ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ី​ហ្គេម​ ៖ គ្រូ U22 កម្ពុជា ប្រាប់​កូនក្រុម​ឱ្យ​ឈ្នះ​ គ្រប់ការ​ប្រកួត​ ដោយ​មិន​គិតថា​ក្រុម​ណា​ខ្លាំង ​ឬ​ខ្សោយ​នោះទេ​

​លោក Leonardo Vitorino គ្រូបង្វឹក​ក្រុមបាល់ទាត់​យុវជន​ក្រោម​អាយុ​ ២២​ឆ្នាំ​របស់​កម្ពុជា (U22) បាន​បង្ហើប​ថា​  លោក​តែងតែ​ប្រាប់​ដល់​កូនក្រុម​ថា ត្រូវតែ​ខំប្រឹង​ឱ្យបាន​ឈ្នះ​គ្រប់​ការប្រកួត ដោយ​មិន​គិតថា​ក្រុម​ណា​ខ្លាំង ឬ​ក្រុម​ណា​ខ្សោយ​នោះទេ ដើម្បី​បាន​កៅអី​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ ដែល​នឹង​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំនេះ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ចេញទៅ​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម កាលពីពេល​ថ្មីៗ​លោក Leonardo Vitorino បាន​លើកឡើងថា ​៖«​ពួកយើង​បានធ្វើ​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​កន្លងមក ប៉ុន្ដែ​នៅក្នុង​ស៊ី​ហ្គេម នេះ​គឺ​គ្រប់​ក្រុម​ទាំងអស់​មានការ​រៀបចំ​បានល្អ​ជាង​មុន​ច្រើនណាស់​។ ដូច្នេះហើយ​យើង​ត្រូវតែ​ធ្វើការ​ខ្លាំង​បន្ថែមទៀត ក្នុង​ពានរង្វាន់​នេះ​វា​ខុសប្លែក​ពី​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ U-23 ដូច​កាល​យើង​លេង​ជាមួយ​ហ្វីលីពីន អីចឹង​ពួកគេ​មានការ​រីកចម្រើន​ច្រើន ហើយ​ពួកគេ​នឹង​បង្កើន​សមត្ថភាព​បន្ថែមទៀត​ផងដែរ​»​។​

​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល រូបនេះ​បន្តថា ​«​សម្រាប់​ទស្សនៈ​របស់ខ្ញុំ​វិញ ខ្ញុំ​គិតថា​គ្រប់​ក្រុម​ទាំងអស់​ដែល​លេង​នៅក្នុង​ពានរង្វាន់​ស៊ី​ហ្គេម នេះ​សុទ្ធតែជា​ក្រុម​ខ្លាំង និង​ជា​ឧបសគ្គ​របស់​កម្ពុជា​ផងដែរ​។ បើសិន​យើង​ចង់​ដណ្ដើម​មេដាយមាស នោះ​ពួកយើង​ត្រូវការ​ឈ្នះ​គ្រប់​ប្រកួត​ទាំងអស់ មិនមែន​ឈ្នះ​ត្រឹម ​២​ ទៅ​ ៣​ ប្រកួត​នោះទេ ហើយ​យើង​មិនអាច​គិតថា​ក្រុម​នេះ​ខ្លាំង ក្រុម​នោះ​ខ្សោយ​នោះទេ យើង​ដឹង​ហើយ​ថា​ នៅក្នុង​ពូ​ល​របស់​យើង​មាន​ក្រុម​ចំនួន ៣​ ដែល​ធ្លាប់​លេង​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្ដែ​បើសិន​យើង​ចង់​ក្លាយជា​ជើងឯក​នៃ​ពានរង្វាន់​នេះ យើង​ត្រូវការ​ពិន្ទុ​គ្រប់ការ​ប្រកួត​ទាំងអស់​។ ខ្ញុំ​បាន​ប្រាប់​ដល់​កូនក្រុម​របស់ខ្ញុំ​ទាំងអស់​ថា យើង​ត្រូវតែ​ប្រកួត​ ដើម្បី​យក​ពិន្ទុ​គ្រប់ការ​ប្រកួត​ទាំងអស់ ហើយ​មិនត្រូវ​គិតថា ក្រុម​ណា​ខ្លាំង ឬ​ក្រុម​ណា​ខ្សោយ​នោះទេ​»​។​

