតសភា​កម្ពុជា​ត្រូវ​ពង្រឹង​សាមគ្គីភាព និង ធ្វើការ​កែទម្រង់​ស្ថាប័ន​មួយ​នេះ​កុំ​ឲ្យ​មាន​ភាព​រយីករយាក​តទៅទៀត។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​បែបនេះ​ នៅ​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ការប្រកាស​គោរមងារ​បណ្ឌិតសភា​ចា​រ្យ និង​សមាសភាព​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​រាជបណ្ឌិត​កម្ពុជា​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៧​។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា កត្តា​សាមគ្គីភាព​គឺជា​កត្តា​ជោគជ័យ ស្ថាប័ន​មួយ​បើ​គ្មាន​សាមគ្គីភាព​ទេ​នោះ មិន​អាច​ធ្វើ​ការងារ​ជាមួយគ្នា​បាន​ល្អ​នោះ​ទេ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹកថា ការ​ពេល​សម្តេច​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ដំបូង​អាយុ ២៧​ឆ្នាំ គឺ​សម្តេច​បាន​រៀន​សូត្រ​យ៉ាងច្រើន​ពី​អ្នក​នៅ​ក្បែរ​ខ្លួន​សម្តេច​។

សម្តេច​បន្ត​ថា ​ភាព​ក្រអឺតក្រទម​មិន​អាច​ក្លាយទៅជា​មេដឹកនាំ​បានទេ កាន់តែ​ធំ​គឺ​កាន់តែ​ដាក់ខ្លួន ចំណុច​នេះ​ត្រូវ​ចងចាំ​ភាព​ក្រអឺតក្រ​ទម​ពើងទ្រូង និង នាំទៅ​ដល់​ភាព​ឯកោ ហើយ​នៅ​ពេល​ដែល​ចុះ​នរក​គឺ​ចុះ​តែ​ម្នាក់​ឯង​ទេ គ្មាន​អ្នកណា​ទៅ​ចុះ​ជាមួយ​ទេ ព្រោះ​យើង​មិនបាន​រួមសុខ​រួម​ទុក្ខ​ជាមួយ​អ្នកណា​ទេ​។ ភាព​ក្រ​អឺត​ក្រ​ទម​ ឬ​ តាំង​ខ្លួន​ថា ​មានតែ​ខ្លួនឯង​ចេះ​ជាងគេ វា​និង​បង្កើត​ឲ្យ​មាន​ស្វ័យ​ឯកោ សម្រាប់​ខ្លួនឯង។

សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​រាជបណ្ឌិតសភា​កម្ពុជា​ធ្វើការ​កំណែទម្រង់​ឲ្យ​បាន​ទៅលើ​ចំណុច​មួយចំនួន ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​មាន​ភាព​រឹងមាំ និង មានតម្លៃ ព្រោះ​បើ​មិន​មាន​ការកែទម្រង់​ទេ​និង​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះរ​យី​រយាគ មិន​សក្តិ​សមជា​ស្ថាប័ន​កំពូល​នោះ​ទេ។ ពិសេស​គឺត្រូវធ្វើ​ការងារ​ឲ្យ​មាន​សាមគ្គី ភាព ធ្វើការ​ដោយ​ឯកភាពគ្នា។

សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា ដើម្បី​ប្រើប្រាស់​កម្លាំង​បញ្ញវន្ត​បាន​វា​ទាមទារ​ឲ្យ​អ្នកមាន​ជំនាញ​មួយ​ពិតប្រាកដ​ក្នុង​ការ​គ្រប់គ្រង​បញ្ញវន្ត អ្នកមាន​ជំនាញ​អាច​ប្រមូល​បញ្ញវន្ត​ឲ្យ​អង្គុយ​ជាមួយគ្នា​បាន​។ តែ​អ្នក​គ្មាន​ជំនាញ​វិញ​មិន​អាច​គ្រប់គ្រង​បញ្ញវន្ត​បានទេ។

ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំផ្ញើ​ទៅកាន់​រាជបណ្ឌិតសភា​ថា​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ មោទនភាព​ជាតិ​របស់​យើង​ត្រូវ​ប្រកាន់​ឲ្យ​ជាប់ ពាក្យ​ស្មើភាព​ស្មើ​សិទិ្ធ ជា​ពាក្យ​ដែល​សម្តេច​បាន​បង្កើត​ឡើង គឺ​មាន​ន័យ​ណាស់ មិនមែន​បាន​សេចក្តីថា​ប្រទេស​គេ​មាន ប្រទេស​គេ​ធំ ខួរក្បាល​គេ​សុទ្ធតែ​ល្អ សុទ្ធតែ​ពូកែ​ជាង​យើង​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​ក្តី​សង្ឃឹម​ទៅលើ​យុវជន​ដែលជា​កម្លាំង​ដឹកនាំ​រាជបណ្ឌិត​សភា​នេះ និង បន្ត​ការងារ​របស់​ខ្លួន​និង​ធ្វើការ​កែទម្រង់​ឲ្យ​បាន​ល្អ។ ធ្វើការ​កែទម្រង់​បាន​ល្អ​គឺ​ត្រូវ​តែមាន​ការបែងចែក​មុខ​ងារ​ឲ្យ​បាន​ច្បាស់លាស់ ប្រសិន​ត្រូវធ្វើ​ការកែ​ព្រះរាជក្រឹត្យ ឬ អនុក្រឹត្យ ក៏ត្រូវ​កែ​ដើម្បី​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ដំណើរការ​ទៅបាន​ល្អ។

​លោក​បណ្ឌិត សុខ ទូច ដែល​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​តែងតាំង​ជា ប្រធាន រាជបណ្ឌិត្យសភា​កម្ពុជា ជំនួស​លោកជំទាវ​បណ្ឌិតសភា​ចា​រ្យ ខ្លូត ធីតា​។ ថ្លែង​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​ទទួល​បាន​នូវ​គោរមងារ​ជា បណ្ឌិតសភា​ចា​រ្យ​ក្នុង​នោះ​មាន ១-​លោក អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​, និង​ត្រូវ​បានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​បណ្ឌិតសភា​ចារ្យ​, ២-​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​និង​ត្រូវ​បានតែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​បណ្ឌិតសភា​ចា​រ្យ​,៣-​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ទីស្ដីការគណរដ្ឋមន្ត្រី និង ៤-​លោក ច័ន្ទ សំណព្វ និង​ត្រូវបានតែងតាំង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា។

លោក សុខ ទូច ក៏បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ខិតខំ​ថែរក្សា​នូវ​សមិទ្ធផល​របស់​រាជបណ្ឌិត​សភា​ដែល​បន្សល់ទុក​ពី លោក​បណ្ឌិត ស៊ន សំណាង និង លោកស្រី ខ្លូត ធីតា និង ខិតខំ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​មួយ​នេះ​ ឲ្យ​ក្លាយ​ជា​ស្ថាប័ន​ខួរក្បាល​មួយ​របស់​ជាតិ។

លោក​បាន​បន្ត​ថា ​ការងារ​ចំពោះ​មុខ​លោក​ និង​ជំរុញ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​កសិកម្ម និង បរិដ្ឋាន ,​ទី​២.​ជំរុញ​ការសិក្សា​អំពី​សេដ្ឋកិច្ច សង្គម និង ទី​៣​គឺ​.​កិច្ចការ​ព្រំដែន។

គួរ​បញ្ជាក់​ថា ​រាជបណ្ឌិត្យសភា​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៦៥ តាម​ព្រះរាជក្រម លេខ ២៦១ ប​.​រ និង​ព្រះរាជក្រឹត្យ លេខ ៤៩៩ ប​.​រ​. ចុះ ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​១៩៦៥ ប៉ុន្ដែ​មិនទាន់​មាន​ដំណើរការ​នៅឡើយ​ទេ​ដោយសារ​សង្គ្រាមស៊ីវិល​ចាប់ពី ឆ្នាំ​១៩៧០ ក៏បាន​កាត់ផ្ដាច់​ការ​ខិតខំ​ទាំង នោះ​ទៅ​។ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​១៩៩៩ រាជបណ្ឌិត្យសភា​បាន​បង្កើត​ឡើងវិញ​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត /០៥៩៩/៩៧ គឺ នៅ​ដើម​អាណ​ត្ដិ​ទី​២​នៃ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិត​សភាចា​រ្យ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ដ្រី និង​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី។

