ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្នំពេញ​ក្រោ​ន បញ្ជូន​ក្រុមយុវជន​មួយទៀត​ ទៅ​ប្រកួត​ពានរង្វាន់ Gothia Cup 2017 នៅ​ប្រទេស​ចិន ​

ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) បាន​បញ្ជូន​ក្រុមយុវជន​ក្រោម​អាយុ​ ១២​ឆ្នាំ (U-12) ទៅ​ចូល​រូ​ម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​អន្តរជាតិ​មួយ​ឈ្មោះថា Gothia Cup 2017 នៅ​ប្រទេស​ចិន ខណៈ​ក្រុម​មួយទៀត​ ដែល​បញ្ជូន​តាមរយៈ​ក្រសួង​ការអប់រំ​យុវជន ​និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទើបតែ​ត្រឡប់មកវិញ​ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល ក្នុង​ពានរង្វាន់​អាស៊ាន​-​ចិន​។

​ការប្រកួត​របស់​ក្រុម U12 លើក​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​⁣១២ ដល់ ១៩-សីហា ធ្វើឡើង​នៅ​ខេត្ត Shenyang ប្រទេស​ចិន​។ ក្រុម​U-12 ភ្នំពេញ​ក្រោ​ន ស្ថិតនៅ​ពូ​ល​ទី​៧ ដោយមាន​ក្រុម​ចិន​៣ Hebei Biography Hb Lt, Linyi Star Rui Football Club Xingrui FC និង ​Fushun Yuan Ming Xu Sheng Football Club YMXS ដោយ​រាល់​ការប្រកួត​ធ្វើឡើង​នៅ​ទីលាន Gothic Park Gothia Park​។​

​សម្រាប់​កម្មវិធី​ប្រកួត​របស់ U-12 ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែសីហា ត្រូវ​ប្រកួត​ជាមួយ Fushun Yuan Ming Xu Sheng Football Club YMXS ម៉ោង​ ១០​ព្រឹក ហើយ​នៅ​ថ្ងៃ​អង្គារ​ ទី១៥ ខែសីហា ភ្នំពេញ​ក្រោ​ន ប្រកួត​ជាមួយ Linyi Star Rui Football Club Xingrui FC ម៉ោង ​១១​ព្រឹក និង​នៅ​ថ្ងៃ​ពុធ ទី ១៦ ខែសីហា ​ឆ្នាំ​២០១៧ ភ្នំពេញ​ក្រោ​ន ប្រកួត​ជាមួយ Hebei Biography Hb Lt ម៉ោង​ ១០​ព្រឹក​។

​ក្រុម U12 ​ភ្នំពេញ ដឹកនាំ​ដោយ​អ្នកគ្រូ ឈឿន នី​ផា ដែល​ធ្លាប់មាន​ជួយ​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​មួយ​ឈ្មោះថា Singapore Soccer Sixes Competition លើក​ទី ៩ នៅ​ប្រទេស​សិង្ហ​បុរី កាលពីពេល​ថ្មីៗ​។ អ្នកគ្រូ​រូបនេះ​ក៏​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត​នារី AFC Women’s Tutors Course នៅ​ប្រទេស​ចិន​ផងដែរ​។

​មុន​ចេញដំណើរ​អ្នកគ្រូ ឈឿន នី​ផា បាន​លើកឡើងថា​ ៖ «​ខ្ញុំ​សង្ឃឹមថា​កូនក្រុម​ខ្ញុំ​នឹងធ្វើ​បានល្អ ព្រោះនេះ​ជា​ពង្រឹង​បទពិសោធន៍​នៅក្រៅ​ប្រទេស ដល់​ពួកគេ​។ យើង​បារម្ភ​រឿង​បញ្ហា​ម្ហូបអាហារ​នៅ​ទីនោះ ព្រោះ​ពួកគេ​មិនទាន់​សាំ​បានល្អ​។ ម្យ៉ាងទៀត​បញ្ហា​កាយសម្បទា​ក៏​ជា​រឿង​មួយ​ចម្បង​ដែរ ដោយសារ​ក្មេង​មកពី​ប្រទេស​មួយចំនួន​អាច​ថា​ធំ​ជា​កីឡាករ​របស់​យើង​។ តែ​យើង​នឹង​ខំប្រឹង​ដើម្បី​ស្វែងរក​លទ្ធផលល្អជូនក្រុម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684