ព័ត៍មានទាន់​ហេតុការណ៏
Search

បឹងកេត ធ្លាក់​មែន តែ​កីឡាករ ឃួន បូរ៉ា​វី កំពុង​ឈរលើ​គេ​ក្នុង​បញ្ជី Top Scorers ពានរង្វាន់ Singapore Cup 2017

​កីឡាករ​កម្ពុជា ឃួន ឡា​បូ​រ៉ាវី សមាជិក​ក្នុង​ក្លិប​បឹងកេត កំពុងតែ​ឈរលើ​គេ​ក្នុង​បញ្ជី​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ (Top Scorers) ក្នុង​ពានរង្វាន់ RHB Singapore Cup 2017 នៅ​ប្រទេស​សិង្ហ​បុរី ទោះបីជា​ក្រុម​របស់​កម្ពុជា មួយ​នេះ​ធ្លាក់​ចេញ​ត្រឹម​វគ្គ ៨ ​ក្រុម​ចុងក្រោយ​ក៏ដោយ បន្ទាប់ពី​រក​គ្រាប់​បាល់​បាន​រហូតដល់ ​៥​គ្រាប់​ក្នុងចំណោម​ ៣​ប្រកួត​។

​សរុប​គ្រាប់​បាល់​ត្រឹម​ពេលនេះ​ក្រុម​ដែល​ចូលរួម​ទាំងអស់​បាន​ទាត់​ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​ ៣៩​គ្រាប់ ក្រៅពី​កីឡាករ ឃួន ឡា​បូ​រ៉ាវី រក​បាល់​បាន​ច្រើនជាងគេ គឺមាន​កីឡាករ Darryl Roberts ​និង​កីឡាករ Paolo Salenga របស់ Global Cuba FC រកបាន​ម្នាក់​ ៣ ​គ្រាប់ ខណៈ​កីឡាករ George Kelechi និង Kipson របស់​ណាហ្គា​វើ​ល កីឡាករ Hazzuqan Halim សមាជិក​ក្នុង​ក្លិប Balrstier Khalsa កីឡាករ Kento Nagasaki និង​កីឡាករ Fumiya Kogure របស់​ក្រុម Abirex Niigata Singapore​ រកបាន​ម្នាក់​ ២​គ្រាប់​។ ក្រៅពីនោះ​សុទ្ធតែ​រកបាន​ម្នាក់​ ១​គ្រាប់​ប៉ុណ្ណោះ​។

​ពេលនេះ​ពានរង្វាន់ Singapore Cup 2017 កំពុង​ប្រកួត​ក្នុង​វគ្គ​ ៨​ក្រុម​ចុងក្រោយ ដោយ​ក្នុង​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម Global Cebu FC របស់​ហ្វីលីពីន (​តែ​បឹងកេត ចាញ់ Global Cuba FC ៤​ ទល់ ​៣) ហើយ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម ​Hougang United របស់​ម្ចាស់ផ្ទះ​សិង្ហ​បុរី ខណៈ​ក្រុម Tampines Rovers FC ជួប​ក្រុម Albirex Niigata FC (S) ហើយ​ប្រ៊ុយណេ Brunei DPMMFC ប៉ះ​ក្រុម Home United​។ ក្រុម​ឈ្នះ​វគ្គ​នេះ​មានឈ្មោះ​ឡើង​បន្ត​ទៅលេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​នៅ​ឆ្នាំ​២០១៧ នេះ​ពានរង្វាន់ Singapore មាន​ក្រុម​ចំនួន​ ១៣ ​ចូលរួម​ដោយ​ក្នុងនោះ​មាន​សមាជិក​មកពី​លី​គ​កំពូល​សិង្ហ​បុរី (S-League) ចំនួន​ ៩ ​ក្រុម​ និង ​២​ក្រុម​គឺ​បឹងកេត និង​ណាហ្គា​វើ​ល ទៅ​ពី​កម្ពុជា ហើយ Ceres Negros និង Global Cebu ទៅ​ពី​ហ្វីលីពីន​។ នេះ​ជា​ពានរង្វាន់​ផ្លូវការ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​តែងតែ​អញ្ជើញ​ក្រុម​ទៅ​ពី​ក្រៅប្រទេស​ទៅ​ចូលរួម​ប្រកួតប្រជែង ខណៈ​ពានរង្វាន់​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ​។ កម្ពុជា ធ្លាប់បាន​បញ្ជូន​ក្រុម​ភ្នំពេញ​ក្រោ​ន ទៅ​ចូលរួម​ប្រកួត​ដោយ​កាល​គិតពី​ឆ្នាំ​២០០៧ ដល់​២០១២ ខណៈ​ឆ្នាំ​២០១៣ ក្រុម​បឹងកេត​អង្គរ ទៅ​ប្រកួត​ម្ដង ហើយ​ឆ្នាំ​២០១៤ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល ចេញទៅ​បង្ហាញខ្លួន​ម្ដងវិញ ហើយ​ឆ្នាំ​២០១៥ វេន​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឆ្នាំ​២០១៦ កន្លងទៅ​គឺ​ក្រុម​ណាហ្គា​វើ​ល ចេញទៅ​ម្ដង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684