រាជបណ្ឌិត្យសភាកម្ពុជា​ជា​ស្ថាប័ន​ស្រាវជ្រាវ​និង​បណ្ដុះបណ្ដាល​ជាន់ខ្ពស់​ដ៏​ធំ​មួយ​របស់​ជាតិ ដែល​ត្រូវបាន​បង្កើត​ឡើងវិញ​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា ចាក​ផុតពី​សង្គ្រាមស៊ីវិល និង​ទទួល​បាន​នូវ​សន្ដិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២៩៩/២២០​ ដែល​ឡាយព្រះហស្ដលេខា​ដោយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​១៩៩៩ ស្ថាប័ន​នេះ​មាន​ឈ្មោះថា “​រាជបណ្ឌិត្យសភាកម្ពុជា​” ចាប់ពីពេលនោះ​មក​។ ក្រោយមក​ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​កែសម្រួល​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៣០៥/១១១ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០០៥ ដើម្បី​សមស្រប​ទៅនឹង​សំណូមពរ​ការងារ​បច្ចុប្បន្ន​និង​ការ​រីកចម្រើន​របស់​ស្ថាប័ន​។ បច្ចុប្បន្ន​រាជបណ្ឌិត្យសភាកម្ពុជា​មាន​វិទ្យាស្ថាន​ចំនួន​០៦​ជា​ស្ថាប័ន​ស្រាវជ្រាវ ដែល​ក្នុងនោះ​រួមមាន (១)​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​៥​ផ្នែក (២)​វិទ្យាស្ថាន​មនុស្សសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សង្គម មាន​៨​ផ្នែក (៣)​វិទ្យាស្ថាន​ជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និង​កសិកម្ម មាន​៤​ផ្នែក (៤)​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា មាន ៥​ផ្នែក (៥)​វិទ្យាស្ថាន​ភាសាជាតិ មាន​៤​ផ្នែក និង (៦)​វិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិ​មាន ៦​ផ្នែក​រួមមាន ៣២ (​នាយកដ្ឋាន​) ផ្នែក​នីមួយៗ​មាន ២​មុខជំនាញ ព្រមទាំង​មាន​មជ្ឈមណ្ឌល​ចំនួន​ប្រាំ​គឺ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​(​កូរ៉េ​),​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​កម្ពុជា​(​ឥណ្ឌា​) ,​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រធានបទ វិទ្យាស្ថាន ខុង​ជឺ​(​ចិន​) និង​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា ដែល​ទាំងអស់​សុទ្ធតែ​បាននឹងកំពុង​បំពេញភារកិច្ច​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទៅតាម​ជំនាញ​របស់ខ្លួន​។

ទន្ទឹម​នឹង​នោះ រាជ បណ្ឌិត្យសភា​កម្ពុជា មាន​បណ្ណាល័យ​អេឡិចត្រូនិក​មួយ ដែលមាន​ឈ្មោះ​បណ្ណាល័យ​អេឡិចត្រូនិក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិត សភាចា​រ្យ ហ៊ុន សែន និង លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១១ ក្រោម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិតសភា​ចា​រ្យ ហ៊ុន សែន​។ បច្ចុប្បន្ន​បណ្ណាល័យ អេឡិចត្រូនិក​នេះ មាន​ឯកសារ ជា​ភាសាជាតិ​មាន ចំនួន​៣០០​ក្បាល ភាសាបរទេស ចំនួន​៤​លាន​ក្បាល ៧០% ជា​ភាសា​ចិន និង​មាន​ឯកសារ​សិក្សា​ក្រាស់ៗ​ចំនួន ១៧២.៥០០​ក្បាល ដែល ក្នុងនោះ​ឯកសារ​មួយចំនួន ១៥០.០០០ ក្បាល​ជា​ភាសា ចិន។

សូម​បញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៩ ខែកក្កដា សម្តេច​ប្រមុខរដ្ឋស្តីទី សាយ ឈុំ បាន​ចុះហត្ថលេខា តែងតាំង​លោក សុខ ទូច ជា​ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ជំនួស​លោកស្រី ខ្លូត ធីតា ដោយមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី រីឯ​លោកស្រី ខ្លូត ធីតា ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ក្នុងនាម​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684