ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់ខ្លួន​យុវជន​ ៤នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន

​ភ្នំពេញ ​៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ ៤​នាក់ជា​បន្តបន្ទាប់ ជាប់​ពាក់ព័ន្ធ​ពីបទ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ កាលពី​វេលា​ម៉ោង​១៩ ​និង​ ៣០នាទី​យប់ ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​លោកអនុសេនីយ៍ឯក ញាណ នន នាយ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃ្មួញ បានឱ្យដឹងថា ការឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង ​៤​នាក់​នេះ ជំហាន​ដំបូង​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា មាន​ក្រុម​ក្មេង​ទំនើង​មួយក្រុម មានគ្នាចំនួន​ ៣​នាក់​ បាននាំគ្នាអុកឡុក​ក្នុងភូមិ។ ភ្លាមនោះ ​លោក​បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះទៅ​ឃាត់ខ្លួន​ពួកគេ​បាន ​៣​នាក់​ យកមក​ធ្វើកា​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ ​និង​ធ្វើតេស្ត​ទឹកនោម ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​ ៣​នាក់​។​

​លោក​បន្តថា បន្ទាប់ពី​ធ្វើការ​សាកសួរ ​ជនសង្ស័យ​ទាំង ​៣​នាក់​រួចមក ​តាមចម្លើយសារភាព​របស់​ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ បាន​ឆ្លើយសារភាពថា ​ខ្លួន​ធ្លាប់បាន​ទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ រស់ សម្បត្តិ អាយុ​៣៣​ឆ្នាំ យកមក​ជក់ ​ទើប​ព្រឹក​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០១៧ លោក​បាន​សុំ​គោល​ការណ៍​ពី​លោក​ព្រះរាជអាជ្ញា​ ដើម្បី​ទៅ​ឆែក​ផ្ទះ​ជន​ឈ្មោះ រស់ រស្មី ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិសែន​សុខ​៣ សង្កាត់​ឃ្មួញ បាន​រកឃើញ​ថ្នាំញៀន​ ១​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន​។​

​ក្រុមជន​សង្ស័យ​ទាំង​ ៤​នាក់​ ខាងលើនេះ ទី​១.​ឈ្មោះ លី សុខ​ទាវ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​ស្នាក់នៅ​ផ្ទះជួល​ ភូមិ​សែន​សុខ​៦​, ​ទី​២.​ឈ្មោះ លី សុខតា​យ អាយុ​២៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ឃ្មួញ​, ទី​៣.​ឈ្មោះ ចាន់ រស្មី អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ ​ស្នាក់នៅ​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ , ទី​៤.​ឈ្មោះ រស់ សម្បត្តិ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ គ្មាន​មុខរបរ​ ស្នាក់នៅ​ភូមិ​សែន​សុខ​៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ (​ចោទ​ពីបទ​ជួញដូរ​)​។​

បច្ចុប្បន្ន ​ប៉ូលិស​បាន​កំពុង​ឃុំខ្លួន​ជនសង្ស័យ​ទាំង​ ៤​នាក់ រួមទាំង​វត្ថុ​តាង នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ប​ញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684