​ពេលនេះ​ក្រុម U22 កម្ពុជា បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែសីហា ម្សិលមិញ​នេះ​ ដោយ​កីឡាករ​ចំនួន ​២០​នាក់​ក្នុងនោះ​មាន ប្រាក់ ធី​វ៉ា (​ភ្នំពេញ​ក្រោ​ន​) ឆុំ ភី​ហ្សា (​ភ្នំពេញ​ក្រោ​ន​) ជួន ចាន់​ចាវ (​ភ្នំពេញ​ក្រោ​ន​) កែវ សុ​សិលា (​ភ្នំពេញ​ក្រោ​ន​)​ សឿត បារាំង (​ភ្នំពេញ​ក្រោ​ន​) ស៊ីន កក្កដា (​ភ្នំពេញ​ក្រោ​ន​) អ៊ិន សូ​ដា​វីត (​ភ្នំពេញ​ក្រោ​ន​) ពៅ ប៉ុន​វុ​ឌ្ឍី (​ភ្នំពេញ​ក្រោ​ន​) ហួយ ផល្លី​ន (​ព្រះខ័ន​រាជ​ស្វាយរៀង​)​ នេន សុធា​រ័ត្ន (​ព្រះខ័ន​រាជ​ស្វាយរៀង​) នុប តុលា (​ព្រះខ័ន​រាជ​ស្វាយរៀង​) សំអឿន ពិដោរ ​(​ព្រះខ័ន​រាជ​ស្វាយរៀង​) សឿ​យ វិសាល (​ព្រះខ័ន​រាជ​ស្វាយរៀង​) សុក សំណាង (​ព្រះខ័ន​រាជ​ស្វាយរៀង​) គ​ន្ធា រ៉ា​វ៉ាន់ (​ព្រះខ័ន​រាជ​ស្វាយរៀង​) ឆេង ម៉េង (​ណាហ្គា​វើ​ល​) ច្រឹង ពលរដ្ឋ (​ក្រសួងការពារជាតិ​) , នួន បូរី (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​) ស៊ុន វណ្ណ​ដេ​ត (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​) អ៊ុំ សេរី​រ័ត្ន (​ក្រសួងការពារជាតិ​)។ ចំណែក​ថ្នាក់ដឹកនាំ​ក្រុម​មានដូចជា លោក ម៉ៃ តុលា ជា​អ្នកដឹកនាំ​ក្រុម លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម លោក Leornado Vitorino ជា​គ្រូបង្វឹក លោក Luis Fernando គ្រូ​ជំនួយ លោក Willander Foaseca គ្រូ​ជំនួយ​។​

​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នេះ បាន​បែងចែក​ពូ​ល​មុន​ការប្រកួត​រួចរាល់​ហើយដោយ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា ដែលជា​ម្ចាស់​ជើងឯក​រង​ឆ្នាំ​ចាស់ សិង្ហ​បុរី​, ឡាវ និង​ព្រុយ​ណេ ហើយ​ពូ​ល B មាន​ថៃ ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​, វៀតណាម​, ឥណ្ឌូណេស៊ី​,​ កម្ពុជា​, ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន​។ ប្រទេស​ទាំង​១១​សុទ្ធតែ​បញ្ជូន​ក្រុមយុវជន​ក្រោម​អាយុ​ ២២​ឆ្នាំ (U22) ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​នេះ​ដូចគ្នា​។ សម្រាប់​រូបមន្ត​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​គឺ​ក្រុម​ទាំង​២​ពូ​ល​ត្រូវ​ប្រកួត​ប៉ះគ្នា ដើម្បី​ស្វែងរក​ក្រុម​ដែល​ខ្លាំងជាងគេ​ប្រចាំ​ពូ​ល​នីមួយៗ ចំនួន​ ២​ ក្រុម​ឡើងទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ឬ​ផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ​រៀងៗ​ខ្លួន​។​

​សម្រាប់​កាលវិភាគ​ប្រកួត​វិញ​ក្រុម U22​កម្ពុជា នឹងត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន Selayang Stadium ហើយ​នៅ​ថ្ងៃទី​១៧ ​ខែសីហា ឆ្នាំ​២០១៧ កម្ពុជា បន្ត​ជួប​ក្រុម​វៀតណាម នៅ​កីឡដ្ឋាន Shah Alam Stadium ខណៈ​នៅ​ថ្ងៃទី​២០ ខែសីហា កម្ពុជា ត្រូវ​ជួប​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ថៃ លើ​ទីលាន​កីឡដ្ឋាន Selayang Stadium ហើយ​នៅ​ថ្ងៃទី​២២ ខែកក្កដា កម្ពុជា ត្រូវ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត លើ​ទីលាន​កីឡដ្ឋាន UM Arena Stadium និង​នៅ​ថ្ងៃទី​២៤ ​ខែកក្កដា កម្ពុជា ត្រូវ​ប្រកួត​បិទ​ពូ​ល​ជា​មួយក្រុម​ឥណ្ឌូណេស៊ី កីឡដ្ឋាន Shah Alam Stadium​វិញ​ម្ដង​៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684