ព័ត៍មានទាន់​ហេតុការណ៏
Search

Singapore Cup ៖ គ្រូបង្វឹក​បឹងកេត និង​ណាហ្គា​វើ​ល សរសើរ​កូនក្រុម​ដូចគ្នា ទោះ​ធ្លាក់​ចេញ​ និង​ចាញ់​ក៏ដោយ​ ​

ក្រុមបាល់ទាត់​បឹងកេត របស់​កម្ពុជា បាន​ធ្លាក់​ចេញពី​ពានរង្វាន់ Singapore Cup 2017 នៅ​ប្រទេស​សិង្ហ​បុរី ក្រោយ​ប្រកួត​ចាញ់​ក្រុម Global Cuba FC របស់​ហ្វីលីពីន នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែសីហា ឆ្នាំ​២០១៧ ថ្មីៗ​នេះ ខណៈ​ក្រុម​មួយទៀត​របស់​កម្ពុជា គឺ​ណាហ្គា​វើ​ល បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Hougang United ក្នុង​ជើង​ទី​១​។​

​ក្រោយ​ចប់​ការប្រកួត​លោក ហៅ សុជាតិ គ្រូបង្វឹក​របស់​ក្រុម​បឹងកេត បាន​លើកឡើងថា ​៖«​ប្រកួត​ទី​២​នេះ​យើង​លេង​បានល្អ​ណាស់ បើ​ធៀប​នឹង​ជើង​ទី​១ ប៉ុន្តែ​កំហុស​របស់​យើង​គឺ​បណ្តោយឱ្យ​របូត​គ្រាប់​បាល់​ក្នុង​ដើមតង់​ពេក​។ យើង​អាច​ថា​ជា​ថ្ងៃ​ស៊យ​របស់​យើង​ក៏បាន ព្រោះ​យើង​បាន​ព្យាយាម​ហើយ តែ​មិនអាច​រក​គ្រាប់​បាល់​ទី​៣​បាន​»​។ សរុប​លទ្ធផល​ទាំង​២​ជើង​បឹងកេត ចាញ់ Global Cuba FC ដោយ​លទ្ធផល ៤​ ទល់​ ៣​។ គូ​នេះ​ក្រុម Global Cuba FC ឡើងទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​។​

​ចំណែក​លោក មាស ចាន់ណា គ្រូបង្វឹក​របស់​ក្រុម​ណាហ្គា​វើ​ល វិញ​បានលើកឡើង​ផងដែរ​ថា ​៖«​យើង​ចាញ់​ជើង​ទី​១​នេះ​មែន តែ​ខ្ញុំ​រីករាយ​នឹង​កូនក្រុម​ដែល​បង្ហាញ​ទម្រង់​លេង​បានល្អ ដូច​ទៅនឹង​អ្វីដែល​ខ្ញុំ​បានរៀបចំ​។ យើង​ព្យាយាម​គ្រប់គ្រង​បាល់ និង​ទំ​លុះ​ទី​គូប្រកួត​តែ​ទទួល​សំណាង​មិនល្អ​ច្រើន រហូត​បរាជ័យ​។ គូប្រកួត​យើង​គេ​លេង​បាល់​លើ​បានល្អ ទោះជា​យើង​ធ្វើ​បានល្អ តែ​គេ​ធ្វើ​បានល្អ​ជាងគេ​។ ខ្ញុំ​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ក្នុង​ជើង​ទី​២​ជា​បន្តទៀត​»​។

ក្នុង​ជើង​ទី​១​នេះ​ក្រុម​ណាហ្គា​វើ​ល របស់​កម្ពុជា បាន​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ Hougang United ដោយ​លទ្ធផល ៤​ ទល់​ ១ លើ​ទីលាន​កីឡដ្ឋាន Hougang Stadium​។ ៤​គ្រាប់​របស់​ក្រុម Hougang United រកបាន​ដោយ​កីឡាករ ​Fumiya Kogure ២​គ្រាប់ កីឡាករ Roblo Rodriguez និង​កីឡាករ Fairoz Hasan បា​នរក​គ្រាប់​បាល់​ម្នាក់​ ១​គ្រាប់​។ ចំណែក​១​គ្រាប់​របស់​ណាហ្គា​វើ​ល​រកបាន ​ដោយ​កីឡាករ Kipson​។ គូ​នេះ​នឹង​ប្រកួត​ជើង​ទី​២​ ដើម្បី​កាត់សេចក្តី​ថ្ងៃ​ច័ន្ទ ទី​១៤​ ខែសីហា ឆ្នាំ​២០១៧ ខាងមុខ​លើ​ទីលាន​កីឡដ្ឋាន ​Jalan Besar Stadium វិញ​ម្តង​។​

​នៅ​ឆ្នាំ​២០១៧ នេះ​ពានរង្វាន់ Singapore Cup មាន​ក្រុម​ចំនួន ​១៣​ ចូលរួម​ដោយ​ក្នុងនោះ​មាន​សមាជិក​មកពី​លី​គ​កំពូល​សិង្ហ​បុរី (S-League) ចំនួន​ ៩​ក្រុម ​និង​២​ក្រុម​គឺ​បឹងកេត និង​ណាហ្គា​វើ​ល ទៅ​ពី​កម្ពុជា ហើយ Ceres Negros និង Global Cebu ទៅ​ពី​ហ្វីលីពីន​។ នេះ​ជា​ពានរង្វាន់​ផ្លូវការ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ដែល​តែងតែ​អញ្ជើញ​ក្រុម​ទៅ​ពី​ក្រៅប្រទេស​ទៅ​ចូលរួម​ប្រកួតប្រជែង ខណៈ​ពានរង្វាន់​នេះ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ​។ ចំពោះ​កម្មវិធី​ប្រកួត​វិញ​កំពុងដំណើរការ​វគ្គ​ ៨​ក្រុម​ចុងក្រោយ​ដោយ​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម Global Cebu FC របស់​ហ្វីលីពីន ( Global Cebu FC ឡើងទៅ​វគ្គ​បន្ត​) ហើយ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​ Hougang United របស់​ម្ចាស់ផ្ទះ​សិង្ហ​បុរី ខណៈ​ក្រុម Tampines Rovers FC ជួប​ក្រុម Albirex Niigata FC (S) ហើយ​ប្រ៊ុយណេ Brunei DPMMFC ប៉ះ​ក្រុម Home United៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684