ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់​ខ្ពស់​ថា ស្ថានភាព​នៅ​ព្រំដែន​ កម្ពុជា​-​ឡាវ ធូរស្រាល​វិញ​ហើយ បន្ទាប់ពី​ការចរចា​របស់​សម្តេច​តេ​ជោ

​ភ្នំពេញ ​៖ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​មុននេះ​បន្តិច​ថា ស្ថានភាព​នៅ​ព្រំដែន​ កម្ពុជា​-​ឡាវ ចាប់ផ្តើម​ធូរស្រាល​វិញ​ហើយ ឡាវ​អាច​នឹង​ចល័ត​ទ័ព​ចេញពី​កន្លែង​ឈរជើង​ខុស​ច្បាប់ ​លើទឹក​ដី​កម្ពុជា ចំណែក​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏​ដំណើរការ​ជា​ប្រក្រតី​ផងដែរ​។​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជា​ក់​បែបនេះ បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​មេទ័ព​របស់​កម្ពុជា​ពី​ប្រទេស​ឡាវ​មក​ថា ការចរចា​ទទួលបាន​ជោគជ័យ​ហើយ បន្ទាប់ពី​ឡាវ បាន​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​ស្រុក​សៀង​ប៉ាង ខេត្តស្ទឹងត្រែង ជា​តំបន់​ដែល​កងទ័ព​ឡាវ​ បាន​ចូល​ឈ្លានពាន​នៅ​ទីនោះ​។​

សូមបញ្ជាក់ថា ការ​ពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ចរចា​ជាមួយ​នាយករដ្ឋមន្ដ្រី​ឡាវ លោក ថោង លន់ ស៊ី​សូលី​ត ដើម្បី​ឲ្យ​ឡាវ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ហើយ​គោលបំណង​ដែល​សម្តេច​ទៅកាន់​ប្រទេស​ឡាវ​នេះ មានតែ​មួយ​ទេ គឺ​ចរចា​ឲ្យ​ដក​កងទ័ព​ចេញ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684