ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា បណ្ដាលឱ្យរេ​ចង្កូត​ទៅ​បុក​អ្នកដើរម្នាក់ទៀត រង​របួសធ្ងន់ ​៥​នាក់​

​ពោធិ៍សាត់​ ៖ ម៉ូតូហុងដារឌ្រីម សេ​១២៥ ចំនួន​ពីរ​គ្រឿង​ បាន​បើក​ល្បឿន​លឿនច្រាសទិស​គ្នា រហូតបាត់​ម្ចាស់ការ​គេច​មិន​ផុត ក៏ប៉ះ​ដៃចង្កូត​គ្នាដួល​ត្រឡប់ត្រឡិន​ទាំងសងខាង បណ្ដាលឱ្យ​របួសធ្ងន់​ប្រុស​ស្រី​ចំនួន ​៥​នាក់ ​ខណៈ​ម៉ូតូ​មួយ​គ្រឿងបានបន្ត​ទៅបុក​មនុស្ស​ម្នាក់​ទៀត ដែលកំពុងដើមិនប្រកាន់ស្ដាំ។​

​ឧប្បត្តិហេតុ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង ​៣០​នាទី​រសៀល​ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ លើផ្លូវ​កៅស៊ូមួយ​ខ្សែ​ប្រប​មាត់​ស្ទឹង​ពោធិ៍សាត់ ​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​តា​ស្ដី ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។​

​តាម​ការបំភ្លឺពី​បុរស​ម្នាក់​ ឈ្មោះ ​សឿន ​ដែលបានឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែកបាននិយាយ​ថា​ មុនពេល​កើត​ឧប្បត្តិហេតុ​នេះ​ ដំបូង​មាន​ម៉ូតូ​សេ​១២៥​ ពណ៌ខ្មៅ មួយគ្រឿង ពាក់​ស្លាកលេខ ​ភ្នំពេញ​ 1AL.07-57 បើកបរ​ដោយឈ្មោះ ហួន ណាំ ភេទប្រុស​ អាយុ​៤៩​ឆ្នាំ​ នៅ​ភូមិ/​ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង បា​ន​ចរាចរ​ពី​ត្បូង​ទៅជើងក្នុង​ល្បឿន​លឿន។ ស្របពេល​ជាមួយគ្នា​នោះ​ ខណៈមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មានឈ្មោះ ចេ​វ សិត អាយុ​៣១​ឆ្នាំ ភេទ​ប្រុស​ រស់នៅ​ភូមិស្វាយ​យាង ឃុំ​ និង​ស្រុក​កណ្ដៀង ​បាន​ជិះ​ម៉ូតូមួយ​គ្រឿង​ សេ​១២៥ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ពោធិ៍សាត់ ​1G.37-15 ដោយ​មានប្រុសៗ​អង្គុយ​ពីខាងក្រោយ​ ២​នាក់ បាន​បើកបរ​ល្បឿន​លឿន ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា ហើយ​ផ្លូវ​ទីនោះរាង​តូច​ផងនោះ​ ទំនងជា​ភាគី​សងខាង​បាត់​ម្ចាស់ការ ក៏បាន​រេ​ចង្កូត​ម៉ូតូចូលគ្នា បណ្ដាល​ឲ្យ​ភាគី​សងខាង​ដួល​ត្រឡប់ត្រឡិន ហើយ​​​ភាគីម៉ូតូដែលមានដឹកគ្នាពីខាងក្រោយ បានជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​កំពុង​ដើរ​ បណ្ដាល​ឲ្យមានមនុស្ស​របួស​ធ្ងន់ សរុប​ទាំងអស់​ចំនួន​ ៥​នាក់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​តាមរថយន្ត​សាមុយរបស់មន្ទីរ​ពេទ្យ​ខេត្តពោធិ៍សាត់​។

លោក សោម ពិ​សិទ្ធិ មេ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្វាយ​លួង ដែល​ជួយ​អន្តរាគមន៍សង្គ្រោះ​ជនរងគ្រោះ​បាន​ប្រាប់ថា​ ចំពោះម៉ូតូ​ទាំងសងខាង​ខូចខាតមួយចំនួន ត្រូវបាន​ខាង​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដៀង វាស់វែង​ហើយ​ដឹកយកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ស្រុក ​រង់ចាំ​ដោះស្រាយតាម​ផ្លូវច្បាប់​ពេល​ក្រោយ ដោយ​លោក​បញ្ជាក់​ថា ករណីនេះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ចំនួន ៤​នាក់ និងមាន​ស្ត្រី​ម្នាក់របួស់ធ្ងន់ ហើយមូលហេតុដែលនាំឱ្យមាន​គ្រោះថ្នាក់​នេះ ​គឺបណ្ដាលមកពីការប្រើប្រាស់​ល្បឿនលឿនជ្រុល៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684